ថ្ងៃព្រហស្បតិ៍ ទី១៧​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២២-ត


អំណានព្រះគម្ពីរពេលព្រឹក៖ រីឯ​មីកែល ជា​មហា​ទេវតា លោក​មិន​ហ៊ាន​ប្តឹង​ប្រមាថ​ដល់​អារក្ស ក្នុង​កាល​ដែល​កំពុង​តែ​ជជែក​នឹង​វា ទាំង​ប្រកែក​ពី​ដំណើរ​សព​របស់​លោក​ម៉ូសេ​នោះ​ទេ គឺ​បាន​និយាយ​ដូច្នេះ​វិញ​ថា សូម​ឲ្យ​ព្រះអម្ចាស់​បន្ទោស​ឯង​ចុះ ។ យូដាស ខ៩

អំណានប្រចាំថ្ងៃ ការរស់ឡើងវិញរបស់លោកម៉ូសេ

សាតាំងត្រេកអរខ្លាំងណាស់ ដែលវាបានធ្វើឱ្យលោកម៉ូសេធ្វើបាបទាស់នឹងព្រះ។ ដ្បិតការរំលងច្បាប់នេះ លោកម៉ូសេត្រូវនៅក្រោមអំណាចនៃសេចក្តីស្លាប់។ ប្រសិនបើគាត់នៅតែមានសេចក្តីជំនឿ​ស្មោះត្រង់ ហើយ​ជីវិតរបស់គាត់មិនត្រូវសៅហ្មង ដោយការរំលងម្តង ដោយមិនបាន​ថ្វាយ​សិរីល្អ​ដល់ព្រះ ពីការធ្វើឱ្យទឹកចេញពីថ្មដាមកនោះទេ នោះគាត់នឹងត្រូវបានចូលទៅក្នុងទឹកដីសន្យា ហើយនឹងត្រូវបានលើកទ្បើងយកទៅស្ថានសួគ៌ ដោយមិនបានស្គាល់សេចក្តីស្លាប់ឡើយ។ ទេវតាមីកែល ឬព្រះគ្រីស្ទជាមួយនឹងទេវតាជាច្រើនអង្គទៀតដែលបានបញ្ចុះសពលោកម៉ូសេ បានយាង​ចុះ​មកពីស្ថានសួគ៌ បន្ទាប់ពីគាត់បានសម្រាកនៅក្នុងផ្នូរមួយរយៈយ៉ាងខ្លី ហើយបានប្រោសឱ្យគាត់រស់ទ្បើងវិញរួចបានយកគាត់ទៅកាន់ស្ថានសួគ៌។

នៅក្នុង​ខណៈពេលដែលព្រះគ្រីស្ទនិងទេវតាបានយាងមកដល់ផ្នូរ សាតាំងនិងទេវតារបស់វាបានលេចមកឯផ្នូរ កំពុងចាំយាម​សពរបស់​លោក​ម៉ូសេ ក្រែងទេវតារបស់ព្រះយកចេញទៅបាត់។ នៅពេលដែលព្រះគ្រីស្ទនិងពួកទេវតារបស់ទ្រង់បានយាងមកកាន់តែជិត សាតាំងបាន​តតាំង​នឹងការ​យាង​មករបស់លោក ប៉ុន្តែ សិរីល្អនិងអំណាចរបស់ព្រះគ្រីស្ទ ហើយនិងទេវតា​​ របស់ទ្រង់បានជំរុញឱ្យវាត្រឡប់ថយក្រោយវិញ។ សាតាំងបានទាមទារ​សពរបស់លោកម៉ូសេដោយសារតែការរំលងម្តងរបស់គាត់ បុ៉ន្តែ ព្រះគ្រីស្ទបានប្រគល់គាត់ទៅព្រះវរបិតាទ្រង់យ៉ាងសុភាព ហើយមានបន្ទូលថា «សូមឱ្យ​ព្រះអម្ចាស់បន្ទោសឯងចុះ» (យូដាស ខ៩)។ ព្រះគ្រីស្ទបានមានព្រះបន្ទូលប្រាប់សាតាំងថា ទ្រង់បានជ្រាបថា លោកម៉ូសេបានកែប្រែចិត្តពីកំហុសម្តងរបស់គាត់នោះ ដោយបន្ទាបខ្លួនហើយ ហើយគ្មានស្នាមប្រឡាក់ណានៅលើអត្តចរិតរបស់គាត់ទៀតទេ ហើយឈ្មោះរបស់គាត់ ត្រូវបានកត់ត្រាទុកនៅក្នុងបញ្ជីជីវិតនៃស្ថានសួគ៌ដោយគ្មានសៅហ្មងឡើយ។

នៅឯការផ្លាស់ប្តូរព្រះភ័ក្ត្ររបស់ព្រះគ្រីស្ទ លោកម៉ូសេនិងលោកអេលីយ៉ាដែលត្រូវបានព្រះលើកទ្បើងទៅកាន់ស្ថានសួគ៌ត្រូវបានបញ្ជូនមកឱ្យនិយាយជាមួយនឹងព្រះគ្រីស្ទ ទាក់ទងនឹងការ រងទុក្ខរបស់ទ្រង់ និងធ្វើជា​អ្នកនាំសិរីល្អរបស់ព្រះ ទៅកាន់ព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់។ លោកម៉ូសេត្រូវបានព្រះលើកតម្កើងយ៉ាងឧត្តុង្គឧត្តម។ គាត់បានទទួលកិត្តិយស​និយាយ​ជាមួយនឹងព្រះមុខទល់នឹងមុខ ដូចជាមនុស្សម្នាក់និយាយទៅកាន់មិត្តភក្តិរបស់ខ្លួនដូច្នោះដែរ។ ហើយព្រះបានលេចមកឯគាត់ដោយសិរីល្អដ៏អស្ចារ្យរបស់ទ្រង់ដែលទ្រង់មិនដែលបានធ្វើដូច្នេះ ទៅកាន់អ្នកណាម្នាក់ទ្បើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ ចោទិយកថា ជំពូក​៣៤

ខចងចាំ៖​​ ឯ​សេចក្តី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង​ក្នុង​ព្រះអម្ចាស់ ដោយ​ឫទ្ធិបារមី​របស់​ព្រះចេស្តា​ទ្រង់។ អេភេសូរ ៦:១០

Powered by CAM