ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ទូលបង្គំនឹងរំពឹងគិតពីសេចក្តីបញ្ញត្តរបស់ទ្រង់ហើយនឹងស្រឡាញ់រាប់អានអស់ទាំងផ្លូវរបស់ទ្រង់ ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មានឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ។ ទំនុកតម្កើង ១១៩:១៥-១៦
អំណានប្រចាំថ្ងៃ
បន្ទាប់ពីមរណភាពរបស់លោកម៉ូសេទៅ លោកយ៉ូស្វេត្រូវបានឡើងធ្វើជាអ្នកដឹកនាំលើរាស្ត្រអ៊ីស្រាអែល ដើម្បីដឹកនាំពួកគេចូលទៅកាន់ទឹកដីសន្យា។ គាត់ធ្លាប់បានធ្វើជាអ្នកជំនួយការពិសេសរបស់លោកម៉ូសេជាច្រើនឆ្នាំ នៅពេលដែលកូនចៅអ៊ីស្រាអែលបានដើរត្រេចចរ នៅវាលរហោស្ថាន។ គាត់បានមើលឃើញការអស្ចារ្យទាំងឡាយរបស់ព្រះ ដែលលោកម៉ូសេបានធ្វើ ហើយគាត់បានយល់យ៉ាងច្បាស់នូវអារម្មណ៍របស់ពួកបណ្តាជន។ គាត់គឺជាមនុស្សម្នាក់ ក្នុងចំណោមអ្នកសុើបការណ៍ទាំង ១២ នាក់ ដែលត្រូវបានគេបញ្ជូនឱ្យចូលទៅសង្កេតមើលទឹកដីសន្យា ហើយគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមពីរនាក់ ដែលបានផ្តល់ព័ត៌មានសច្ចៈអំពីភាពសំបូរហូរហៀរនៃទឹកដីនោះ និងជាមនុស្សម្នាក់ដែលបានលើកទឹកចិត្តដល់ពួកបណ្តាជនឱ្យចូលទៅកាន់កាប់ទឹកដីនោះ ដោយអំណាចនិងកម្លាំងរបស់ព្រះ។ គាត់គឺជាមនុស្សម្នាក់ដែលមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងតួនាទីដ៏សំខាន់នេះ។ ព្រះអម្ចាស់បានសន្យាជាមួយនឹងយ៉ូស្វេថាទ្រង់នឹងគង់នៅជាមួយគាត់ ដូចដែលទ្រង់បានគង់នៅជាមួយលោកម៉ូសេដែរ ហើយនិងធ្វើឱ្យទឹកដីកាណានធ្លាក់មកក្នុងកណ្តាប់ដៃ របស់គាត់យ៉ាងងាយ ឱ្យតែគាត់នៅតែគោរពបញ្ញត្តិរបស់ទ្រង់ដោយស្មោះត្រង់។ គាត់មានអារម្មណ៍អល់ឯកក្នុងការដឹកនាំពួកបណ្តាជន ចូលទៅកាន់ទឹកដីកាណាន ប៉ុន្តែ ការលើកទឹកចិត្តនេះបានដកយកសេចក្តីភ័យខ្លាចទាំងឡាយរបស់គាត់ចេញបាត់អស់។
លោកយ៉ូស្វេបានបង្គាប់ឱ្យកូនចៅអ៊ីស្រាអែលរៀបចំសម្រាប់ការធ្វើដំណើរមួយ ដែលមានរយៈពេលបីថ្ងៃ ហើយមនុស្សប្រុសៗដែលថ្នឹកខាងសង្គ្រាម ត្រូវតែចេញទៅសមរភូមិ។ «គេក៏ឆ្លើយតបទៅយ៉ូស្វេវិញថា យើងរាល់គ្នានឹងធ្វើតាមគ្រប់ទាំងសេចក្តីដែលលោកបង្គាប់មកយើង ហើយនឹងទៅឯកន្លែងណាដែលលោកចាត់ឱ្យយើងទៅផង យើងរាល់គ្នានឹងស្តាប់តាមលោក ក្នុងគ្រប់ការទាំងអស់ ដូចជាបានស្តាប់លោកម៉ូសេដែរ ឱ្យតែព្រះយេហូវ៉ាជាព្រះនៃលោកបានគង់ជាមួយនឹងលោកដូចជាទ្រង់បានគង់ជាមួយនឹងលោកម៉ូសេចុះ ឯអ្នកណាដែលហ៊ានទាល់ទទឹងនឹងបង្គាប់លោក ហើយមិនព្រមស្តាប់តាមអស់ទាំងពាក្យដែលលោកបង្គាប់មក នោះនឹងត្រូវមានទោសដល់ស្លាប់ឱ្យតែលោកមានកម្លាំងហើយចិត្តក្លាហានចុះ»។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូស្វេ ជំពូក១
ខចងចាំ៖ ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់។ អេភេសូរ ៦:១០