ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ត្រូវឲ្យគេបានបរិសុទ្ធដល់ព្រះនៃខ្លួន ហើយមិនត្រូវបង្អាប់ដល់ព្រះនាមព្រះនៃខ្លួនឡើយ ដ្បិតគេថ្វាយតង្វាយដុត គឺជាព្រះស្ងោយនៃព្រះយេហូវ៉ា ជាព្រះរបស់គេ ហេតុនោះបានជាគេត្រូវតែបានបរិសុទ្ធ។ លេវីវិន័យ ២១:៦
អំណានប្រចាំថ្ងៃ លោកម៉ូសេខ្វះការអត់ធ្មត់
«រួចម៉ូសេនិងអើរ៉ុនក៏ប្រមូលពួកជំនុំមក នៅមុខថ្មដាដោយពាក្យថា ចូរស្តាប់ចុះពួកបះបោរអើយ តើត្រូវឱ្យយើងធ្វើឱ្យទឹកចេញពីថ្មដានេះស្រមាប់អ្នករាល់គ្នាឬអី រួចម៉ូសេក៏លើកដៃទ្បើងវាយថ្មនោះ ដោយដំបងអស់ ២ ដង នោះក៏មានទឹកហូរចេញមកជាបរិបូរ ឯពួកជំនុំនិងហ្វូងសត្វគេក៏នាំគ្នាផឹកទៅ។ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលមកកាន់ម៉ូសេនិងអើរ៉ុនថា ពីព្រោះឯងមិនបានជឿអញ ដើម្បីនឹងលើកអញជាបរិសុទ្ធ ចំពោះភ្នែកនៃពួកកូនចៅអ៊ីស្រាអែល ដូច្នេះ បានជាឯងនឹងនាំពួកជំនុំនេះចូលទៅស្រុកដែលអញឱ្យដល់គេពុំបានឡើយ»។
នៅត្រង់នេះលោកម៉ូសេបានប្រព្រឹត្តអំពើបាប។ គាត់នឿយណាយនឹងការត្អូញត្អែររបស់ពួកបណ្តាជនទាស់នឹងគាត់ម្តងហើយម្តងទៀតជាបន្តបន្ទាប់ គាត់មិនបានយកដំបង ហើយនិយាយបង្គាប់ទៅថ្មឱ្យចេញទឹក តាមការត្រាស់បង្គាប់របស់្រពះទេ តែគាត់បែរជាយកដំបងទៅវាយថ្មដល់ទៅពីរដង រួចមកនិយាយថា «តើត្រូវឱ្យយើងធ្វើឱ្យទឹកចេញពីថ្មដានេះសម្រាប់អ្នករាល់គ្នាឬអី» ទៅវិញ។ នៅត្រង់នេះគាត់បាននិយាយដោយគ្មានការណែនាំពីព្រះឡើយ គឺគាត់និយាយជាពាក្យដែលចេញពីបបូរមាត់របស់គាត់ផ្ទាល់ទៅវិញ។ គាត់មិនបាននិយាយថា ឥឡូវនេះ ព្រះទ្រង់នឹងបង្ហាញភស្តុតាង មួយទៀតដល់អ្នករាល់គ្នាអំពីអំណាចរបស់ទ្រង់ ដោយនាំទឹកមកឱ្យអ្នកទាំងអស់គ្នាចេញពីថ្មដានេះ។ គាត់មិនបានអាងលើអំណាចនិងសិរីល្អរបស់ព្រះ ដើម្បីធ្វើឱ្យទឹកហូរចេញពីថ្មដាដ៏រឹងនេះម្តងទៀតទេ ហើយក៏មិនបានសរសើរតម្កើងដល់ព្រះ នៅចំពោះមុខបណ្តាជនដែរ។ ដោយសារលោកម៉ូសេបានបរាជ័យនៅត្រង់ផ្នែកមួយនេះ ព្រះមិនអនុញ្ញាតឱ្យគាត់ដឹកនាំពួកបណ្តាជនចូលទៅក្នុងទឹកដីដែលទ្រង់បានសន្យានោះទ្បើយ។
ការចាំបាច់នេះបញ្ជាក់ឱ្យឃើញច្បាស់នូវអំណាចរបស់ព្រះ ក្នុងការធ្វើឱ្យឱកាសនោះ ទៅជាពេលវេលាមួយដ៏ពិសិដ្ឋបំផុត ដែលលោកម៉ូសេនិងលោកអើរ៉ុនត្រូវតែធ្វើឱ្យបានល្អប្រសើរ ដើម្បីឱ្យពួកបណ្តាជនចាប់អារម្មណ៍។ ប៉ុន្តែ លោកម៉ូសេមានចិត្តជ្រួលច្រាល ហើយខ្វះការអត់ធ្មត់ ព្រមទាំងខឹងជាមួយនឹងពួកបណ្តាជន ដោយសារតែការរអ៊ូរទាំរបស់ពួកគេ គាត់បាននិយាយថា «ចូរស្តាប់ ចុះពួកបះបោរអើយ តើត្រូវឱ្យយើងធ្វើឱ្យទឹកចេញពីថ្មដានេះសម្រាប់អ្នករាល់គ្នាឬអី?» ដោយការនិយាយដូច្នេះ គាត់បានទទួលស្គាល់យ៉ាងច្បាស់ចំពោះសាសន៍អ៊ីស្រាអែលដ៏រអ៊ូរទាំនេះថា ពួកចោទប្រកាន់គាត់ អំពីការដឹកនាំពួកគេចេញពីប្រទេសអេស៊ីព្ទមកនោះជាការត្រឹមត្រូវ។ ព្រះបាន អត់ឱនទោសដល់ពួកបណ្តាជនដែលមានកំហុសដោយការរំលងច្បាប់ធំជាងកំហុសរបស់លោកម៉ូសេ ប៉ុន្តែ ទ្រង់មិនអាចចាត់ទុកថាអំពើបាបរបស់អ្នកដឹកនាំ ស្មើនឹងកំហុសរបស់អ្នកដែលគេដឹកនាំនោះទេ។ ព្រះអង្គពុំអាចអត់ទោសដល់អំពើបាបរបស់លោកម៉ូសេ ហើយអនុញ្ញាតឱ្យគាត់ចូលទៅក្នុងទឹកដីសន្យាបានទេ។
នៅត្រង់នេះ ព្រះអម្ចាស់បានប្រទានភស្តុតាងយ៉ាងច្បាស់ដល់រាស្ត្ររបស់ទ្រង់ថា អ្នកដែលបានធ្វើការដឹកនាំដ៏អស្ចារ្យឲ្យពួកគេចេញពីភាពជាទាសករនៃសាសន៍អេស៊ីព្ទនោះមិនមែនជាលោកម៉ូសេនោះទេ គឺជាទេវតាដ៏មានអំណាចទេ ដែលបាននាំមុខពួកគេ នៅក្នុងគ្រប់ទាំងដំណើររបស់គេ ដោយទ្រង់មានបន្ទូលថា «មើលអញចាត់ទេវតាមួយឱ្យនាំមុខឯង ដើម្បីនឹងជួយទំនុកបំរុងឯងតាមផ្លូវ ហើយនិងនាំទៅដល់ទីកន្លែងដែលអញបានរៀបចំទុកឱ្យចូរប្រយ័ត្ននឹងស្តាប់បង្គាប់តាមទ្រង់ កុំបណ្តាលឲ្យទ្រង់ខ្ញាល់ទ្បើយ ដ្បិតទ្រង់មិនអត់ទោសការរំលងរបស់ឯងរាល់គ្នាទេ ពីព្រោះឈ្មោះ អញនៅក្នុងទ្រង់» និក្ខមនំ ២៣:២០, ២១។
អំណានព្រះគម្ពីរពេលល្ងាច៖ ធីម៉ូថេទី១ ៣:១-១៣
ខចងចាំ៖ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ យូ៉ហានទី១ ១:៩