ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតព្រះយេហូវ៉ាទ្រង់ជាធំ ក៏គួរសរសើរណាស់ ហើយគួរស្ញែងខ្លាចលើសជាងអស់ទាំងព្រះ ពីព្រោះអស់ទាំងព្រះនៃសាសន៍ដទៃ សុទ្ធតែជារូបទទេ តែឯព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ ។ របាក្សត្រទី១ ១៦:២៥-២៦
អំណានប្រចាំថ្ងៃ ការដណ្តើមយកទីក្រុងយេរីខូរ
យ៉ូស្វេជាកូននុនក៏ហៅពួកសង្ឃមកប្រាប់ថា ចូរយកហឹបនៃសេចក្តីសញ្ញា ហើយឱ្យមានសង្ឃ ៧ រូបកាន់ត្រែ ស្នែងចៀម ដើរនាំមុខហឹបនៃព្រះយេហូវ៉ាទៅ លោកក៏បង្គាប់ដល់ពួកបណ្តាជនថា ចូរនាំគ្នាដើរព័ទ្ធជុំវិញទីក្រុងទៅ ឯអស់ពួកអ្នកដែលមានគ្រឿងសស្ត្រាវុធ នោះត្រូវដើរនាំមុខហឹបនៃព្រះយេហូវ៉ា។ លុះកាលយ៉ូស្វេបានប្រាប់ដល់ពួកជនរួចអស់ហើយ នោះសង្ឃទាំង ៧ ដែលកាន់ត្រែស្នែងចៀមទាំង ៧ នៅចំពោះព្រះយេហូវ៉ា ក៏ដើរទៅទាំងផ្លុំបណ្តើរ រួចហឹបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ាក៏តាមគេទៅ។
«ឯពួកដែលកាន់គ្រឿងសស្ត្រាវុធ គេដើរខាងមុខពួកសង្ឃដែលផ្តុំត្រែ ក៏មានពួកអ្នកដើរខាងក្រោយហឹបដែរ ពួកសង្ឃដើរទៅទាំងផ្លុំត្រែបណ្តើរ ឯយ៉ូស្វេក៏បង្គាប់បណ្តាជនថា មិនត្រូវឱ្យឯងរាល់គ្នាស្រែកទ្បើង ឬឱ្យមានឮសំឡេងទ្បើយ ក៏មិនត្រូវមានពាក្យណាមួយចេញពីមាត់ឯងដែរ ដរាបដល់ថ្ងៃដែលអញប្រាប់ឱ្យស្រែកទ្បើងនោះទើបត្រូវឱ្យឯងស្រែកចុះដូច្នេះហឹបនៃព្រះយេហូវ៉ាក៏បានព័ទ្ធជុំវិញទីក្រុងអស់១ជុំ រូចគេត្រឡប់ចូលមកក្នុងទីដំទ្បើងត្រសាលវិញ ហើយឈប់នៅទីនោះ»។
ពួកពលហេព្រើរទាំងអស់គ្នាបានដើរក្បួនតាមលំដាប់លំដោយ យ៉ាងត្រឹមត្រូវ។ អ្នកដែលដើរមុខគេ គឺជាពួកទាហានពិសេស ស្លៀកពាក់ឯកសណ្ឋានកងទ័ព តែឥឡូវនេះ គេមិនបានបង្ហាញទេពកោសល្យកងទ័ពរបស់គេទេ ប៉ុន្តែ គ្រាន់តែជឿនិងគោរពតាមការដឹកនាំដែលពួកគេបានទទួលតែប៉ុណ្ណោះ។ បន្ទាប់មកទៀត សង្ឃ៧រូប ដែលមានកាន់ត្រែ ដើរបន្តពីក្រោយពួកទាហាន។ បន្ទាប់មកទៀតហឹបនៃសេចក្តីសញ្ញារបស់ព្រះ រំលេចដោយមាសពន្លឺពណ៌មាស គ្របពីលើដោយរស្មីនៃសិរីល្អរបស់ព្រះ សំកាំងនៅពីលើ ហើយដែលសែងដោយសង្ឃក្នុងសំលៀកបំពាក់ ពិសេស ដ៏មានតម្លៃ ជាសញ្ញាបង្ហាញអំពីតួនាទីដ៏ពិសេសរបស់ពួកគាត់។ កងទ័ពដ៏ធំនៃសាសន៍អ៊ីស្រាអែលបានដើរព្យុហយាត្រា តាមលំដាប់លំដោយ យ៉ាងត្រឹមត្រូវ ដោយអំបូរនីមួយៗ ដើរតាមទង់ប្រចាំអំបូររៀងៗខ្លួន។ ពួកគេបានដើរព័ទ្ធទីក្រុងយ៉ាងដូច្នេះជាមួយនឹងហឹបនៃសេចក្តីសញ្ញារបស់ព្រះ។ គេគ្មានឮសូរសំឡេងអ្វីក្រៅពីស្នូរសន្ធឹកជើងរបស់ពួកពលដ៏មានអំណាច និងសំឡេងត្រែរំពងខ្ទ័រ ជះត្រឡប់មកវិញដោយទួលខ្ពស់ៗ កាត់ទីក្រុងយេរីខូរនោះឡើយ។
អ្នកយាមទីក្រុងដែលនឹងត្រូវវិនាសនេះបានតាមដាននូវគ្រប់ទាំងសកម្មភាព ដោយងឿងឆ្ងល់និងភិតភ័យ ហើយបានរាយការណ៍ដល់អស់អ្នកដែលមានអំណាចថ្នាក់លើ។ ពួកគេមិនអាចដឹងថាការដើរហែក្បួនបែបនេះមានន័យដូចម្តេចឡើយ។ អ្នកខ្លះបានចំអកនូវគំនិតនៃការចាប់យកទីក្រុងតាមរបៀបបែបនេះ។ ខណៈដែលអ្នកខ្លះទៀតបានភ័យខ្លាច នៅពេលដែលពួកគេឃើញហឹបនៃសេចក្តីសញ្ញាដ៏រុងរឿងរបស់ព្រះ និងឯកសណ្ឋានដ៏ថ្លៃថ្នូរ និងស្វាហាប់របស់ពួកសង្ឃ ដែលមានពួកពលនៃសាសន៍អ៊ីស្រាអែលដើរពីក្រោយ ហើយដែលមានលោកយ៉ូស្វេជាមេដឹកនាំរបស់ពួកគេ។ ពួកគេបាននឹកឃើញថាទឹកសមុទ្រក្រហមបានញែកចេញពីគ្នានៅចំពោះមុខពួកគេ ហើយនិងការដើរឆ្លងកាត់ទន្លេយ័រដាន់ដែលព្រះបានរៀបចំសម្រាប់ពួកគេនៅពេលថ្មីៗនេះ។ ពួកគេមានការភ័យខ្លាចជាខ្លាំង ចំពោះការហែក្បួននេះ។ ពួកគេនៅតែបិទទ្វារទីក្រុងជិតយ៉ាងតឹងតែងដដែលហើយដាក់ទាហានខ្លាំងៗឱ្យយាមនៅតាមទ្វារកំផែងនីមួយៗផង។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូស្វេ ៦:១-១៤
ខចងចាំ៖ ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ ។ អេសាយ ៥៥:៦-៧