ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ សូមឲ្យចិត្តឯងរាល់គ្នាបានគ្រប់លក្ខណ៍ចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ដើម្បីឲ្យបានប្រព្រឹត្តតាមបញ្ញត្ត ហើយកាន់តាមក្រឹត្យទ្រង់ទាំងប៉ុន្មានដូចជាមានសព្វថ្លៃនេះ។ ពង្សវតាក្សត្រទី១ ៨:៦១
អំណានប្រចាំថ្ងៃលោកយ៉ូស្វេជាអ្នកដឹកនាំដ៏ឆ្លាតវៃនិងស្មោះត្រង់ចំពោះព្រះ
គ្មានភាពសៅហ្មងណាមួយនៅក្នុងអត្តចរិតរបស់យ៉ូស្វេឡើយ។ គាត់គឺជាអ្នកដឹកនាំដ៏ឆ្លាតវាងវៃម្នាក់។ គាត់បានថ្វាយជីវិតរបស់ដាច់ដល់ព្រះទាំងស្រុង។ មុននឹងគាត់ស្លាប់ គាត់បានប្រមូលផ្តុំពួកពលហេព្រើរទាំងអស់ ហើយធ្វើតាមគំរូរបស់លោកម៉ូសេ គាត់បានរៀបរាប់ពីការធ្វើដំណើររបស់ពួកគេ នៅក្នុងវាលរហោស្ថាន ព្រមទាំងអំពីការដឹកនាំដែលប្រកបដោយក្តីមេត្តាករុណារបស់ព្រះចំពោះពួកគេ។ បន្ទាប់មក គាត់បានមានប្រសាសន៍ប្រកបដោយវោហាស័ព្ទយ៉ាងពីរោះទៅកាន់ពួកគេ។ គាត់បានរៀបរាប់ប្រាប់ពួកគេថា ស្តេចម៉ូអាប់បានធ្វើសង្គ្រាមប្រឆាំងនឹងពួកគេ ហើយបានហៅបាឡាមឱ្យដាក់បណ្តាសាដល់ពួកគេ ប៉ុន្តែ «ព្រះទ្រង់មិនព្រមស្តាប់តាមបាឡាមទេ ដូច្នេះ គាត់បែរជាឱ្យពរដល់ឯងរាល់គ្នាវិញ»។ រួចបន្ទាប់មកគាត់បានមានប្រសាសន៍ទៅពួកគេថា «តែបើសិនជាឯងរាល់គ្នាមិនគាប់ចិត្តនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាទេ នោះត្រូវរើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះទោះបើជាព្រះទាំងប៉ុន្មានដែលពួកអយ្យកោឯងបានគោរពប្រតិបត្តិនៅខាងនាយទន្លេ ឬអស់ទាំងព្រះរបស់សាសន៍អាម៉ូរីនេះ ដែលឯងរាល់គ្នានៅក្នុងស្រុកគេក្តី តែឯអញនឹងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា តែមួយប៉ុណ្ណោះ»។
«ពួកបណ្តាជនក៏ឆ្លើយទ្បើងថា សូមឱ្យគំនិតដែលនឹងបោះបង់ចោលព្រះយេហូវ៉ា ដើម្បីទៅគោរពប្រតិបត្តិដល់ព្រះដទៃនោះបាននៅឆ្ងាយពីយើងខ្ញុំទៅ ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំទ្រង់បាននាំយើងខ្ញុំនិងឪពុកយើងខ្ញុំ ចេញពីផ្ទះពួកបាវបំរើ នៅស្រុកអេស៊ីព្ទមក ហើយបានធ្វើអស់ទាំងទីសំគាល់យ៉ាងធំនោះនៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំតាមផ្លូវ ដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្តាលពួកសាសន៍ទាំងប៉ុន្មាន ដែលយើងខ្ញុំបានដើរកាត់ស្រុកគេផង»។
ពួកបណ្តាជនក៏បានធ្វើការស្បថសាជាថ្មីឡើងវិញជាមួយនឹងលោកយ៉ូស្វេ។ ពួកគេបាននិយាយទៅកាន់គាត់ថា «យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំពិតហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់ផង»។ លោកយ៉ូស្វេបានកត់ត្រាគ្រប់ទាំងពាក្យសម្បថរបស់ពួកគេ នៅក្នុងសៀវភៅដែលមានសរសេរបញ្ញត្តិនិងច្បាប់ផ្សេងៗ ដែលព្រះបានប្រទានដល់លោកម៉ូសេ។ លោកយ៉ូស្វេត្រូវបានគោរពស្រឡាញ់ពីសំណាក់រាស្ត្រអ៊ីស្រាអែលទាំងអស់ ហើយសេចក្តីស្លាប់របស់គាត់ ធ្វើឱ្យពួកគេបានយំសោក និងស្តាយស្រណោះជាទីបំផុត។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូស្វេ ជំពូក២៤
ខចងចាំ៖ ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ ។ អេសាយ ៥៥:៦-៧