ថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ក៏មិនគួរឲ្យបាវបំរើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង។ ធីម៉ូថេទី២ ២:២៤
អំណានប្រចាំថ្ងៃ ការពិន័យដ៏ធ្ងន់ធ្ងរ
លោកម៉ូសេបានយកសិរីល្អរបស់ព្រះមកធ្វើជារបស់ផងខ្លួន ហើយបានធ្វើឱ្យសាសន៍ អ៊ីស្រាអែលដែលបះបោរនេះមើលមិនឃើញថា មិនមែនជាលោកម៉ូសេទេ ដែលបានដឹកនាំពួកគេចេញពីប្រទេសអេស៊ីព្ទនោះ ប៉ុន្តែគឺជាព្រះទ្រង់ដឹកនាំដោយផ្ទាល់វិញ។ ព្រះអម្ចាស់បានប្រទានបន្ទុកដល់លោកម៉ូសេឱ្យដឹកនាំរាស្ត្ររបស់ទ្រង់នៅពេលដែលទេវតាដ៏មានអំណាចបានយាងពីមុខនិងតម្រែតម្រង់នៅគ្រប់ទាំងការធ្វើដំណើររបស់ពួកគេ។ ដោយសារតែពួកគេឆាប់ភ្លេចថាព្រះបានដឹកនាំពួកគេដោយសារទេវតារបស់ទ្រង់ ហើយព្រះអង្គបញ្ជាក់ប្រាប់ដល់មនុស្សឱ្យដឹងថា មានតែអំណាចរបស់ព្រះមួយគត់ ដែលអាចធ្វើការនោះ។ ព្រះអង្គបានប្រទានភស្តុតាងដល់ពួកគេ ព្រមទាំងបានសាកល្បងជំនឿរបស់ពួកគេ ដើម្បីឱ្យដឹងថាតើពួកគេនឹងស្តាប់បង្គាប់ទ្រង់ឬយ៉ាងណា។ ពួកគេបានបរាជ័យនៅគ្រប់ទាំងការសាកល្បង។ ជំនួសឱ្យការជឿនិងទទួលស្គាល់ព្រះ ជាអ្នកដែលបាននាំផ្លូវគេ ដោយភស្តុតាងនៃអំណាចរបស់ទ្រង់ជាច្រើន និងនិមិត្តរូបដែលជាសញ្ញានៃការយកព្រះទ័យទុកដាក់ និងសេចក្តីស្រឡាញ់របស់ទ្រង់ ពួកគេបែរជាមិនទុកចិត្តទ្រង់ ហើយរៀបរាប់ពីការចាកចេញពីប្រទេសអេស៊ីព្ទ ដាក់លោកម៉ូសេ ដោយចោទប្រកាន់គាត់ថា ជាដើមហេតុនៃទុក្ខលំបាករបស់ពួកគេទៅវិញ។ លោកម៉ូសេបានទ្រាំទ្រនឹងការរឹងរូសរបស់ពួកគេ ដោយការអត់ទ្រាំជាទីបំផុត។ មានពេលមួយ ពួកគេបានគំរាមគប់គាត់នឹងដុំថ្ម។
ព្រះយេហូវ៉ាទ្រង់ចង់ដកយករឿងនេះចេញពីគំនិតរបស់បណ្តាជនជារៀងរហូត ទើបទ្រង់មិនអនុញ្ញាតឱ្យលោកម៉ូសេចូលទៅក្នុងទឹកដីសន្យាឡើយ។ ព្រះទ្រង់បានលើកតម្កើងលោកម៉ូសេយ៉ាងខ្ពស់។ ព្រះអង្គបានបង្ហាញនូវសិរីល្អដ៏អស្ចារ្យរបស់ទ្រង់ដល់គាត់។ ទ្រង់បានយកគាត់ចូលទៅកៀកនឹងទ្រង់នៅកន្លែងដ៏ពិសិដ្ឋ នៅលើភ្នំ ហើយទ្រង់បានបន្ទាបព្រះកាយមកមានព្រះបន្ទូលជាមួយនឹងគាត់ ដូចជាមនុស្សនិយាយទៅកាន់មិត្តភក្តិ។ ព្រះអង្គបានទាក់ទងជាមួយនឹងលោកម៉ូសេ ហើយតាមរយៈគាត់ ព្រះអង្គបានប្រាស្រ័យទាក់ទងជាមួយពួកបណ្តាជន អំពីបំណងព្រះហឫទ័យរបស់ទ្រង់ លក្ខន្តិកៈហើយនិងច្បាប់របស់ទ្រង់។ ការដែលព្រះបានលើកតម្កើងនិងប្រទានកិត្តិយសឱ្យយ៉ាងដូច្នេះ បានធ្វើឱ្យគាត់ប្រព្រឹត្តខុសយ៉ាងធ្ងន់។ លោកម៉ូសេបានកែប្រែចិត្ត ពីអំពើបាបរបស់គាត់ ហើយបានបន្ទាបខ្លួនយ៉ាងទាប នៅចំពោះទ្រង់។ គាត់បានប្រាប់ដល់បណ្តាជនអ៊ីស្រាអែលពីការសោកស្តាយចំពោះអំពើបាបរបស់គាត់។ គាត់មិនអាចលុបបំបាត់លទ្ធផលនៃអំពើបាបរបស់គាត់ចោលបានទេ ប៉ុន្តែ គាត់បានប្រាប់ពួកគេថា ដោយសារតែការបរាជ័យ មិនបានសរសើរតម្កើងសិរីល្អរបស់ព្រះដូច្នេះ គាត់មិនអាចដឹកនាំពួកគេចូលទៅកាន់ទឹកដីសន្យាបានទេ។ ដោយសារតែពេលម្តងនេះ លោកម៉ូសេបានបណ្តោយឱ្យអារម្មណ៍គ្រប់គ្រងលើចិត្តរបស់គាត់ ដោយចាត់ទុកថា គាត់បាននាំយកទឹកចេញពីថ្មដាមកឱ្យពួកគេ នៅពេលដែលគាត់ត្រូវតែលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់ នៅចំពោះរាស្ត្ររបស់ទ្រង់នោះ។ ឥឡូវនេះ ទ្រង់បានផ្សះផ្សាបញ្ហានេះជាមួយនឹងរាស្ត្ររបស់ទ្រង់ ថាលោកម៉ូសេគ្រាន់តែជាមនុស្សដែលដើរតាមការដឹកនាំ និងការតម្រង់ផ្លូវពីអ្នកដែលមានអំណាចខ្លាំងជាងគាត់ ដែលជាព្រះរាជបុត្រារបស់ព្រះ តែប៉ុណ្ណោះ។ នៅក្នុងចំណុចនេះ ទ្រង់បានបញ្ជាក់ប្រាប់គេយ៉ាងច្បាស់ឥតសង្ស័យ។ នៅកន្លែងណាដែលទ្រង់បានប្រទានជាច្រើន ទ្រង់ក៏ទាមទារមកវិញជាច្រើនដែរ។ លោកម៉ូសេត្រូវបានជាទីគាប់ព្រះហឫទ័យយ៉ាងខ្លាំងពីព្រះជាម្ចាស់។ ពន្លឺនិងសិរីល្អរបស់ទ្រង់ត្រូវបានប្រទានឱ្យគាត់ជាច្រើនអនេក។ សិរីល្អរបស់ព្រះ ដែលបានចាំងទៅលើមុខរបស់គាត់ បានជះបន្តទៅលើពួកបណ្តាជន។ មនុស្សទាំងអស់នឹងត្រូវបានជំនុំជម្រះ ទៅតាមឯកសិទ្ធិ ដែលពួកគេបានទទួល និងទៅតាមពន្លឺនិងអត្ថប្រយោជន៍ដែលព្រះបានប្រទានឱ្យ។
អំពើបាបរបស់មនុស្សល្អដែលមើលទៅគួរយកតម្រាប់តាម ជាអំពើដែលព្រះមិនសព្វព្រះហឫទ័យសោះឡើយ។ អំពើបាបទាំងនោះបានធ្វើឱ្យសាតាំងមានជោគជ័យ ហើយបាននិយាយឡកឡឺយទៅទេវតារបស់ព្រះ ជាមួយនឹងការធ្លាក់ចុះនៃឧបករណ៍ដែលព្រះបានជ្រើសតាំង និងផ្តល់ឱកាសទុច្ចរិតឱ្យគេលើកតម្កើងខ្លួនឯងទាស់នឹងព្រះ។ ព្រះអម្ចាស់បានដឹកនាំម៉ូសេដោយផ្ទាល់ ព្រះអង្គ នៅក្នុងលក្ខណៈយ៉ាងពិសេស ហើយទ្រង់បានលេចមកឱ្យគាត់បានឃើញនូវសិរីល្អរបស់ទ្រង់ ដែលគ្មាននរណាម្នាក់ផ្សេងទៀត នៅលើដែនដីធ្លាប់បានឃើញយ៉ាងដូច្នោះឡើយ។ គាត់មិនមានការអត់ធ្មត់ពីកំណើតមកទេ ប៉ុន្តែ គាត់បានប្រកាន់ខ្ជាប់នូវព្រះគុណរបស់ព្រះហើយអង្វរករដោយបន្ទាបខ្លួន សុំប្រាជ្ញាពីស្ថានសួគ៌ ដើម្បីឱ្យព្រះប្រទានកម្លាំងឱ្យគាត់ និងឱ្យមានជ័យជំនះលើ ភាពខ្វះការអត់ធ្មត់របស់គាត់ ប្រយោជន៍ឱ្យព្រះបានហៅគាត់ថាជាមនុស្សដ៏ស្លូតបូតបំផុត នៅលើផែនដី។
លោកអើរ៉ុនបានស្លាប់នៅលើកំពូលភ្នំហោរ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលថា មិនត្រូវ ឱ្យគេចូលទៅក្នុងស្រុកជាទឹកដីសន្យាទេ ពីព្រោះពួកគេបានធ្វើបាប នៅពេលដែលធ្វើឱ្យទឹកចេញពីថ្ម នៅត្រង់មេរីបា។ ម៉ូសេនិងកូនប្រុសៗរបស់អើរ៉ុនបានបញ្ចុះសព្វគាត់នៅលើភ្នំ ដែលមិនបានល្បួងដល់ពួកបណ្តាជនឱ្យធ្វើពិធីបុណ្យសពរបស់គាត់យ៉ាងអធិកអធម និងឱ្យមានកំហុសដោយថ្វាយបង្គំរូបព្រះនោះឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក២៥
ខចងចាំ៖ ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់។ អេភេសូរ ៦:១០