ថ្ងៃចន្ទ ទី០៧​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ តើ​ឯង​មិន​បាន​ដឹង តើ​មិន​បាន​ឮ​ទេ​ឬ​អី ថា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច គឺ​ព្រះយេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ទ្រង់​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កំឡាំង​ផង គ្មាន​អ្នក​ណា​អាច​ស្ទង់​យល់​យោបល់​របស់​ទ្រង់​បាន​ទេ ទ្រង់​រមែង​ចំរើន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ។ អេសាយ ៤០:២៨-២៩

អំណានប្រចាំថ្ងៃ ការខ្វះជំនឿ

កាលែបនិង យ៉ូស្វេបានព្យាយាមជំទាស់នឹងពាក្យដែលគាត់បានឮ ប៉ុន្តែ ពួកបណ្តាជនទាំងអស់មានសេចក្តីរំភើបយ៉ាងខ្លាំង ហើយបង្ខំចិត្តមិនស្តាប់របាយការណ៍របស់មនុស្សទាំងពីរនាក់នេះឡើយ។ បន្ទាប់ពី​ពួកគេបាន​ស្ងប់ស្ងៀមបន្តិច កាលែបបានប្រថុយនិយាយ។​ គាត់បាននិយាយទៅ​កាន់​ពួក​បណ្តាជនថា «ចូរយើងទ្បើងទៅចាប់យកស្រុកនោះ ជាប្រញាប់កុំខាន ដ្បិតយើងអាចនឹងយកដោយស្រួល»។ ប៉ុន្តែ មនុស្សដែលបានទ្បើងទៅ​ជាមួយគ្នា គេប្រកែកថា «យើងពុំអាចនឹងទ្បើងទៅទាស់នឹងគេបានទេ ដ្បិត​គេ​ខ្លាំងពូកែជាងយើងណាស់» អ្នកទាំងនោះបានបន្តរបាយការណ៍អាក្រក់របស់គេដដែលៗ ហើយថ្លែងបញ្ជាក់ថា ពួកមនុស្សនៅស្រុកនោះសុទ្ធតែមានមាឌធំៗ «នៅស្រុកនោះយើងបានឃើញពួកមនុស្សធំសំបើម គឺជា​កូន​ចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសម្បើម យើងមើលទៅខ្លួន​យើង​ដូចជាកណ្តូប ទោះបើនៅភ្នែកគេក៏ដូច្នេះដែរ»។

ជនជាតិអ៊ី​ស្រាអែលរអ៊ូរទាំសាជាថ្មី

គ្រានោះពួកជំនុំនៃពួកកូនចៅអ៊ីស្រាអែលក៏ទ្បើងសំឡេងស្រែក ហើយនៅយប់នោះបណ្តាជ​ន ក៏យំគ្រប់គ្នា នោះគេរអ៊ូរទាំទាស់នឹងម៉ូសេ ហើយនិងអើរ៉ុន ពួកជំនុំទាំងអស់គ្នានិយាយថា ស៊ូឱ្យយើងបានស្លាប់នៅស្រុកអេស៊ីព្ទ ឬនៅក្នុងទីរហោស្ថាននេះវិញ យើងសុខចិត្ត​ឱ្យស្លាប់ទៅ​ជាជាង តើហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់នាំយើងមកក្នុងកន្លែងនេះ ឱ្យត្រូវស្លាប់​ដោយដាវដូច្នេះ ហើយឱ្យប្រពន្ធកូនយើងទៅជារំពាគេផង ចុះបើយើងវិលត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ នោះតើមិនមានប្រយោជន៍ជាជាងទេឬអី រូច​គេនិយាយគ្នាទៅវិញទៅមកថា ចូរយើងរើសយកមេម្នាក់ ហើយត្រឡប់ ទៅឯស្រុកអេស៊ីព្ទវិញទៅ។ នោះម៉ូសេហើយនឹងអើរ៉ុនលោកទម្លាក់ខ្លួនចុះផ្កាប់មុខ នៅចំពោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា»។

កូនចៅអ៊ីស្រាអែលមិនគ្រាន់តែបានបញ្ចេញកំហឹងដោយការត្អូញត្អែរទាស់នឹងលោកម៉ូសេប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេបានចោទប្រកាន់ដល់ព្រះថាបានបោកប្រាស់ពួកគេ ដោយសន្យាឱ្យទឹកដីដែលពួកគេមិនអាចចាប់យកបានដល់ពួកគេ ទៀតផង។ នៅទីនេះវិញ្ញាណនៃការបះបោររបស់ពួកគេ បានពុះពោរទ្បើងយ៉ាងខ្លាំង ធ្វើឱ្យគេភ្លេចអស់នូវព្រះហស្តដ៏ពូកែរបស់ព្រះ ដែលបានដឹកនាំពួកគេឱ្យចេញផុតពីប្រទេសអេស៊ីព្ទ ហើយបានដឹកនាំពួកគេដោយការអស្ចារ្យជាច្រើន ជាបន្តបន្ទាប់ រហូត​ដល់ពួកគេបានសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំម្នាក់ ដើម្បីឱ្យដឹកនាំពួកគេត្រឡប់ទៅប្រទេសអេស៊ីព្ទ ជាកន្លែងដែលពួកគេធ្លាប់ជាប់ជាទាសករ ហើយបានទទួលរងនូវការលំបាកវេទនាជាច្រើននោះវិញ។ ពួកគេបានតែងតាំងពួកនោះជាមេក្រុម ហើយ​បាន​បោះបង់ចោលលោកម៉ូសេ ជាអ្នកដឹកនាំដ៏ឈឺចាប់និងអត់ធ្មត់​របស់​ពួកគេ ហើយពួកគេបានរអ៊ូរទាំទាស់នឹងព្រះដោយជូរចត់។

អំណានព្រះគម្ពីរពេលល្ងាច៖ ហេព្រើរ ៣:៧-១៩

ខចងចាំ៖​​ បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។ យូ៉ហានទី១ ១:៩

Powered by CAM