ថ្ងៃចន្ទ ទី២៨​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ មើល នៅ​ថ្ងៃ​នេះ អញ​ដាក់​ព្រះ​ពរ ហើយ​នឹង​សេចក្តី​បណ្តាសា សំញែង​នៅ​មុខ​ឯង​រាល់​គ្នា បើ​ឯង​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​នឹង​បាន​ពរ តែ​បើ​មិន​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទេ គឺ​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ទៅ​តាម​ព្រះ​ដទៃ​ដែល​ពី​ដើម​មិន​បាន​ស្គាល់​វិញ នោះ​ឯង និង​ត្រូវ​បណ្តាសា​ហើយ។ ចោទិយកថា ១១:២៦-២៨

អំណានប្រចាំថ្ងៃ ការស្លាប់របស់លោកអេលី

ពួកសាសន៍ភីលីស្ទីនបានគិតថា ហឹបនេះគឺជាព្រះរស់របស់សាសន៍អ៊ីស្រាអែល។ ពួកគេមិនបានដឹងថា ព្រះដ៏មានព្រះជន្មរស់ដែលបានបង្កើតផ្ទៃមេឃនិងផែនដី និងជាព្រះដែលបានប្រទានក្រឹត្យវិន័យរបស់ទ្រង់នៅលើភ្នំស៊ីណាយ ទ្រង់បានធ្វើឱ្យមានភាពចម្រុងចម្រើន និងការខ្វះខាត អាស្រ័យទៅលើការស្តាប់បង្គាប់ឬការបំពានទៅនឹងច្បាប់របស់ទ្រង់ ដែលមាននៅក្នុងហឹបដ៏ពិសិដ្ឋនេះនោះ។

មានចំនួនមនុស្សស្លាប់យ៉ាងសន្ធឹក ក្នុងចំណោមសាសន៍អ៊ីស្រាអែល។ លោកអេលីបានអង្គុយនៅមាត់ផ្លូវកំពុងទន្ទឹងរង់ចាំដំណឹងពីកងទ័ពដោយញ័ររន្ធត់។ គាត់ភ័យខ្លាចក្រែងហឹបនៃសេចក្តីសញ្ញារបស់ព្រះត្រូវពួកសត្រូវ​ចាប់យកបាន ហើយធ្វើឱ្យអាប់ឱន ដោយកងទ័ពភីលីស្ទីន។ អ្នកនាំសារ ម្នាក់បានរត់ទៅឯសីឡូរ ហើយបានជម្រាបដល់អេលីថា កូនប្រុសទាំងពីរនាក់របស់គាត់ត្រូវបានគេសម្លាប់ហើយ។ គាត់ខំទ្រាំទ្រនឹងដំណឹងនេះ​បាន​ដោយឥតចេញស្តីមួយម៉ាត់ឡើយ ដ្បិតគាត់មានហេតុផលក្នុងការទទួលរងនូវទណ្ឌកម្មនេះ។ ប៉ុន្តែ នៅពេលដែលអ្នកនាំសារបានបន្ថែមថា «ឯហឹប​របស់​ព្រះគេបានយកទៅហើយ» លោកអេលីបានយោលខ្លួនដោយចិត្តកង្វល់នៅលើជើងម៉ា ហើយដួលផ្ងារក្រោយស្លាប់ទៅ។ គាត់បានទទួល​ចំណែកនៃសេចក្តីក្រោធរបស់ព្រះដែលត្រូវបានធ្លាក់មកលើកូនរបស់គាត់។ គាត់មានកំហុសយ៉ាងធ្ងន់ ក្នុងការការបំពានរបស់កូនគាត់ ដោយសារគាត់បានធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរ មិនបានរឹតបន្តឹង​ពួកគេ​ឱ្យ​បាន​ល្អ។

ការចាប់យកហឹបរបស់ព្រះដោយសាសន៍ភីលីស្ទីនត្រូវបានចាត់ទុកថាជាសេចក្តីវិនាសដ៏ធំដែលបានកើតឡើងដល់សាសន៍អ៊ីស្រាអែល។ នៅ​ពេល​ដែលនាងជិតស្លាប់ ប្រពន្ធរបស់ភីនេហាសបានដាក់ឈ្មោះកូននាងថា អ៊ីកាបូឌ ដោយពាក្យថា «សិរីល្អរបស់ព្រះបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ គឺដោយព្រោះគេបានចាប់យកហឹបនៃព្រះទៅ»។

អំណានព្រះគម្ពីរពេលល្ងាច៖ សាំយូអែលទី១ ៤:១២-២២

ខចងចាំ៖​​ នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ តាម​ឈ្មោះ​អញ គេ​បន្ទាប​ខ្លួន ហើយ​អធិស្ឋាន​រក​មុខ​អញ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​អញ​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​នឹង​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង។ របាក្សត្រទី២ ៧:១៤

Powered by CAM