ថ្ងៃពុធ ទី០២​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី១៩-ត


អំណានព្រះគម្ពីរពេលព្រឹក៖ មក​ចុះ ចូរ​យើង​ឱន​កាយ​ថ្វាយបង្គំ​ទាំង​អស់​គ្នា ចូរ​យើង​លុត​ជង្គង់​នៅ​ចំពោះ​ព្រះយេហូវ៉ាជា​ព្រះ​ដ៏​បង្កើត​យើង​ខ្ញុំ។ ទំនុកតម្កើង ៩៥:៦

អំណានប្រចាំថ្ងៃ ការធ្វើតាមគំរូ

ព្រះជាម្ចាស់ទ្រង់បានប្រទាននូវគំរូនៃហឹបសញ្ញាដល់លោកម៉ូសេ ជាមួយនឹងការណែនាំពិសេសពីរបៀបដែលត្រូវធ្វើ។ ហឹបសញ្ញាត្រូវបានធ្វើទ្បើងសម្រាប់ដាក់ផ្ទាំងថ្មដែលព្រះបានឆ្លាក់ក្រឹត្យវិន័យ ១០ ប្រការនៅលើនោះដោយព្រះអង្គុលីរបស់ទ្រង់ផ្ទាល់។ វាមានរាងដូចជាហឹបស្រោប​ ​ដោយ​មាស​សុទ្ធ។ ហឹបនោះត្រូវបានតុបតែងទៅដោយមកុដមាស នៅជុំវិញកំពូល​ខាងលើ។ គម្រប នៃហឹបដ៏ពិសិដ្ឋនេះគឺជាទីសន្តោសប្រោស (បល្ល័ង្ក) ដែល​ធ្វើពីមាសសុទ្ធ។ នៅគែមទាំងសងខាងនៃទីសន្តោសប្រោសត្រូវបានភ្ជាប់ដោយចេរ៉ូប៊ីន ដែលធ្វើពីមាសសុទ្ធ។ ទេវតាចេរ៉ូប៊ីនទាំងពីរបែរមុខទល់គ្នា សម្លឹងមើលចុះទៅក្រោម ដោយគោរពឆ្ពោះទៅទីសន្តោសប្រោស ដែល​តំណាងឱ្យទេវតា ទាំងអស់នៃស្ថានសួគ៌ កំពុងសម្លឹងមើលដោយ​ចាប់​អារម្មណ៍ និងដោយគោរពយ៉ាងក្រៃលែង ទៅកាន់ច្បាប់របស់ព្រះ ដែលបាន​តម្កល់ទុក​នៅក្នុងហឹបសញ្ញា នៅក្នុងទីបរិសុទ្ធនៅស្ថានសួគ៌។ ទេវតាចេរ៉ូប៊ីន ទាំងពីរ​មាន​ស្លាប។ ស្លាបមួយនៃទេវតានីមួយៗបានលាតត្រដាងទៅលើយ៉ាងខ្ពស់ នៅពេលដែលស្លាបមួយទៀតនៃទេវតានីមួយៗ បានគ្របបាំង​រាងកាយ​របស់ខ្លួន។ ហឹបសញ្ញានៃទីបរិសុទ្ធនៅផែនដីត្រូវបានធ្វើតាមគំរូនៃហឹបសញ្ញាពិតនៅស្ថានសួគ៌។ នៅសងខាងហឹបសញ្ញានៃស្ថានសួគ៌ មានទេវតា​ដែល​មានជីវិតឈរនៅជ្រុងទាំងសងខាង ទេវតាមួយអង្គៗមានស្លាបមួយកំពុងបាំងទីសន្តោសប្រោស ដោយលាតត្រដាងទៅលើយ៉ាងខ្ពស់ នៅពេល​ដែល​ស្លាបមួយចំហៀង​ ទៀតក្តោបបិតបាំងរាងកាយរបស់ខ្លួនជានិមិត្តរូបនៃការគោរពនិងការបន្ទាបខ្លួន។

ព្រះតម្រូវឱ្យលោកម៉ូសេដាក់បន្ទះថ្ម នៅក្នុងហឹបសញ្ញា។ បន្ទះថ្មនេះ​ត្រូវបានគេហៅថា បន្ទះ​ថ្មនៃទីបន្ទាល់ ហើយហឹបសញ្ញាត្រូវបានគេហៅថាហឹបសញ្ញានៃទីបន្ទាល់ ព្រោះបន្ទះថ្មនេះផ្ទុកទៅដោយទីបន្ទាល់របស់ព្រះ នៅក្នុងក្រឹត្យវិន័យ ១០ ប្រការ។

អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ២៥:១-២២

ខចងចាំ៖​​ អញ​នឹង​ដើរ​នៅ​កណ្តាល​ពួក​ឯង ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ ។ លេវីវិន័យ ២៦:១២

Powered by CAM