ថ្ងៃសៅរ៍ ទី០៥​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី១៩-ត


អំណានព្រះគម្ពីរពេលព្រឹក៖ គឺ​ព្រះយេហូវ៉ា​ដែល​នឹង​យាង​នាំ​មុខ​ឯង​ទៅ ព្រម​ទាំង​គង់​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ​កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ។ ចោទិយកថា ៣១:៨

អំណានប្រចាំថ្ងៃ ពពកនាំផ្លូវ

បន្ទាប់ពីការងារនៃរោងឧបោសថត្រូវបានបញ្ចប់ហើយ «នោះពពក​ក៏គ្របត្រសាលជំនុំ ហើយ​សិរីល្អនៃព្រះយេហូវ៉ាបានស្ថិតនៅពេញក្នុងរោងឧបោសថ ឯម៉ូសេលោកចូលទៅក្នុងត្រសាល​ជំនុំមិនបានទេ ពីព្រោះពពក​នៅពីលើ ហើយដោយព្រោះសិរីល្អនៃព្រះយេហូវ៉ា ដែលនៅពេញ​ក្នុងរោង​ឧបោស​ថនោះផង» ដ្បិត «ក្នុងអស់ទាំងការដំណើរនៃពួកកូនចៅអ៊ីស្រាអែល នោះនៅវេលាថ្ងៃតែងមានពពកនៃព្រះយេហូវ៉ាស្ថិតនៅលើរោងឧបោសថ ហើយនៅវេលាយប់ មានភ្លើង​វិញ ឱ្យពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ»។

រោងឧបោសថត្រូវបានសាងសង់ទ្បើងជាដំណាក់ដែលព្រះគង់នៅជាមួយនឹងពួកគេ នៅក្នុងអស់ទាំងដំណើររបស់គេ។

ពពកនាំផ្លូវព្រះយេហូវ៉ាទ្រង់បានដឹកនាំសាសន៍អ៊ីស្រាអែល នៅក្នុងការធ្វើដំណើរកាត់ទីរហោស្ថានរបស់ពួកគេ។ នៅវេលាណាដែលជាពេលល្អ សម្រាប់ពួកបណ្តាជននិងសម្រាប់សិរីល្អរបស់ព្រះ ដែលពួកគេត្រូវបោះតង់ នៅកន្លែងដ៏សមរម្យណាមួយ ព្រះបានបង្ហាញសញ្ញាពីព្រះហឫទ័យរបស់ទ្រង់ដល់ពួកគេ ដោយបង្គោលពពកស្ថិតនៅទាបចំពីលើរោងឧបោសថ។ ហើយពពកនោះស្ថិតនៅ ទីនោះរហូតទាល់តែព្រះតម្រូវឱ្យពួកគេបន្តដំណើរទៅមុខទៀត។ នោះពពកនៃសិរីល្អរបស់ព្រះបានអណ្តែតឡើងខ្ពស់នៅពីលើរោងឧបោសថ នោះពួកគេបានបន្តដំណើរទៅមុខទៀត។

នៅគ្រប់ទាំងការធ្វើដំណើររបស់ពួកគេ គេបានរក្សារបៀបរៀបរយយ៉ាងត្រឹមត្រូវ។ អំបូរនីមួយៗ​មានទង់មួយដែលជាសញ្ញា​នៃផ្ទះនៃឪពុក​របស់​គេនៅលើទង់នោះ ហើយអំបូរនីមួយៗត្រូវបានតម្រូវឱ្យបោះតង់តាមទង់របស់គេរៀងៗខ្លួន។ ហើយនៅពេលដែលគេធ្វើដំណើរ អំបូរផ្សេងៗត្រូវដើរតាមលំដាប់លំដោយនៅក្រោមទង់របស់អំបូររៀងៗខ្លួន។ នៅពេលដែលពួកគេសម្រាកពីការធ្វើដំណើររបស់គេ គេបានតំទ្បើងរោងឧបោសថឡើង ហើយបន្ទាប់មកអំបូរផ្សេងៗត្រូវដំឡើងត្រសាលរបស់ពួកគេតាមលំដាប់លំដោយ ទៅតាមទម្រង់ដែលព្រះបានត្រាស់បង្គាប់ នៅជុំវិញឃ្លាតពីរោង​ឧបោសថបន្តិច។

នៅពេលដែលពួកបណ្តាជនបានធ្វើដំណើរ ហឹបសញ្ញាត្រូវបានគេសែងនៅពីមុខពួកគេ។ ក៏មានពពកនៃព្រះយេហូវ៉ា នៅពីលើគេ នៅពេលថ្ងៃ ចាប់តាំងពីពេលដែលគេចេញដំណើរ ពីទីដំទ្បើងត្រសាលនោះទៅ រីឯនៅ​វេលាណាដែលហឹបចេញទៅនោះ ម៉ូសេតែងទូលថា ឱព្រះយេហូវ៉ាអើយ សូមក្រោកឈរទ្បើងឱ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅ ហើយឱ្យពួក​អ្នក​ដែលស្អប់ទ្រង់ ត្រូវរត់នៅចំពោះទ្រង់ លុះវេលាដែលហឹបឈប់វិញ នោះ​លោក​ទូលថា «ឱព្រះយេហូវ៉ាអើយ សូមត្រឡប់មកឯពួកអ៊ីស្រាអែលទាំងសល់សែនវិញ»។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្តើង ជំពូក៤០

ខចងចាំ៖​​ អញ​នឹង​ដើរ​នៅ​កណ្តាល​ពួក​ឯង ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ ។ លេវីវិន័យ ២៦:១២

Powered by CAM