ថ្ងៃសៅរ៍ ទី២៦​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្រប់​ទាំង​អំពើ​បាប​នឹង​បាន​អត់​ទោស​ដល់​ពួក​កូន​មនុស្ស ហើយ​អស់​ទាំង​ពាក្យ​ដែល​គេ​ពោល​ប្រមាថ​ដែរ តែ​អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​មិន​ដែល​បាន​អត់​ទោស​ឲ្យ​ឡើយ អ្នក​នោះ​ឯង​នឹង​ត្រូវ​ទោស នៅ​អស់​កល្ប​ជានិច្ច​វិញ។ ម៉ាកុស ៣:២៨-២៩

អំណានប្រចាំថ្ងៃ លទ្ធផលនៃការធ្វេសប្រហែសរបស់លោកអេលី

នៅពេលដែលលោកអេលីបានធ្វើជាសម្តេចសង្ឃ គាត់បានតែង​តាំង​​កូន​​ប្រុស​របស់គាត់ធ្វើជាសង្ឃ។ មានតែសង្ឃអេលីម្នាក់គត់ដែល​ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទីបរិសុទ្ធមួយឆ្នាំម្តង។ កូនប្រុស​របស់គាត់​ទាំង​ពីរត្រូវបំរើនៅឯទ្វារនៃរោងឧបោសថ ហើយបានធ្វើជាអធិបតីក្នុងការសម្លាប់សត្វនៅឯអាសនាតង្វាយដុត។ ពួកគេទាំងអស់គ្នាបានបំពានច្បាប់នៃតំណែងដ៏ពិសិដ្ឋនេះជាបន្តបន្ទាប់។ ពួកគេជាមនុស្សអាត្មានិយម លោភលន់ល្មោភស៊ី ហើយពាយងាយ (ធ្វើការមិនយកចិត្តទុកដាក់)។ ព្រះទ្រង់បានស្តីបន្ទោសដល់លោកអេលី ចំពោះកំហុសដ៏ធ្ងន់របស់គាត់ ដោយធ្វើមិនដឹងមិនឮក្នុងការដាក់វិន័យគ្រួសារនេះ។ លោកអេលីបានស្តីបន្ទោសកូនប្រុសរបស់គាត់ ប៉ុន្តែ មិនបានរឹតបន្តឹងដល់ពួកគេឡើយ។ បន្ទាប់ពីពួកគេទាំងអស់បានតែងតាំងឱ្យកាន់តំណែងដ៏ពិសិដ្ឋ ជាសង្ឃហ្លូងមក លោកអេលីបានឮអំពីការប្រព្រឹត្តិរបស់ពួកគេ ក្នុងការកេងបន្លំនូវតង្វាយរបស់កូនចៅអ៊ីស្រាអែល ព្រមទាំងការបំពានច្បាប់ដ៏មុតមាំរបស់ព្រះ និងមាយាទអាក្រក់របស់ពួកគេដែលការទាំងនោះបានធ្វើឱ្យសាសន៍អ៊ីស្រាអែលមានអំពើបាប។

ព្រះជាម្ចាស់​ទ្រង់បានធ្វើឱ្យកុមារសាំយូអែលដឹងពីការជំនុំជម្រះ ដែល​ទ្រង់នឹងនាំមកដល់គ្រួសាររបស់សង្ឃអេលី ដោយសារតែការធ្វេស​ប្រហែស​របស់គាត់។ «ដូច្នេះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើលអញរៀប​នឹងធ្វើការ​មួយ នៅក្នុងសាសន៍អ៊ីស្រាអែល ដែលនឹងធ្វើឱ្យខ្ទ័រដល់ត្រចៀកទាំងសងខាងនៃអស់អ្នកណាដែលឮនៅថ្ងៃនោះអញនឹងសម្រេចទាស់នឹងអេលី តាមគ្រប់ទាំងការដែលអញបាននិយាយពីពួកគ្រួសារលោក ហើយ​ចាប់​តាំង​ពី​ដើម ដរាបដល់ចុងផង ដ្បិតអញបានប្រាប់លោកហើយថាអញនឹងជំនុំជម្រះពួកគ្រួសារលោកជាដរាបទៅ ដោយព្រោះអំពើដ៏លាមក ដែល​លោកបាន​ដឹងពីពួកកូនលោក ជាការដែលនាំឱ្យគេត្រូវបណ្តាសា ហើយ​លោក​ពុំបាន​ហាមឃាត់ដល់គេទេ គឺដោយហេតុនោះបានជាអញស្បថដល់គ្រួសារអេលីថា ទោះបីយកយញ្ញបូជាឬ​តង្វាយណាមកថ្វាយក៏ដោយ គង់តែមិនបានដូរនឹងអំពើលាមកដែលពួកគ្រួសារលោកបានប្រព្រឹត្តដែរ នៅជាដរាបតទៅ»។

ការបំពានច្បាប់របស់កូនប្រុសៗរបស់លោកអេលី គឺជាការប្រមាថដ៏​គឃ្លើន ចំពោះព្រះដ៏បរិសុទ្ធ ដែលគ្មានយញ្ញបូជាណាអាចនឹងលោះឱ្យធួននឹងការបំពានដោយចេតនាបែបនោះបានឡើយ។ សង្ឃដ៏ពោរពេញ​ដោយ​អំពើបាប ដែលមិនគោរពកោតខ្លាចព្រះទាំងអស់នេះ បានប្រមាថមើល​ងាយ​ ដល់យញ្ញបូជាដែលជាតំណាងឱ្យព្រះរាជបុត្រារបស់ព្រះ។ ហើយតាមរយៈ​ការប្រព្រឹត្តិប្រមាថ​បែបនេះ ពួកគេបានជាន់ឈ្លីព្រះលោហិតសម្រាប់ជាថ្លៃលោះឱ្យធួននឹងបាបដែលមានតម្លៃលើសតង្វាយយញ្ញបូជាណាៗទាំងអស់។

សាំយូអែលបានប្រាប់លោកអេលីពីព្រះបន្ទូលរបស់ព្រះ «រួចអេលី​និយាយថា គឺជាព្រះយេហូវ៉ា ហើយសូមឱ្យទ្រង់សម្រេចតាមតែទ្រង់គិត​​​ឃើញ​ថាល្អចុះ»។ លោកអេលីបានដឹងថា ពួកគេបានបន្ទាប​បន្ថោក​ព្រះ​ហើយ ហើយគាត់បានដឹងថា គាត់ជាមនុស្សមានបាបផង។ គាត់បានទទួលស្គាល់​ថាព្រះកំពុងតែដាក់ទណ្ឌកម្មដល់ការធ្វេសប្រហែសដ៏មានបាបរបស់គាត់។ លោកអេលីបានផ្សព្វផ្សាយព្រះបន្ទូលដែលព្រះបានប្រទានដល់កុមារសាំយូអែលឱ្យបណ្តាជនអ៊ីស្រាអែលទាំងអស់បានដឹង។ គាត់បានគិតថា ដោយការធ្វើដូច្នេះគាត់អាចកែតម្រូវនូវកំហុសនៃការធ្វេសប្រហែសដ៏ពោរពេញដោយអំពើបាបពីអតីតកាលរបស់គាត់បាន។ ការកាត់ទោសអំពើ​អាក្រក់​​របស់លោកអេលីមិនត្រូវបានពន្យារពេលទៀតទេ។

អំណានព្រះគម្ពីរពេលល្ងាច៖ សាំយូអែលទី១ ជំពូក​៣

ខចងចាំ៖​​ ចូរ​ស្វែង​រក​ព្រះយេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ទ្រង់​ឃើញ ហើយ​អំពាវនាវ​ដល់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ជិត​ចុះ ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះបង់​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​ឲ្យ​មនុស្ស​ទុច្ចរិត​ចោល​គំនិត​អាក្រក់​របស់​ខ្លួន​ដែរ រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះយេហូវ៉ា​វិញ នោះ​ទ្រង់​នឹង​អាណិត​មេត្តា​ដល់​គេ គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់​គ្នា ដ្បិត​ទ្រង់​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ ។ អេសាយ ៥៥:៦-៧

Powered by CAM