ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ អញនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ ក្រៅពីអញឥតមានព្រះណាទៀតសោះ អញនឹងក្រវាត់ឲ្យឯង ទោះបើឯងមិនស្គាល់អញក៏ដោយ ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្លៃលិចបានដឹងថា ក្រៅពីអញគ្មានព្រះណាផ្សេងទៀតឡើយ គឺអញនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ។ អេសាយ ៤៥:៥-៦
អំណានប្រចាំថ្ងៃ ការវិលត្រឡប់ទៅឯប្រទេសអ៊ីស្រាអែលវិញ
មនុស្សខ្លះមិនពេញចិត្តនឹងយោបល់នេះទេ។ ដែលសែងហឹបត្រឡប់ទៅវិញនោះ វាជាការអាម៉ាស់ពេកហើយ ហើយពួកគេបានសំអាងថាគ្មាននរណាម្នាក់ក្នុងចំណោមសាសន៍ភីលីស្ទីន ហ៊ានប្រថុយជីវិតសែងហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែល ដែលធ្លាប់បាននាំនូវសេចក្តីស្លាប់មកលើពួកគេនោះទ្បើយ។ ពួកហោរារបស់គេបានទទូចអង្វរ ដល់ប្រជាជនកុំឱ្យមានចិត្តរឹងរូសដូចជាសាសន៍អេស៊ីព្ទនិងស្តេចផារ៉ោន ហើយធ្វើឱ្យការឈឺចាប់និងសេចក្តីវេទនានៅតែមាននៅលើទឹកដីដូច្នោះឡើយ។
ហើយនៅពេលដែលពួកគេនៅតែខ្លាច មិនហ៊ានយកហឹបរបស់ព្រះត្រឡប់ទៅវិញ ពួកហោរាបានឱ្យយោបល់ដោយនិយាយថា «ដូច្នេះ ឥឡូវនេះ ចូរធ្វើរទេះមួយថ្មីហើយយកគោញី ដែលបំបៅកូនឥតដែលមានអ្នកណាយកនឹមមកទឹមនៅឡើយ រួចឱ្យទឹមនឹងរទេះនោះ ហើយដេញកូនពីវាឱ្យទៅផ្ទះវិញ . . .។ រួចគោនោះក៏ចេញតម្រង់តាមផ្លូវទៅឯបេតសេមែស គឺទៅតាមថ្នល់តែ ១ នោះទាំងរោទ៍បណ្តើរ ឥតមានងាកបែរ ទៅខាងស្តាំ ឬ ខាងឆ្វេងឡើយ»។
សាសន៍ភីលីស្ទីនគេដឹងថា មនុស្សមិនអាចបង្ខំមេគោទាំងឡាយឱ្យចាកចេញពីកូនគោដែលនៅឯផ្ទះនោះទេ លុះត្រាតែមានអំណាចដែលមើលមិនឃើញណាមួយបានជំរុញវា។ មេគោបានដើរតម្រង់ទៅឯបេតសេមែស ស្រែករោទ៍រកកូនៗរបស់វា រួចវាក៏ចេះតែដើរឆ្ពោះទៅមុខ ចោលកូនរបស់វាឆ្ងាយទៅៗ។ ឯពួកមេនៃសាសន៍ភីលីស្ទីនគេក៏ដើរតាម រហូតដល់ព្រំស្រុកបេតសេមែស។ ពួកគេមិនហ៊ានប្រគល់ហឹបដ៏ពិសិដ្ឋនោះ ទៅលើមេគោទាំងស្រុងនោះទេ ដោយគេខ្លាចក្រែងមានហេតុការណ៍អាក្រក់ណាមួយកើតឡើងដល់ហឹបនោះ នោះការវិនាសដ៏ធំនឹងធ្លាក់មកលើពួកគេ ជាក់ជាមិនខាន។ ពួកគេពុំបានដឹងថា ទេវតានៃព្រះបានយាងតាមហឹប ហើយបានដឹកនាំគោទាំងពីរ ទៅតាមផ្លូវរបស់វា ទៅកាន់កន្លែងដែលត្រូវទុកហឹបសញ្ញានោះឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ សាំយូអែលទី១ ៦:១០-១២
ខចងចាំ៖ នោះបើរាស្ត្រអញ ដែលបានហៅ តាមឈ្មោះអញ គេបន្ទាបខ្លួន ហើយអធិស្ឋានរកមុខអញ ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះអញនឹងស្តាប់ពីលើស្ថានសួគ៌ ហើយនឹងអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង។ របាក្សត្រទី២ ៧:១៤