ថ្ងៃព្រហស្បតិ៍ ទី០៣​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី១៩-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នកដែល​អំពាវនាវ​ដល់​ទ្រង់គឺ​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់។ ទំនុកតម្កើង ១៤៥:១៨

អំណានប្រចាំថ្ងៃ ពីរផ្នែក

រោងឧបោសថត្រូវបានផ្សំទ្បើងដោយផ្នែកពីរ ខណ្ឌចែកដោយវាំង​ននស្បៃ។ គ្រប់ទាំងគ្រឿងសង្ហារឹមនៃរោងឧបោសថត្រូវបានធ្វើទ្បើងពីមាសសុទ្ធ ជ្រលក់ទឹកមាស។ វាំងនននៃរោងឧបោសថមានពណ៌ផ្សេងៗគ្នា ដែលត្រូវបានរៀបចំទ្បើងយ៉ាងស្អាតជាទីបំផុត ហើយវាំងននទាំងអស់ត្រូវបានត្បាញដោយសរសៃអំបោះមាសហើយនិងប្រាក់ ចេរ៉ូប៊ីនដែល​តំណាង​ឱ្យ​ពួកពល​បរិវារ នៅស្ថានសួគ៌ ដែលជាប់ទាក់ទងទៅនឹងការងារនៃទីបរិសុទ្ធនៅស្ថានសួគ៌និងជាទេវតាបំរើដល់ពួកបរិសុទ្ធដែលនៅលើផែនដី។ នៅខាង​ក្នុងវាំងននទីពីរ គេបានដាក់ហឹបសញ្ញានៃទីបន្ទាល់ ហើយវាំងនន​ដ៏ល្អត្រូវបានបាំងនៅពីមុខហឹបសញ្ញាដ៏ពិសិដ្ឋ។ វាំងនននេះមិនត្រូវបាន​បាំងរហូត​ដល់កំពូលនៃអាគារទេ។ គេអាចមើលឃើញសិរីល្អរបស់ព្រះ ដែលនៅលើ​ទីសន្តោស​ប្រោស ពីផ្នែកទាំងពីរ ប៉ុន្តែ គេឃើញសិរីល្អតិចជាង បើមើលពីផ្នែកទី១។

នៅពីមុខហឹបសញ្ញាជាប់ មានខណ្ឌដោយវាំងនន គឺជាអាសនាគ្រឿងក្រអូបដែលធ្វើពីមាស។ ភ្លើងដែលនៅលើអាសនានេះ ត្រូវបានបង្កាត់ឡើង​ដោយព្រះផ្ទាល់ សម្រាប់ដុតបញ្ឆេះកំញ្ញាណដ៏បរិសុទ្ធ ដែលនឹងបំពេញ​ទីបរិសុទ្ធ ដោយក្លិនក្រអូបទាំងថ្ងៃទាំងយប់។ ក្លិនក្រអូបរបស់វាបានសាយភាយរាប់គីឡូម៉ែត្រ ជុំវិញរោងឧបោសថ។ នៅពេលដែលសង្ឃបានថ្វាយកំញាណនៅចំពោះព្រះជាម្ចាស់ គាត់បានសម្លឹងមើល​ទៅទីសន្តោស​ប្រោស។ ទោះបីជាគាត់មិនអាចមើលឃើញទីសន្តោសប្រោសនោះក៏ដោយ ក៏គាត់ បានដឹងច្បាស់ថា វានៅទីនោះដែរ ហើយនៅពេលដែលផ្សែងនៃកំញ្ញាណ បានហុយឡើង សិរីល្អនៃព្រះអម្ចាស់បានយាងចុះមកលើទីសន្តោសប្រោស ហើយបានបំពេញទីបរិសុទ្ធបំផុត ធ្វើឱ្យគេអាចមើលឃើញពីទីបរិសុទ្ធហើយ សិរីល្អតែងតែបំពេញផ្នែកទាំងពីរនៃរោងឧបោសថរហូតដល់សង្ឃមិនអាចប្រារឰពីធីបាន រួចត្រូវតែឈរចាំនៅទ្វារនៃរោងឧបោសថ។

សង្ឃក្នុងទីបរិសុទ្ធតម្រង់សេចក្តីអធិស្ឋានរបស់គាត់ ដោយសេចក្តី ជំនឿទៅកាន់ទីសន្តោស​ប្រោស ជាកន្លែងដែលគាត់មើលមិនឃើញ តំណាង ឱ្យរាស្ត្ររបស់ព្រះតម្រង់សេចក្តីអធិស្ឋានរបស់ពួកគេទៅកាន់ព្រះគ្រីស្ទ នៅ ពីមុខទីសន្តោប្រោស នៅក្នុងទីបរិសុទ្ធនៅស្ថានសួគ៌។ ពួកគេមិនអាចមើលឃើញព្រះដែលជាអ្នកផ្សះផ្សារបស់គេ ដោយភ្នែកសាច់ទេ ប៉ុនែ្ត ដោយភែ្នក​នៃសេចក្តីជំនឿពួកគេឃើញព្រះគ្រីស្ទគង់នៅពីមុខទីសន្តោសប្រោសហើយតម្រង់ការអធិស្ឋានរបស់ពួកគេទៅឯព្រះ ហើយទាមទារអត្ថប្រយោជន៍នៃការសម្រុះសម្រួលរបស់ព្រះ ដោយការធានារ៉ាប់រង។

អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ៣០:១-២០

ខចងចាំ៖​​ អញ​នឹង​ដើរ​នៅ​កណ្តាល​ពួក​ឯង ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ ។ លេវីវិន័យ ២៦:១២

Powered by CAM