ថ្ងៃសុក្រ ទី០៤​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី១៩-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ឱ​ព្រះអង្គ ទ្រង់​គួរ​ស្ញែង​ខ្លាច​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់ ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ប្រទាន​កំឡាំងនឹង​អំណាច​ដល់​រាស្ត្រ​ទ្រង់ សូម​ឲ្យ​ព្រះ​បាន​ប្រកប​ដោយ​ព្រះពរ​ចុះ។ ទំនុកតម្កើង ៦៨:៣៥

អំណានប្រចាំថ្ងៃ ឧបោសថដែលព្រះវិញ្ញាណសណ្ឋិតដ៏អស្ចារ្យ

ទីកន្លែងដ៏ពិសិដ្ឋទាំងអស់នេះមិនមានបង្អួចឱ្យមានពន្លឺចូលទេ។ ជើងទៀនដែលធ្វើពីមាសសុទ្ធបំផុត ហើយមានទៀនឆេះទាំងថ្ងៃទាំងយប់ ដែលផ្តល់ពន្លឺទៅដល់ផ្នែកទាំងពីរ។ ពន្លឺចង្កៀងនៅលើជើងចង្កៀងជះពន្លឺ​ទៅ​លើបន្ទះក្តារស្រោបមាស នៅជុំវិញអាគារ ទៅលើគ្រឿងសង្ហារឹមដ៏ពិសិដ្ឋ និងទៅលើវាំងននដែលមានពណ៌ផ្សេងៗគ្នា ដ៏ស្រស់ស្អាតជាមួយទេវតា​ចេរ៉ូប៊ីនត្បាញដោយសរសៃអំបោះមាសនិងប្រាក់បញ្ចេញសិរីរុងរឿងយ៉ាងអស្ចារ្យរកថ្លែងមិនបាន។ គ្មានភាសាណាដែលអាចពិពណ៌នានូវសម្រស់ ភាពគួរឱ្យស្រឡាញ់ ហើយនិងសិរីល្អដ៏ពិសិដ្ឋនៃទិដ្ឋភាពរបស់អាគារទាំងពីរនេះបានឡើយ។ មាសនៅក្នុងទីបរិសុទ្ធចាំងទៅលើពណ៌នៃវាំងនន បង្កើត​បានជាពណ៌ផ្សេងៗគ្នាហាក់បីដូចជាឥន្ទធនូ។

សម្តេចសង្ឃអាចចូលទៅក្នុងទីបរិសុទ្ធបំផុតតែម្តងប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ បន្ទាប់ពីការរៀបចំដោយប្រុងប្រយ័ត្ន និងហ្មត់ចត់បំផុតមក។ គ្មានភែ្នក​មនុស្សធម្មតាអាចមើលបានឡើយ មានតែសម្តេចសង្ឃមួយប៉ុណ្ណោះ ដែលអាចសម្លឹងមើលទៅភាពពិសិដ្ឋដ៏រុងរឿងនៃទីបរិសុទ្ធនោះ ពីព្រោះទីនោះគឺជាកន្លែងដែលសិរីល្អរបស់ព្រះ ដែលមនុស្សអាចមើលឃើញគង់នៅ។ សម្តេចសង្ឃតែងចូលទៅខាងក្នុងដោយការញ័ររន្ធត់ ខណៈពេលដែល​ពួកបណ្តាជន បានរង់ចាំការវិលត្រឡប់មកវិញរបស់គាត់ដោយភាពស្ងាត់ជ្រងំ។ សេចក្តីប្រាថ្នាដ៏ស្មោះអស់ពីចិត្តរបស់គេចំពោះព្រះគឺជាព្រះពររបស់ទ្រង់។ ព្រះជាម្ចាស់បានមានបន្ទូលមកកាន់សម្តេចសង្ឃនៅពីមុខទីសន្តោសប្រោស។ ប្រសិន បើសម្តេចសង្ឃស្ថិតនៅក្នុងទីបរិសុទ្ធបំផុតក្នុងរយៈពេលយូរខុសពីធម្មតា ពួកបណ្តាជនតែងតែមានការភ័យខ្លាចជាខ្លាំងព្រោះថា ដោយសារតែ​អំពើ​បាប​របស់ពួកគេ ឬដោយសារអំពើបាបរបស់សម្តេចសង្ឃសិរីល្អរបស់ព្រះបានសម្លាប់គាត់ហើយ។ ប៉ុន្តែ នៅពេលដែលសំឡេងចង្ក្រង់ដែលត្រូវបានគេដេរភ្ជាប់នឹងសំលៀកបំពាក់របស់គាត់បានបន្លឺឡើង ពួកគេបាន​ធូរស្រាល​ឡើងវិញ។ ពេលនោះគាត់បានចេញមកវិញហើយបានឱ្យពរដល់បណ្តាជន។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្តើង ជំពូក​៩៦

ខចងចាំ៖​​ អញ​នឹង​ដើរ​នៅ​កណ្តាល​ពួក​ឯង ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ ។ លេវីវិន័យ ២៦:១២

Powered by CAM