ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់។ អេភេសូរ ៦:១០
អំណានប្រចាំថ្ងៃ ការបង្ហាត់បង្រៀនដល់សាសន៍អ៊ីស្រាអែលចុងក្រោយបង្អស់
លោកម៉ូសេបានប្រាប់ពួកគេថា ដោយសារតែការបះបោររបស់ពួកគេ ធ្វើឱ្យព្រះមានបំណងចង់ប្រហារពួកគេជាច្រើនដង ប៉ុន្តែ គាត់បានសុំអង្វរជំនួសគេ ដោយស្មោះអស់ពីចិត្តធ្វើឱ្យព្រះដែលពោរពេញដោយព្រះគុណបានទុកជីវិតឱ្យពួកគេ។ គាត់ក៏បានរំឭកដល់ពួកគេនូវគ្រប់ទាំងការអស្ចារ្យដែលព្រះបានធ្វើទៅលើស្តេចផារ៉ោន និងលើទឹកដីស្រុកអេស៊ីព្ទដែរ។ គាត់បានមានប្រសាសន៍ទៅកាន់ពួកគេថា «ដ្បិតភ្នែកឯងរាល់គ្នាបានឃើញការដ៏ធំ ដែលព្រះយេហូវ៉ាបានធ្វើទាំងអស់ហើយ ដូច្នេះត្រូវឱ្យឯងរាល់គ្នាកាន់តាមបញ្ញត្តិដែលអញបង្គាប់មកឯងនៅថ្ងៃនេះគ្រប់ជំពូក ប្រយោជន៍ឱ្យឯងរាល់គ្នាបានខ្លាំងពូកែអាចចូលទៅចាប់យកស្រុកដែលឯងនឹងឆ្លងទៅយកនោះបាន» ចោទិយកថា ១១:៧-៨។
លោកម៉ូសេបានព្រមានជាពិសេសដល់កូនចៅអ៊ីស្រាអែល ប្រឆាំងទាស់នឹងការលួងលោមឱ្យថ្វាយបង្គំរូបព្រះ។ គាត់បានទូន្មានដល់ពួកគេដោយស្មោះអស់ពីចិត្តឱ្យគោរពតាមក្រឹត្យវិន័យដប់ប្រការរបស់ព្រះ។ ប្រសិនបើពួកគេបង្ហាញនូវការស្តាប់បង្គាប់ និងសេចក្តីស្រឡាញ់ចំពោះព្រះ ហើយបំរើទ្រង់ដោយសេចក្តីស្រឡាញ់ឥតបែងចែក ទ្រង់នឹងប្រទានភ្លៀងដល់ពួកគេតាមរដូវកាល ហើយនិងធ្វើឱ្យដំណាំរបស់ពួកគេលូតលាស់បានល្អ ព្រមទាំងធ្វើឱ្យគោក្របីរបស់ពួកគេបានចម្រើនទ្បើង។ ពួកគេអាចនឹងមានអំណរជាមួយនឹងកិត្តិយសជាពិសេសនិងខ្ពង់ខ្ពស់ ព្រមទាំងមានជ័យជំនះលើខ្មាំងសត្រូវរបស់ពួកគេទៀតផង។
លោកម៉ូសេបានបង្ហាត់បង្រៀនដល់កូនចៅអ៊ីស្រាអែល ដោយឥរិយាស្មោះត្រង់គួរឱ្យចាប់អារម្មណ៍។ គាត់បានដឹងច្បាស់ថានេះគឺជាឱកាសចុងក្រោយបង្អស់របស់គាត់ ក្នុងការថ្លែងទៅកាន់ពួកគេ។ បន្ទាប់មក គាត់បានបញ្ចប់ការកត់ត្រាទុកក្នុងសៀវភៅនូវគ្រប់ទាំងបញ្ញត្តិនិងច្បាប់ទាំងឡាយ ដែលព្រះបានប្រទានដល់គាត់ ព្រមទាំងបញ្ញត្តិផ្សេងៗទៀត ទាក់ទងនឹងការថ្វាយតង្វាយ យញ្ញបូជាផង។ គាត់បានប្រគល់សៀវភៅនោះទៅក្នុងដៃរបស់មនុស្សដែលមានតួនាទីយ៉ាងពិសិដ្ឋ ហើយបានសុំឱ្យគេដាក់សៀវភៅនេះ នៅក្នុងហឹបសញ្ញា ដើម្បីឱ្យមានសុវត្ថិភាព ព្រោះព្រះនឹងថែរក្សា ហឹបនោះជារៀងរហូត។ សៀវភៅរបស់លោកម៉ូសេនេះ ត្រូវបានគេរក្សាទុកសម្រាប់ឱ្យពួកចៅហ្វាយ នៃសាសន៍អ៊ីស្រាអែលបានប្រើប្រាស់នៅក្នុងករណីចាំបាច់។ មនុស្សដែលបានប្រព្រឹត្តខុសតែងតែយល់នូវតម្រូវការរបស់ព្រះ ដើម្បីឱ្យត្រូវទៅនឹងករណីរបស់គេ ដូច្នេះហើយសៀវភៅរបស់លោកម៉ូសេ ត្រូវបានគេការពារនៅក្នុងកន្លែងពិសេសបំផុត ទុកជាច្បាប់សម្រាប់អនុវត្តតទៅថ្ងៃមុខ។
អំណានព្រះគម្ពីរពេលល្ងាច៖ ចោទិយកថា ៣១:១-១៣
ខចងចាំ៖ ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់។ អេភេសូរ ៦:១០