ថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណាគឺព្រះយេហូវ៉ាដ៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិជាព្រះយេហូវ៉ាដ៏មានឥទ្ធិឫទ្ធិក្នុងចំបាំងតើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណាគឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់ជាមហាក្សត្រដ៏មានសិរីល្អនោះឯង។ ទំនុកតម្កើង ២៤:៨;១០
អំណានប្រចាំថ្ងៃ អ្នកដែលជាកំពូលនៃពួកពលផងព្រះយេហូវ៉ា
នៅពេលដែលលោកយ៉ូស្វេបានដកខ្លួនចេញពីកងទ័ពអ៊ីស្រាអែល ទៅស្មឹងស្មាធិ៍អធិស្ឋានសុំឱ្យព្រះវត្តមានរបស់ព្រះ មកសណ្ឋិតលើគាត់ គាត់បានឃើញមនុស្សម្នាក់ មានរាងខ្ពស់ស្រឡះ ស្លៀកពាក់ខោអាវធ្វើសង្រ្គាម ដែលមានកាន់ដាវហូតជាស្រេចនៅនឹងដៃ។ យ៉ូស្វេមិនបានស្គាល់ថាជាទាហានណាម្នាក់នៅក្នុងចំណោមកងទ័ពអ៊ីស្រាអែលទេ ប៉ុន្តែ បុរសនោះក៏ពុំបានលេចមកជាសត្រូវរបស់លោកយ៉ូស្វេដែរ។ លោកយ៉ូស្វេបានដើរទៅជិតបុរសនោះដោយយកចិត្តទុកដាក់ ទាំងមានប្រសាសន៍ថា «តើលោកកាន់ខាងយើងខ្ញុំ ឬខាងពួកសត្រូវរបស់យើងខ្ញុំ? អ្នកនោះឆ្លើយតបថា ទេ អញបានមកធ្វើជាកំពូលលើពួកពលផងព្រះយេហូវ៉ាវិញ។ នោះយ៉ូស្វេក៏ទម្លាក់ខ្លួន ក្រាបផ្តាប់មុខនឹងដី ថ្វាយបង្គំ សួរថា តើព្រះអម្ចាស់ទូលបង្គំចង់មានបន្ទូលដល់ទូលបង្គំជាបាវបំរើទ្រង់ថាដូចម្តេច? អ្នកដែលជាកំពូលលើពួកពលផងព្រះយេហូវ៉ាក៏ប្រាប់ថា ចូរដោះស្បែកជើងចេញទៅ ដ្បិតកន្លែងដែលឈរនៅនេះជាកន្លែងបរិសុទ្ធ រួចយ៉ូស្វេក៏ធ្វើតាមដូច្នេះ»។
នេះមិនមែនជាទេវតាធម្មតាទេ។ គឺជាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះដែលបានដឹកនាំសាសន៍ហេព្រើរឆ្លងកាត់ទីរហោស្ថាន ដែលបានគង់នៅក្នុងបង្គោលភ្លើងនៅពេលយប់ និងបង្គោលពពកនៅពេលថ្ងៃ។ កន្លែងនោះបានបរិសុទ្ធ ដោយសារព្រះវត្តមានរបស់ទ្រង់ ហេតុដូច្នេះហើយព្រះអង្គបានបង្គាប់ឱ្យលោកយ៉ូស្វេដោះស្បែកជើង។
បន្ទាប់មក ព្រះយេហូវ៉ាទ្រង់ណែនាំដល់លោកយ៉ូស្វេអំពីការដែលគាត់ត្រូវធ្វើ ដើម្បីវាយយកទីក្រុងយេរីខូរ។ ត្រូវបង្គាប់ឱ្យមនុស្សដែលថ្នឹកច្បាំង ដើរជុំវិញទីក្រុងអស់ ៦ ថ្ងៃ ក្នុង ១ ថ្ងៃ ១ជុំ រួចដល់ថ្ងៃទី ៧ នោះត្រូវឱ្យដើរព័ទ្ធទីក្រុងអស់ ៧ ជុំថែមទៀត។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូស្វេ ៥:១៣-១៥
ខចងចាំ៖ ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ ។ អេសាយ ៥៥:៦-៧