ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ សូមកុំនាំយើងខ្ញុំទៅកាន់សេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្តីអាក្រក់វិញ ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ផងទ្រង់ នៅអស់កល្បជានិច្ច អាម៉ែន។ម៉ាថាយ ៦:១៣
អំណានប្រចាំថ្ងៃ ចូរក្រាបថ្វាយបង្គំដល់ព្រះតែមួយអង្គប៉ុណ្ណោះ
«ហើយសាតាំងបាននាំទ្រង់ទៅកាន់កំពូលភ្នំដ៏ខ្ពស់ បង្ហាញទ្រង់ទតនូវនគរទាំងឡាយ ក្នុងលោកិយ ហើយសាតាំងបាននិយាយទៅទ្រង់ថា បើឯងថ្វាយបង្គំខ្ញុំ ខ្ញុំនឹងឱ្យនគរទាំងនេះ និងសិរីល្អរបស់វាដល់អ្នក ដ្បិតនគរទាំងនេះជារបស់ខ្ញុំ ខ្ញុំនឹងឱ្យទៅអ្នកណាតាមតែចិត្តខ្ញុំ។ ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅសាតាំងវិញថា នែសាតាំង ចូរថយចេញទៅដ្បិតមានសេចក្តីចែងទុកមកថា ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ជាព្រះនៃឯងតែមួយអង្គប៉ុណ្ណោះ» លូកា ៤:៥-៨។
សាតាំងបានបង្ហាញនគរក្នុងលោកិយទាំងមូលដល់ព្រះយេស៊ូវ វាបង្ហាញនូវពន្លឺដ៏គួរឱ្យចាប់អារម្មណ៍បំផុត។ វានឹងឱ្យទាំងអស់ទៅព្រះយេស៊ូវ ប្រសិនបើទ្រង់ថ្វាយបង្គំដល់វា។ វាបានទូលព្រះយេស៊ូវថាវានឹងលះបង់ចោលនូវការទាមទារទ្រព្យសម្បត្តិលោកិយរបស់វា។ សាតាំងដឹងថាអំណាចរបស់វាមានព្រំដែន ហើយទីបំផុតនឹងត្រូវដកយកចេញ ប្រសិនបើផែនការនៃសេចក្តីសង្គ្រោះ ត្រូវបានសម្រេច។ វាបានដឹងច្បាស់ថាប្រសិនបើព្រះយេស៊ូវសុគត ដើម្បីលោះបាបមនុស្សលោក អំណាចរបស់វានឹងត្រូវបញ្ចប់ បន្ទាប់ពីពេលនោះតទៅ ហើយវាក៏នឹងត្រូវបានបំផ្លាញដែរ។ ហេតុដូច្នេះហើយបានជាវាមានផែនការដែលបានរៀបចំយ៉ាងត្រឹមត្រូវ ដើម្បីទប់ស្កាត់ការសម្រេចការងារ ដែលបានបង្គាប់ដល់ព្រះរាជបុត្រានៃព្រះ យ៉ាងខ្លាំងក្លាជាទីបំផុត។ ប្រសិនបើផែនការនៃការលោះបាបមនុស្សលោកត្រូវបរាជ័យ វានៅតែរក្សានគរដែលវាបានដណ្តើមយកនោះដដែល។ ហើយប្រសិនបើវាមានជោគជ័យ វានឹងតម្កើងខ្លួនវាថា វាអាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់ព្រះនៅនគរស្ថានសួគ៌។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូហានទី១ ជំពូក ២:១-១៧
ខចងចាំ៖ ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព។ អេសាយ ៩:៦