ថ្ងៃអាទិត្យ ទី២៧​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​រក្សា​បញ្ញើ​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដើម្បី​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្តី​បង្គាប់ និង​ក្រឹត្យក្រម ហើយ​នឹង​សេចក្តី​បន្ទាល់​របស់​ទ្រង់​តាម​សេចក្តី ដែល​បាន​កត់​ទុក​ហើយ ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ប្រយោជន៍​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ធ្វើ ហើយ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ។ ពង្សាវតាក្សត្រទី១ ២:៣

អំណានប្រចាំថ្ងៃ ហឹបនៃសេចក្តីសញ្ញាត្រូវបានគេដណើមយកទៅ

សាសន៍អ៊ីស្រាអែលបានធ្វើសង្គ្រាមជាមួយសាសន៍ភីលីស្ទីន ហើយ​ពួកគេបានបរាជ័យ និងមានមនុស្ស ៤០០០ នាក់ ក្នុងចំណោមពួកគេត្រូវបានគេសម្លាប់។ សាសន៍ហេព្រើរមានសេចក្តីភ័យខ្លាចយ៉ាងខ្លាំង។ ពួកគេបានដឹងថាប្រសិនបើសាសន៍ដទៃផ្សេងទៀតបានឮពីការបរាជ័យរបស់ពួកគេ នោះពួកគេនឹងមានកម្លាំងចិត្តមកបង្កសង្គ្រាមជាមួយពួកគេជាមិនខាន។ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលបានដឹងយ៉ាងច្បាស់ថា ការបរាជ័យ​របស់​ពួកគេ គឺដោយសារតែហឹបនៃសេចក្តីសញ្ញារបស់ព្រះមិនបាននៅជាមួយនឹងពួកគេ។ ពួកគេបានបញ្ជូនមនុស្សទៅឯស៊ីឡូរឱ្យទៅយកហឹបនៃសេចក្តី​សញ្ញារបស់ព្រះ។ ពួកគេបានគិតដល់ការធ្វើដំណើរឆ្លងកាត់ទន្លេយ័រដាន់ និងការដណ្តើមយកទីក្រុងយេរីខូរបានយ៉ាងស្រួល នៅពេលដែលពួកគេបានសែងហឹបនៃសេចក្តីសញ្ញា ដូច្នេះពួកគេបានសម្រេចចិត្តថា ពួកគេ​ចាំបាច់ត្រូវតែនាំយកហឹបនៃសេចក្តីសញ្ញាមកកាន់ពួកគេ នោះពួកគេនឹង​ទទួល​បានជ័យជំនះ លើខ្មាំងសត្រូវរបស់ពួកគេ។ ពួកគេមិនបានដឹងថា កម្លាំង​របស់គេគឺស្ថិតនៅលើការស្តាប់បង្គាប់តាមច្បាប់ ជាការតំណាងឱ្យព្រះដែល​នៅក្នុងហឹបនោះឡើយ។ ហុបនីនិងភីនេហាសគឺជាសង្ឃដែលពុករលួយ ដែលបាននៅជាមួយនឹងហឹបដ៏ពិសិដ្ឋ កំពុងតែបំពានទៅលើច្បាប់​របស់​ព្រះ។ អ្នកមានបាបទាំងនេះបានសែងហឹបនៃសេចក្តីសញ្ញាទៅកាន់ទីបោះទ័ពរបស់សាសន៍អ៊ីស្រាអែល។ ទំនុកចិត្តរបស់ពួកកងទ័ពត្រូវបានស្តារឡើងវិញ ហើយពួកគេបានទុកចិត្តទៅលើជោគជ័យរបស់ពួកគេ។

«កាលហឹប​នៃ​សេចក្តី​សញ្ញារបស់ព្រះយេហូវ៉ាបានមកដល់ក្នុងទីបោះទ័ពហើយ នោះស្រាប់​តែ​ពួកអ៊ីស្រាអែលទាំងអស់គ្នា គេស្រែកឡើងជាខ្លាំងដល់ម៉្លេះបានជាឮខ្ទ័រខ្ទារនៅផែនដី នោះពួកភីលីស្ទីនបានឮសូរស័ព្ទសម្រែកដូច្នោះក៏សួរគ្នាថា តើសូរស័ព្ទសម្រែកជាខ្លាំងដល់ម៉្លេះនៅទីបោះទ័ព​​របស់ពួកសាសន៍ហេព្រើរ ជាយ៉ាងណាហ្ន៎ នោះក៏យល់ឃើញថា ហឹបនៃព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ ដូច្នេះពួកភីលីស្ទីនមានសេចក្តីភ័យ ដោយថាព្រះបានយាងមកក្នុងទីបោះទ័ពគេហើយ រួចគេថា វរហើយ​យើងរាល់គ្នា តើមានអ្នកណានឹងជួយយើងឱ្យរួចពីកណ្តាប់ដៃនៃព្រះដ៏​ខ្លាំង​ពូកែទាំងនេះបានឬ? ទាំងអស់នេះហើយគឺជាព្រះដែលបានវាយពួកសាសន៍អេស៊ីព្ទ។

នៅទីរហោស្ថានដោយសេចក្តីវេទនាគ្រប់យ៉ាង ឱពួកភីលីស្ទីនអើយ ចូរខំប្រឹងឡើង ហើយ​សម្រេច​ខ្លួនឱ្យពេញជាមនុស្សចុះ ដើម្បីកុំឱ្យយើងត្រូវធ្លាក់ទៅជាបាវបំរើនៃពួកហេព្រើរ ដូចជាគេបានធ្វើជាបាវបំរើដល់យើងនោះឡើយ ចូរសម្រេច​ខ្លួនឱ្យពេញជាមនុស្ស ហើយតដៃនឹងគេចុះ ដូច្នេះ ពួក ភីលីស្ទីន​ក៏ពួតដៃគ្នា ហើយពួកអ៊ីស្រាអែលចាញ់ដៃរត់ទៅឯត្រសាលវិញរៀងខ្លួនក៏មានមនុស្ស​ស្លាប់យ៉ាងសន្ធឹក គឺពួកពលថ្មើរជើងខាងអ៊ីស្រាអែលបានដួលស្លាប់អស់ចំនួន ៣ម៉ឺននាក់ ឯហឹបនៃព្រះគេក៏ចាប់នាំយកទៅ ចំណែកហុបនី និងភីនេ​ហាស ជាកូនអេលីទាំងពីរក៏ស្លាប់ដែរ»។

អំណានព្រះគម្ពីរពេលល្ងាច៖ សាំយូអែលទី១ ៤:១-១១

ខចងចាំ៖​​ នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ តាម​ឈ្មោះ​អញ គេ​បន្ទាប​ខ្លួន ហើយ​អធិស្ឋាន​រក​មុខ​អញ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​អញ​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​នឹង​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង។ របាក្សត្រទី២ ៧:១៤

Powered by CAM