ថ្ងៃសុក្រ ទី១៨​ ខែមីនា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-២៤)​

ហឹបនៃសេចក្តីសញ្ញារបស់ព្រះ និងជោគវាសនារបស់សាសន៍អ៊ីស្រាអែល


អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញនៅ​ចំពោះ​ទ្រង់​មាន​សេចក្តី​អំណរ​ដ៏​ពោរពេញនៅ​ព្រះហស្ត​ស្តាំ​ទ្រង់​មាន​សេចក្តី​អរ​សប្បាយជា​ដរាប​ត​ទៅ។ ទំនុកតម្កើង ១៦:១១

អំណានប្រចាំថ្ងៃ

ហឹបនៃសេចក្តីសញ្ញារបស់ព្រះ គឺជាហឹបដ៏ពិសិដ្ឋ ដែលបានធ្វើឡើងសម្រាប់ដាក់ក្រឹត្យវិន័យ ១០ ប្រការជាច្បាប់ដែលតំណាងឱ្យព្រះផ្ទាល់។ ហឹបនេះត្រូវបានគេចាត់ទុកថាជាសិរីល្អ និងជាកម្លាំងសម្រាប់សាសន៍អ៊ីស្រាអែល។ និមិត្តសញ្ញានៃព្រះវត្តមានរបស់ព្រះនៃស្ថានសួគ៌ បានគ​ង់​នៅ​លើហឹបនោះ ទាំងថ្ងៃទាំងយប់។ ពួកសង្ឃដែលបំរើការនៅចំពោះហឹបនោះត្រូវបានញែកចេញជាពិសេសសម្រាប់មុខតំណែងដ៏បរិសុទ្ធនេះ។ ពួកសង្ឃទាំងនោះបានពាក់ប្រដាប់បាំងទ្រូង ដែលដាំត្បូងដ៏មានតម្លៃជាច្រើនមុខ ផ្គុំឡើងជាទីក្រុងរបស់ព្រះដែលមានគ្រឹះដប់ពីរ។ នៅតាមជាយប្រដាប់បាំង​ទ្រូងនោះ គឺជាឈ្មោះនៃអំបូរទាំង១២របស់សាសន៍អ៊ីស្រាអែល ដែល​ឆ្លាក់​នៅលើត្បូងដ៏មានតម្លៃស្រោបដោយមាស។ នេះគឺជាប្រដាប់ដ៏មានតម្លៃនិងដ៏ស្រស់ស្អាតបំផុត ដែលព្យួរនឹងស្មាទាំងសងខាងរបស់សង្ឃ គ្របដណ្តប់ពីលើដើមទ្រូង។

នៅផ្នែកខាងស្តាំនិងខាងឆ្វេងនៃប្រដាប់បាំងដើមទ្រូង មានដាំត្បូង​ធំៗពីរ ដែលមានពន្លឺភ្លឺចែងចាំង។ នៅពេលបញ្ហាពិបាកៗត្រូវបានគេនាំមកដើម្បីជំនុំជម្រះ ហើយដែលគេមិនអាចសម្រេចក្តីបានពួកគេបានបញ្ជូន​រឿង​ទាំងនោះ ជូនទៅពួកសង្ឃហើយសង្ឃក៏បានទូលសួរទៅព្រះ ដែលជាអ្នក​ឆ្លើយតបមកពួកគេ។ ប្រសិនបើទ្រង់សព្វព្រះហប្ញទ័យ ហើយប្រសិនបើទ្រង់នឹងប្រទានជោគជ័យដល់ពួកគេ នោះមានពន្លឺរស្មី និងសិរីល្អជាពិសេសបានលេចចេញមកនៅលើត្បូងដ៏មានតម្លៃនៅខាងស្តាំ។ ប្រសិនបើទ្រង់​មិនយល់​ព្រម នោះមានចំហាយឬពពកលេចឡើងនៅលើត្បូងដ៏មានតម្លៃ ដែលនៅ​ឯខាងឆ្វេង។ នៅពេលដែលពួកគេបានទូលសួរដល់ព្រះ ទាក់ទងនឹងការ​ចេញច្បាំង កាលណាត្បូងដ៏មាន​តម្លៃនៅខាងស្តាំបញ្ចេញពន្លឺរស្មីឡើងនោះមានន័យថាព្រះមានបន្ទូលថា ចូរទៅចុះ ហើយឱ្យបានចម្រុងចម្រើនផង។ នៅពេលត្បូងនៅខាងឆ្វេងឡើងស្រអាប់ដោយពពក មានន័យថា ព្រះមាន​បន្ទូលថា អ្នកនឹងមិនអាចចេញទៅបានទេហើយអ្នកនឹងមិន​បានទទួល​ជ័យជំនះដែរ។

នៅពេលដែលសម្តេចសង្ឃបានចូលទៅក្នុងទីបរិសុទ្ធបំផុតមួយឆ្នាំ​ម្តង ហើយបានបំពេញកិច្ចការនៅពីមុខហឹបនៃសេចក្តីសញ្ញា ស្ថិតនៅ​ក្នុង​ព្រះវត្ត​មានដ៏គួរឲ្យរន្ធត់និងភ័យខ្លាចរបស់ព្រះ គាត់បានទូលសួរដល់ទ្រង់ ហើយទ្រង់តែងតែតបឆ្លើយមកគាត់ ដោយព្រះសូរសៀងដែលអាចស្តាប់ឮ។ នៅពេលដែលព្រះជាម្ចាស់ពុំបានឆ្លើយតប ដោយព្រះសូរសៀងរបស់ទ្រង់ ព្រះអង្គបានឱ្យពន្លឺដ៏ពិសិដ្ឋ ហើយនិងសិរីល្អដែលស្ថិតនៅលើទេវតាចេរ៉ូប៊ីន នៅពីលើផ្នែកខាងស្តាំនៃហឹបបង្ហាញពីការយល់ព្រមឬការសព្វព្រះហឫទ័យ។ ប្រសិនបើការស្នើសុំរបស់ពួកគេត្រូវបានបដិសេធ មានពពកដែល​ស្ថិតនៅលើទេវតាចេរ៉ូប៊ីន នៅផ្នែកខាងឆ្វេងហឹបនៃសេចក្តីសញ្ញា។

ទេវតាទាំងបួនអង្គនៃស្ថានសួគ៌តែងតែបានយាងចូលរូមគ្រប់ទាំងការធ្វើដំណើររបស់ហឹបនោះជានិច្ច ដើម្បីការពារហឹបពីគ្រោះថ្នាក់ទាំងឡាយ និងដើម្បីបំពេញនូវគ្រប់ទាំងបេសកកម្ម ដែលព្រះបានប្រទានមកឱ្យពួកលោកបំពេញ ទាក់ទងនឹងហឹបសញ្ញានោះ។ ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះដែលបានហែហមដោយពពួកទេវតាបានយាងពីមុខហឹបនោះ នៅពេលដែលគេបានសែងហឹបនោះឆ្លងទន្លេយ័រដាន់ ហើយទឹកទន្លេបានរីងស្ងួតនៅពីមុខព្រះវត្តមានរបស់ទ្រង់។ ព្រះគ្រីស្ទនិងទេវតាទាំងអស់ បាន​ឈរ​ជិតហឹប ហើយពួកសង្ឃទាំងអស់បានឈរនៅបាតទន្លេ រហូតទាល់តែជនជាតិអ៊ីស្រាអែលទាំងអស់បានឆ្លងកាត់ទន្លេយ័រដាន់ផុត។ ព្រះគ្រីស្ទនិងទេវតាទាំងអស់បានចូលរួមក្នុងការដង្ហែហឹបសញ្ញាជុំវិញទីក្រុងយេរីខូរ ហើយទីបញ្ចប់បានផ្តួលរំលំកំផែងដ៏ធំសម្បើម ហើយបានប្រគល់ទីក្រុងនោះទៅក្នុងកណ្តាប់ដៃនៃសាសន៍អ៊ីស្រាអែល។

អំណានព្រះគម្ពីរពេលល្ងាច៖ សាំយូអែលទី១ ២:១២-១៧

ខចងចាំ៖​​ ចូរ​ស្វែង​រក​ព្រះយេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ទ្រង់​ឃើញ ហើយ​អំពាវនាវ​ដល់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ជិត​ចុះ ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះបង់​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​ឲ្យ​មនុស្ស​ទុច្ចរិត​ចោល​គំនិត​អាក្រក់​របស់​ខ្លួន​ដែរ រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះយេហូវ៉ា​វិញ នោះ​ទ្រង់​នឹង​អាណិត​មេត្តា​ដល់​គេ គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់​គ្នា ដ្បិត​ទ្រង់​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ ។ អេសាយ ៥៥:៦-៧

Powered by CAM