ថ្ងៃសុក្រ ទី០១​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​តែ​អំពើ​ចិត្ត ឥត​ស្តាប់​តាម​សង្ឃ​ដែល​ឈរ​បំរើ​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង នៅ​ទី​នោះ ឬ​តាម​ចៅក្រម​ផង អ្នក​នោះ​នឹង​ត្រូវ​ទោស​ដល់​ស្លាប់ ត្រូវ​ឲ្យ​បំបាត់​សេចក្តី​អាក្រក់​ពី​សាសន៍​អ៊ីស្រាអែល​ចេញ។ ចោទិយកថា ១៧:១២

អំណានប្រចាំថ្ងៃ ការទទួលទណ្ឌកម្ម

ការទទួលទណ្ឌកម្មដោយខ្វះការគោរពចំពោះព្រះពួកអ្នកនៅ​បេតសេមែស​គេកំពុងតែច្រូតស្រូវនៅឯស្រែ ហើយនៅពេលដែលគេបាន​ឃើញហឹបនៃ​ព្រះ នៅលើរទេះទឹមដោយគោញី២ ពួកគេមានអំណរ​ជា​ខ្លាំង។ ពួកគេបាន​ដឹងថា នេះគឺជាស្នាព្រះហស្តរបស់ព្រះហើយ។ មេគោទាំងពីរនោះបានអូសរទេះដែលផ្ទុកនូវហឹបសញ្ញា​របស់​ព្រះទៅដល់ថ្ម​ធំមួយ​ផ្ទាំង ហើយបានឈប់​នៅទីនោះដោយខ្លួនឯង។ ពួកលេវីបានយកហឹបនៃព្រះយេហូវ៉ានិងតង្វាយរបស់សាសន៍ភីលីស្ទីនចុះ ហើយពួកគេបានថ្វាយ​រទេះ ហើយនិងគោដែល​បានដឹកហឹបដ៏ពិសិដ្ឋ និងតង្វាយរបស់​សាសន៍​ភីលីស្ទីន មកថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ានៅទីនោះ។ កាលពួកមេ​នៃ​សាសន៍ភីលីស្ទីន​នាំគ្នា​ត្រឡប់ទៅឯក្រុងអេក្រុនវិញ នោះសេចក្តីវេទនា​ត្រូវបានបញ្ឈប់។

ពួក​បេតសេមែសចង់ដឹងថាតើមានអំណាចអស្ចារ្យអ្វីនៅក្នុងហឹបនោះ ដែលបានធ្វើឱ្យមានហេតុការណ៍ ដ៏គួរឱ្យស្ញប់ស្ញែងកើតឡើងដូច្នេះ។ ពួកគេបានមើលទៅក្នុងហឹបដែលពោរពេញដោយអំណាចនោះ ហើយមិនបានឃើញអំណាចរបស់ព្រះដែលគួរឱ្យជឿសោះ។ គ្មាននរណាម្នាក់អាច​មើលទៅឯហឹបនៃសេចក្តីសញ្ញារបស់ព្រះបានទេ មានតែ​មនុស្សដែលបានតែងតាំងឡើងយ៉ាងពិសិដ្ឋ សម្រាប់​គោលបំណងនេះតែប៉ុណ្ណោះ ដែលអាច​បើក​ហឹបនេះមើលបាន ដោយមិនត្រូវស្លាប់ ដ្បិតការដែលមើលហឹបសញ្ញា គឺប្រៀបដូចជាមើលទៅឯព្រះផ្ទាល់ដូច្នោះដែរ។ ហើយនៅពេលដែលមនុស្សបំពេញចិត្តខ្លួនឯង ដោយបានបើកហឹបមើលទៅទីអាថ៌កំបាំងនៅខាងក្នុង ដែលសូម្បីតែអ្នកមិនជឿ ដែលថ្វាយបង្គំរូបព្រះ ក៏មិនហ៊ានធ្វើផងនោះទេវតាដែលយាងតាមហឹបបានវាយសម្លាប់មនុស្សជាង៥ម៉ឺននាក់។

ហើយ​​ប្រជាជនបេត-សេមែស គេខ្លាចហឹបរបស់ព្រះជាខ្លាំង ហើយ​ពួកគេបាននិយាយឡើងថា «តើមានអ្នកឯណាអាចនឹងឈរនៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនេះបាន? តើទ្រង់ត្រូវចេញពីយើងខ្ញុំឡើងទៅឯណាវិញ? រួចគេចាត់មនុស្សឱ្យទៅឯពួកគារយ៉ាត់- យ៉ារីម ប្រាប់ថា ពួកភីលីស្ទីនបាននាំយកហឹបនៃព្រះយេហូវ៉ាមកវិញហើយ ដូច្នេះសូមអ្នករាល់គ្នាចុះទៅនាំវាឡើងទៅឯអ្នករាល់គ្នាវិញចុះ»។ នោះពួកគារយ៉ាត់-យ៉ារីម ក៏មក​នាំយកហឹបនៃព្រះយេហូវ៉ា ឡើងទៅដាក់នៅក្នុងផ្ទះរបស់អ័ប៊ីណាដាប់ ក៏ញែកកូនរបស់គាត់ចេញសម្រាប់ថែរក្សាហឹបនៃព្រះយេហូវ៉ា។

អំណានព្រះគម្ពីរពេលល្ងាច៖ សាំយូអែលទី១ ៦:១៣-២១

ខចងចាំ៖​​ នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ តាម​ឈ្មោះ​អញ គេ​បន្ទាប​ខ្លួន ហើយ​អធិស្ឋាន​រក​មុខ​អញ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​អញ​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​នឹង​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង។ របាក្សត្រទី២ ៧:១៤

Powered by CAM