ថ្ងៃអង្គារ ទី២៩​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ឱ​ព្រះអម្ចាស់​អើយ នៅ​ក្នុង​អស់​ទាំង​ពួក​ព្រះគ្មាន​ណា​មួយ​ឲ្យ​ដូច​ជា​ទ្រង់​ឡើយក៏​គ្មាន​ការ​អ្វី​ឲ្យ​ដូច​ជា​ការ​របស់​ទ្រង់​ដែរឱ​ព្រះអម្ចាស់​អើយអស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើតគេ​នឹង​មក​ក្រាប​ថ្វាយបង្គំ​នៅ​ចំពោះ​ទ្រង់ហើយ​គេ​នឹង​លើក​ដំកើង​ព្រះនាម​ទ្រង់ ដ្បិត​ទ្រង់​​ធំ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​យ៉ាង​អស្ចារ្យទ្រង់​ជា​ព្រះ​តែ​មួយ​អង្គ​ឯង។ ទំនុកតម្កើង ៨៦:៨-១០

អំណានប្រចាំថ្ងៃ នៅក្នុងទឹកដីនៃសាសន៍​ភីលីស្ទីន

ព្រះយេហូវ៉ាទ្រង់បានបណ្តោយឱ្យពួកសត្រូវយកហឹបនៃសេចក្តីសញ្ញារបស់ទ្រង់ទៅ ដើម្បីបង្ហាញដល់សាសន៍អ៊ីស្រាអែលពីការឥតប្រយោជន៍ ក្នុងការទុកចិត្តទៅលើហឹបដែលជានិមិត្តរូបនៃព្រះវត្តមានរបស់ទ្រង់ នៅពេលដែលពួកគេកំពុងតែប្រមាថមើលងាយដល់ច្បាប់ដែលមាននៅក្នុងហឹបនោះ។ ព្រះបានធ្វើឱ្យគេបន្ទាបខ្លួន ដោយដកហូតចេញពីពួកគេនូវហឹបដ៏ពិសិដ្ឋ កម្លាំងដ៏អំនួតនិងទំនុកចិត្តរបស់គេ។

សាសន៍ភីលីស្ទីនរីករាយខ្លាំងណាស់ ព្រោះពួកគេបានគិតថាគេមានព្រះដ៏ល្បីល្បាញរបស់សាសន៍អ៊ីស្រាអែល ជាព្រះដែលបានសម្តែង​ការដ៏​អស្ចារ្យដល់ពួកគេ ហើយបានធ្វើឱ្យពួកសត្រូវរបស់គេភ័យញ័រ។ ពួកគេបានយកហឹបរបស់ព្រះទៅកាន់ទីក្រុងអាសដូឌ ហើយបានដាក់ហឹបនោះនៅក្នុងព្រះវិហារយ៉ាងប្រណីត ដែលគេបានសាងឡើង សម្រាប់លើកតម្កើងដល់ព្រះដ៏ល្បីបំផុតរបស់ពួកគេ គឺព្រះដាកុន ហើយបានដាក់ហឹបរបស់ព្រះនៅក្បែរព្រះនោះ។ លុះស្អែកឡើង សង្ឃនៃព្រះទាំងនេះបានចូលទៅក្នុងព្រះវិហារ ហើយពួកគេមានការតក់ស្លុតជាខ្លាំងដោយឃើញព្រះ ដាកុន​បានដួលផ្កាប់​មុខដល់ដីនៅចំពោះហឹបនៃព្រះយេហូវ៉ា។ រួចពួកគេលើកព្រះដាកុនទៅដាក់នៅកន្លែងដើមវិញ។ ពួកគេបានគិតថា ប្រហែលជាព្រះដាកុនបានដួលរលំដោយចៃដន្យទេ។ ប៉ុន្តែ លុះដល់ថ្ងៃស្អែកឡើង នោះក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី ដូចថ្ងៃមុន ហើយក្បាលនិងដៃទាំងពីររបស់ព្រះដាកុនក៏ត្រូវបានកាត់ផ្តាច់។

ទេវតានៃព្រះដែលធ្លាប់បានយាងរួមដំណើរជាមួយហឹបនៃសេចក្តីសញ្ញា បានបង្ក្រាបព្រះដែលជារូបសំណាក គ្មានវិញ្ញាណនេះ ហើយក្រោយមកទៀតបានធ្វើឱ្យរូបនោះបាក់បែក ដើម្បីបង្ហាញថា ព្រះដែលជា​ព្រះមាន​ព្រះជន្មរស់ ទ្រង់គឺជាព្រះលើអស់ទាំងព្រះ ហើយនៅចំពោះទ្រង់ ព្រះដទៃទាំងឡាយគ្មានអំណាចអ្វីសោះឡើយ។ ពួកអ្នកមិនជឿលើព្រះជាម្ចាស់គេ​គោរពដល់ព្រះដាកុន ជាព្រះរបស់ពួកគេយ៉ាងក្រៃលែង ហើយនៅពេលដែលពួកគេបានរកឃើញព្រះនោះត្រូវបានបំផ្លាញ ហើយដូលផ្កាប់មុខទៅនឹងដី នៅចំពោះហឹបរបស់ព្រះយេហូវ៉ា ពួកគេមានទុក្ខកង្វល់ជាខ្លាំង ហើយបានចាត់ទុកការនេះថាជាប្រផ្នូលដ៏អាក្រក់ សម្រាប់សាសន៍ភីលីស្ទីន។ ពួកគេ​បានបកស្រាយថាសាសន៍ភីលីស្ទីន និងព្រះរបស់គេនឹងត្រូវបានបង្ក្រាប ហើយនិងត្រូវបានបំផ្លាញដោយ​ពួកសាសន៍ហេព្រើរ ហើយថាព្រះរបស់សាសន៍ហេព្រើរនឹងត្រូវមានអំណាចខ្លាំងជាងព្រះទាំងអស់។ ពួកគេក៏បានយកហឹបរបស់ព្រះយេហូវ៉ាចេញពីព្រះវិហារនៃរូបព្រះរបស់ពួកគេ ហើយបានដាក់នៅដោយឡែកដាច់តែឯង។

អំណានព្រះគម្ពីរពេលល្ងាច៖ សាំយូអែលទី១ ជំពូក​៥

ខចងចាំ៖​​ នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ តាម​ឈ្មោះ​អញ គេ​បន្ទាប​ខ្លួន ហើយ​អធិស្ឋាន​រក​មុខ​អញ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​អញ​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​នឹង​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង។ របាក្សត្រទី២ ៧:១៤

Powered by CAM