ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ បើមាន នោះទូលបង្គំនឹងរង់ចាំអស់រវាងសង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំបានរឥលចេញទៅ នោះទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប ហើយទ្រង់នឹងមានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់បានធ្វើ។ យ៉ូប ១៤:១៤-១៥
អំណានប្រចាំថ្ងៃ ការស្លាប់របស់លោកម៉ូសេ
លោកម៉ូសេបានបញ្ចប់ការបង្រៀនចុងក្រោយរបស់គាត់ទៅកាន់ពួកបណ្តាជន ដោយប្រសាសន៍នៃបទទំនាយដ៏មានអំណាច។ វាគឺជាប្រយោគនៃបទទំនាយដែលបានថ្លែងដោយវោហារសព្ទយ៉ាងប៉ិនប្រសប់។ គាត់បានឱ្យពរដល់គ្រប់ទាំងអំបូរនៃសាសន៍អ៊ីស្រាអែលដោយឡែកៗពីគ្នា ដោយមានការបណ្តាលចិត្តមកពីព្រះ។ នៅក្នុងប្រសាសន៍ចុងក្រោយបង្អស់របស់គាត់ គាត់បានសង្កត់ធ្ងន់ទៅលើអានុភាពដ៏អស្ចារ្យរបស់ព្រះ និងឧត្តមភាពរបស់សាសន៍អ៊ីស្រាអែល ដែលនឹងអាចបន្តទៅមុខទៀតជារៀងរហូត ប្រសិនបើពួកគេនៅតែគោរពព្រះ ហើយទីពឹងទៅលើកម្លាំងរបស់ទ្រង់។
«លោកម៉ូសេក៏ទ្បើងពីស្រុកវាលរបស់ម៉ូអាប់ ទៅលើភ្នំនេបូរគឺដល់កំពូលភ្នំពីសកា ដែលទល់មុខនឹងយេរីខូរ។ រួចព្រះយេហូវ៉ាទ្រង់ក៏បង្ហាញឱ្យលោកឃើញស្រុកកាឡាតទាំងអស់ រហូតដល់ស្រុកដាន់។ ហើយស្រុកណែបថាលី ស្រុកអេប្រាអិម និងស្រុកម៉ាណាសេ ហើយនិងស្រុកយូដាទាំងអស់ រហូតដល់សមុទ្រខាងលិច ព្រមទាំងស្រុកខាងត្បូង និងវាលនៅច្រកភ្នំយេរីខូរ ហើយទីក្រុងលមុើ រហូតដល់សូអារ។ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងលោកថា នេះជាស្រុកដែលអញបានស្បថនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនិងយ៉ាកុប ថាអញនឹងឱ្យស្រុកនេះដល់ពូជឯង មើល អញឱ្យឯងឃើញស្រុកនេះហើយ តែមិនត្រូវឱ្យឯងចូលទៅទេ ដូច្នេះម៉ូសេជាបាវបំរើផងព្រះយេហូវ៉ា លោកស្លាប់នៅទីនោះ ក្នុងស្រុកម៉ូអាប់ ទៅតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយទ្រង់ក៏បញ្ចុះនៅក្នុងច្រកភ្នំមួយ នាស្រុកម៉ូអាប់ទល់មុខនឹងបេតពេអរទៅ តែលុះមកដល់សព្វថ្ងៃនេះ គ្មានអ្នកណាដឹងជាផ្នូរលោកនៅឯណាទ្បើយ កាលម៉ូសេស្លាប់ទៅនោះបានអាយុ ១២០ឆ្នាំហើយ តែភ្នែកលោកមិនព្រមខ្សោយ ហើយកម្លាំងមិនបានអន់សោះ»(ចោទិយកថា ៣៤:១-៧)។
វាមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះ ដែលថាមនុស្សគ្រប់គ្នាត្រូវតែទ្បើងទៅលើកំពូលភ្នំពីសកា ជាមួយនឹងម៉ូសេនោះទេ។ នៅទីនោះគាត់បានឈរនៅពីលើកំពូលភ្នំ ពីសកាដ៏ខ្ពស់ស្កឹមស្កៃ នៅចំពោះព្រះវត្តមានរបស់ព្រះ និងពពួកទេវតានៃស្ថានសួគ៌។ បន្ទាប់ពីគាត់បានមើលឃើញទឹកដីកាណាន ជាទឹកដីដ៏ជាទីពេញចិត្តមក គាត់ក៏បានទម្រេតខ្លួនសម្រាកដូចជាទាហានដ៏ទន់ខ្សោយម្នាក់។ គាត់ក៏សម្រាន្តលក់ ប៉ុន្តែ វាគឺជាការសម្រាន្តលក់នៃសេចក្តីស្លាប់។ ពពួកទេវតាបានយកសពរបស់គាត់ ហើយបានបញ្ចុះនៅក្នុងច្រកភ្នំមួយ។ ពួកសាសន៍អ៊ីស្រាអែល មិនអាចរកឃើញកន្លែងដែលបានបញ្ចុះសពគាត់នោះឡើយ។ ការបញ្ចុះសពដ៏អាថ៌កំបាំងរបស់គាត់ គឺដើម្បីការពារមនុស្សពីការប្រព្រឹត្តិអំពើបាបទាស់នឹងព្រះ ដោយការថ្វាយបង្គំរូបព្រះ ទៅលើសពរបស់គាត់។
អំណានព្រះគម្ពីរពេលល្ងាច៖ ចោទិយកថា ៣២:៤៥-៥២
ខចងចាំ៖ ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់។ អេភេសូរ ៦:១០