ថ្ងៃអាទិត្យ ទី២០​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៣-ត


អំណានព្រះគម្ពីរពេលព្រឹក៖ កាល​យើង​ខ្ញុំ​បាន​ឮ នោះ​ចិត្ត​យើង​ខ្ញុំ​បាន​រលត់​ទៅ​ភ្លាម គ្មាន​វិញ្ញាណ​នៅ​ក្នុង​មនុស្ស​ណា​ទៀត​សោះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដ្បិត​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌ ហើយ​ជា​ព្រះ​លើ​ផែនដី​ផង។ យ៉ូស្វេ ២:១១

អំណានប្រចាំថ្ងៃ នៅក្នុងការភ័យខ្លាចនិងញ័ររន្ធត់

នៅពេលស្តេចនៃសាសន៍អាម៉ូរី និងសាសន៍កាណានបានឮថាព្រះបានបង្ខាំងទឹក មិនឱ្យហូរនៅទន្លេយ័រដាន់ នៅចំពោះមុខកូនចៅអ៊ីស្រាអែល ព្រះទ័យរបស់ព្រះអង្គ (ស្តេច) ត្រូវបានញាំញីដោយសេចក្តីភ័យខ្លាច។ រាស្ត្រអ៊ីស្រាអែលបានសម្លាប់ស្តេចប្រទេសម៉ូអាប់ពីរអង្គ ហើយដំណើរនៃការឆ្លងទន្លេយ័រដាន់ដែលកំពុងជោរជន់ ហើយហូរយ៉ាងខ្លាំងបានធ្វើឱ្យស្តេចទាំងនោះរឹតតែភ័យតក់ស្លុត។ បន្ទាប់មកយ៉ូស្វេបានកាត់ស្បែកកូនចៅអ៊ីស្រាអែលទាំងឡាយណា ដែលបានកើតនៅឯទីរហោស្ថាន។ ក្រោយពីពិធីបុណ្យនេះ​មក ពួកគេបានប្រារឰធ្វើបុណ្យរំលង នៅត្រង់វាលក្រុងយេរីខូរ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា នៅថ្ងៃនេះ អញបានប្រមៀលសេចក្តីដំនៀលរបស់ស្រុកអេស៊ីព្ទពីឯងចេញ»។

សាសន៍ដែលមិនជឿដល់ព្រះបានស្តីបន្ទោសដល់ព្រះអម្ចាស់និងរាស្ត្ររបស់ទ្រង់ ដោយសារ​តែសាសន៍ហេព្រើរមិនបានចាប់យកស្រុកកាណាន បន្ទាប់ពីពួកគេចាកចេញពីប្រទេសអេស៊ីព្ទមកភ្លាម។ សត្រូវរបស់​គេបានទទួលជ័យជំនះ ដោយសារតែពួកគេបានរស់នៅទីរហោស្ថានយ៉ាងយូរ ហើយពួកគេបានលើកខ្លួនឯងទាស់នឹងព្រះដោយអំនួតដោយប្រកាសថា ទ្រង់មិនអាចដឹកនាំពួកគេចូលទៅក្នុងទឹកដីកាណានទ្បើយ។ ឥឡូវនេះ ពួកគេបានឆ្លងទន្លេយ័រដាន់ដោយដើរនៅលើដីគោក ពេលនោះសត្រូវរបស់ពួកគេលែងស្តីបន្ទោសពួកគេទៀតហើយ។

នំម៉ាន៉ាមានជាបន្ត​រហូតមកទល់នឹងពេលនេះ ប៉ុន្តែ ឥឡូវនេះ នៅពេលដែលរាស្ត្រអ៊ីស្រាអែល ហៀបនឹងចូលកាន់កាប់ទឹកដីកាណានហើយបរិភោគផលពីស្រុកនោះ ពួកគេលែងត្រូវការនំម៉ាន៉ាទៀតហើយ ហើយនំនោះក៏លែងមានទៀតដែរ។

អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូស្វេ ៥:១-១២

ខចងចាំ៖​​ ចូរ​ស្វែង​រក​ព្រះយេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ទ្រង់​ឃើញ ហើយ​អំពាវនាវ​ដល់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ជិត​ចុះ ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះបង់​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​ឲ្យ​មនុស្ស​ទុច្ចរិត​ចោល​គំនិត​អាក្រក់​របស់​ខ្លួន​ដែរ រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះយេហូវ៉ា​វិញ នោះ​ទ្រង់​នឹង​អាណិត​មេត្តា​ដល់​គេ គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់​គ្នា ដ្បិត​ទ្រង់​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ ។ អេសាយ ៥៥:៦-៧

Powered by CAM