ថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖គឺជាពាក្យ ដែលអញតាំងជាសញ្ញានឹងឯងរាល់គ្នា ក្នុងកាលដែលឯងឡើងចេញពីស្រុកអេស៊ីព្ទមក ឯវិញ្ញាណរបស់អញក៏ស្ថិតនៅជាមួយនឹងឯងរាល់គ្នាដែរ កុំឲ្យខ្លាចឡើយ។ ហាកាយ ២:៥
អំណានប្រចាំថ្ងៃ
ព្រះយេហូវ៉ាទ្រង់បានបង្គាប់ឱ្យម៉ូសេបញ្ជូនមនុស្សទៅសង្កេតមើលទឹកដីកាណាន ជាទឹកដីដែលទ្រង់នឹងប្រទានដល់កូនចៅអ៊ីស្រាអែល។ អ្នកគ្រប់គ្រងអំបូរនីមួយៗត្រូវបានគេជ្រើសរើសសម្រាប់គោលបំណងនេះ។ ពួក គេក៏បានចេញដំណើរទៅ ហើយ៤០ថ្ងៃក្រោយមក ពួកគេក៏បានវិលត្រឡប់ពីការសង្កេតស្រុករបស់ពួកគេវិញ ហើយគេបានមកឯម៉ូសេ ហើយនិងអើរ៉ុន ព្រមទាំងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ហើយបានបង្ហាញដល់ពួកគេនូវផល (ផ្លែឈើ) នៃស្រុកនោះដល់ពួកគេទាំងអស់គ្នា។ ទាំងអស់គ្នាបានយល់ស្របថា ទឹកដីនោះពិតជាទឹកដីដ៏ល្អមែន ហើយពួកគេបានបង្ហាញនូវផ្លែឈើដែលបាននាំយកមកជាភស្តុតាង។ ផ្លែទំពាំងបាយជូរមួយចង្កោម ធំដែលទាល់តែមនុស្សពីរនាក់សែងដោយឈើស្នែងទើបរួច។ ពួកគេក៏បាននាំយកផ្លែល្វា និងផ្លែទទឹមដែលមានដុះនៅទីនោះជាច្រើនក្រៃលែងមកជាមួយដែរ។
បន្ទាប់ពីពួកគេបាននិយាយពីដីមានជីជាតិរួចមក ពួកគេទាំងអស់គ្នា លើកលែងតែពីរនាក់ចេញ បាននិយាយដោយអស់សង្ឃឹមពីលទ្ធភាពដែលពួកគេអាចនឹងយកស្រុកនោះ។ ពួកគេបាននិយាយថា មនុស្សនៅស្រុកនោះគេខ្លាំងពូកែណាស់ ទីក្រុងរបស់គេមានកំផែងព័ទ្ធជុំវិញមាំៗហើយខ្ពស់ទៀតផង ហើយលើសពីនេះទៅទៀត ពួកគេបានឃើញមនុស្សយក្សដែលជាកូនចៅ អ័ណាក់នៅស្រុកនោះដែរ។ បន្ទាប់មកពួកគេបានពិពណ៌នានូវរបៀបដែលមនុស្សបានតាំងទីលំនៅ នៅជុំវិញស្រុកកាណាន ហើយនិងរឿងដែលពួកគេអសមត្ថភាពនឹងចូលទៅកាន់កាប់ទឹកដីនោះ។
នៅពេលដែលពួកបណ្តាជនបាន ស្តាប់នូវរបាយការណ៍នេះ ពួកគេបានដកដង្ហើម ធំដោយអស់សង្ឃឹម ជាមួយនឹងការស្តីបន្ទោស និងសម្រែកទ្រហោយំដ៏ជូរចត់។ ពួកគេមិនបានរង់ចាំនិងឆ្លុះបញ្ចាំងពិចារណារកហេតុផល ថាព្រះជាអ្នកដែលបាននាំពួកគេចេញមកយ៉ាងឆ្ងាយ ដូច្នេះ ទ្រង់មុខជាប្រទានទឹកដីនោះដល់ពួកគេទេ។ ប៉ុន្តែ ពួកគេបានចុះចាញ់ ដោយរួញរាភ្លាម។ ពួកគេបានកំណត់ ព្រំដែនអំណាចនៃព្រះដ៏បរិសុទ្ធ ហើយមិនបានទុកចិត្តទៅលើព្រះដែលបានដឹកនាំពួកគេជារៀងរហូតមកដល់ពេលនេះទេ។ ពួកគេបានស្តីបន្ទោសដល់លោកម៉ូសេ ហើយបាននិយាយរអ៊ូរទាំ ដាក់គ្នា ទៅវិញទៅមកថា ពេលនេះគឺជាទីបញ្ចប់នៃសេចក្តីសង្ឃឹមទាំងអស់របស់ពួកយើងហើយ។ នេះគឺជាទឹកដីដែលយើងបានធ្វើដំណើរតាំងពីប្រទេសអេស៊ីព្ទមកដើម្បីចាប់យក។
អំណានព្រះគម្ពីរពេលល្ងាច៖ ជនគណនា ជំពូក១៣
ខចងចាំ៖ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ យូ៉ហានទី១ ១:៩