ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដោយសារសេចក្តីជំនឿ លុះគេដើរព័ទ្ធជុំវិញក្រុងយេរីខូរ អស់៧ថ្ងៃហើយ នោះកំផែងទីក្រុងក៏រលំទៅ។ ហេព្រើរ ១១:៣០
អំណានប្រចាំថ្ងៃ ព្រះប្រទានជ័យជំនះ
កងទ័ពអ៊ីស្រាអែលបានដើរដង្ហែក្បួនព័ទ្ធជុំវិញទីក្រុងអស់រយៈពេល ៦ថ្ងៃ។ នៅថ្ងៃទី៧ ពួកគេបានដើរព័ទ្ធទីក្រុងយេរីខូរចំនួន ៧ជុំ។ លោកយ៉ូស្វេបានបង្គាប់ឱ្យពួកបណ្តាជនរក្សាភាពស្ងៀមស្ងាត់ដូចធម្មតា។ គេអាចឮសូរតែសំឡេងត្រែប៉ុណ្ណោះ។ ពួកជនទាំងអស់បានធ្វើតាម ហើយនៅពេលសំឡេងត្រែបានបន្លឺឡើងខ្លាំងខុសពីធម្មតានោះ ទាំងអស់គ្នាត្រូវស្រែកឱ្យឮខ្លាំងឡើង ដ្បិតព្រះទ្រង់នឹងប្រគល់ទីក្រុងនោះដល់ពួកគេហើយ។ «លុះដល់ ថ្ងៃទី៧ គេក្រោកទ្បើងពីព្រលឹម កាលទើបនឹងភ្លឺស្រាងៗគេក៏ដើរព័ទ្ធជុំវិញទីក្រុងបែបដដែលអស់៧ជុំ» ថ្ងៃនោះខុសពីថ្ងៃមុនតែប៉ុណ្ណេះ គឺគេដើរព័ទ្ធទីក្រុងអស់៧ដងវិញ លុះបានគ្រប់៧ជុំហើយ កាលពួកសង្ឃបានផ្លុំត្រែ នោះយ៉ូស្វេក៏ប្រាប់ដល់ពួកជនថាចូរស្រែកទ្បើងដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់ទីក្រុងនេះមកឯងរាល់គ្នាហើយ»។ «ដូច្នេះ ពួកបណ្តាជនក៏ស្រែកហ៊ោ ហើយពួកសង្ឃក៏ផ្លុំត្រែទ្បើងជាសម្រែកយ៉ាងខ្លាំង ស្រាប់តែកំផែងក៏រលំដួលទៅ ដើម្បីឱ្យពួកបណ្តាជនបានទ្បើងទៅក្នុងទីក្រុងចំមុខគេរៀងៗខ្លួន ហើយគេក៏ចាប់យកទីក្រុងនោះទៅ»។
ព្រះទ្រង់ចង់បង្ហាញប្រាប់ដល់សាសន៍អ៊ីស្រាអែលថាការដណ្តើមកាន់កាប់ទឹកដីកាណានមិនមែនពឹងផ្អែកលើពួកគេនោះទេ។ គឺអ្នកដែលជាកំពូលនៃពួកពលផងព្រះយេហូវ៉ាទេ ដែលយកឈ្នះលើទីក្រុងយេរីខូរ។ ព្រះអង្គហើយនិងទេវតារបស់ទ្រង់ជាអ្នកដែលដណ្តើមទីក្រុងនេះយកមកកាន់កាប់។ ព្រះគ្រីស្ទបានបញ្ជាកងកម្លាំងនៃស្ថានសួគ៌ ដើម្បីផ្តួលរំលំកំផែងទីក្រុងយេរីខូរ ហើយរៀបចំច្រកចូលសម្រាប់លោកយ៉ូស្វេ និងពួកពលអ៊ីស្រាអែល។ នៅក្នុងការអស្ចារ្យនេះ ព្រះមិនត្រឹមតែបានពង្រឹងសេចក្តីជំនឿនៃរាស្ត្ររបស់ទ្រង់ ឱ្យកាន់តែរឹងមាំដោយបង្ក្រាបសត្រូវនៅក្នុងអំណាច របស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ថែមទាំងបានស្តីបន្ទោសដល់អ្នកដែលគ្មានជំនឿពីមុនមកផងដែរ។
ទីក្រុងយេរីខូរត្រូវបានបំផ្លាញដោយពលទ័ពអ៊ីស្រាអែលនិងព្រះនៃស្ថានសួគ៌។ ហើយនៅពេលដែលពួកគេបានសង្កេតមើលការហែក្បួនរបស់សាសន៍អ៊ីស្រាអែល ព័ទ្ធជុំវិញទីក្រុងរបស់ពួកគេ ១ថ្ងៃ ១ជុំនោះ ពួកគេមានការព្រួយបារម្ភដែរ ប៉ុន្តែ ពួកគេបានក្រឡេកមើលទៅឯការការពារដ៏រឹងមាំរបស់គេ កំផែងទីក្រុងយ៉ាងមាំនិងខ្ពស់ៗ ធ្វើឱ្យពួកគេបានជឿជាក់ថា ពួកគេអាចទប់ទល់បានពីគ្រប់ការវាយប្រហារទាំងឡាយ។ ប៉ុន្តែ រំពេចនោះកំផែងដ៏រឹងមាំរបស់ពួកគេ ត្រូវបានទ្រេតទ្រោត រួចបានរលំគ្រេងគួរឱ្យស្រឡាំងកាំង ដូចជាសូររន្ទះរំពងអាកាសនោះ ពួកគេបានភ័យស្លន់ស្លោ ទាំងញ័ររន្ធត់ មិនអាចទប់ទល់បាន។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូស្វេ ៦:១៥-២៧
ខចងចាំ៖ ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ ។ អេសាយ ៥៥:៦-៧