ថ្ងៃពុធ ទី១៣​ ខែមេសា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-២៦)​

ព្រះរាជកិច្ចរបស់ព្រះគ្រីស្ទ


អំណានព្រះគម្ពីរពេលព្រឹក៖ ហើយ​ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ៍ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្តី​ងងឹត​ជា​ជាង​ពន្លឺ ពី​ព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់។ យ៉ូហាន ៣:១៩

អំណានប្រចាំថ្ងៃ បន្ទាប់ពីសាតាំងបានបញ្ចប់ការល្បួងរបស់វា វាបានចាកចេញពី​ព្រះយេស៊ូ ហើយទេវតាក៏បាននាំយកអាហារមកថ្វាយទ្រង់សោយនៅទីរហោស្ថាន និងចម្រើនកម្លាំងដល់ទ្រង់ ហើយព្រះពរ​របស់ព្រះវរបិតាក៏មកសណ្ឋិតលើទ្រង់។ សាតាំងបានទទួលបរាជ័យក្នុងការល្បួងដ៏ខ្លាំងក្លារបស់វា ប៉ុន្តែ វាស្វែងរកឱកាសនៅក្នុងការងាររបស់ព្រះយេស៊ូវ ដើម្បីរកពេលណាមួយនឹងប្រើល្បិចកលរបស់វា ទាស់នឹងព្រះយេស៊ូវម្តងទៀត។ វានៅតែ​សង្ឃឹម​ថា វាអាចយកជ័យជំនះពីទ្រង់បាន ដោយបំផុសអ្នកដែលមិនទទួលព្រះយេស៊ូវឱ្យស្អប់ខ្ពើមទ្រង់និងរកឱកាសបំផ្លាញទ្រង់។

សាតាំងបានពិភាក្សាជាពិសេសមួយជាមួយទេវតារបស់វា។ ពួកវាមានការខកចិត្តនិងខឹងជាខ្លាំង ដោយវាគ្មានជោគជ័យទៅលើព្រះរាជបុត្រានៃព្រះអ្វីបន្តិចសោះ។ ពួកវាបានសម្រេចចិត្តថា ពួកវាត្រូវតែប្រើល្បិចកល និងអំណាចរបស់វាឱ្យខ្លាំងបំផុត ដើម្បីបញ្ចុះបញ្ចូលនៅក្នុងគំនិតនៃជាតិសាសន៍របស់ទ្រង់ កុំឱ្យជឿថាទ្រង់ជាព្រះអង្គសង្គ្រោះនៃលោកិយនេះឡើយ ហើយតាមរបៀបនេះ វានឹងធ្វើឱ្យព្រះយេស៊ូវអស់សេចក្តី​ក្លាហាន​នឹង​បេសកកម្មរបស់ទ្រង់។ ទោះបីជាពួកយូដា គោរពពិធីបុណ្យផ្សេងៗ និងការថ្វាយតង្វាយយញ្ញបូជាយ៉ាងត្រឹមត្រូវយ៉ាងណាក៏ដោយ ប្រសិនបើពួកវាអាចបិទភ្នែកគេពីបទទំនាយ ហើយធ្វើឱ្យពួកគេជឿថាព្រះមែស្ស៊ីនឹងលេចឡើងជាស្តេចដ៏មានអំណាចនៅលើផែនដី នោះពួកគេនឹងស្អប់ព្រះយេស៊ូវ​ ហើយ​បោះបង់ទ្រង់ជាមិនខាន។

ខ្ញុំត្រូវបានបង្ហាញឱ្យឃើញថា សាតាំងនិងទេវតារបស់វារវល់ជាខ្លាំងក្នុងការបញ្ចុះបញ្ចូលមនុស្សដោយការមិនជឿ សម្អប់និងការប្រមាថ នៅពេលដែលព្រះគ្រីស្ទកំពុងបំពេញព្រះរាជកិច្ចរបស់ទ្រង់។ នៅពេលដែលព្រះយេស៊ូវបន្លឺព្រះសូរសៀងអំពីសេចក្តីពិត ដើម្បីបញ្ជាក់ពីអំពើបាបរបស់វា វាតែងតែ​ខឹងជាខ្លាំង។ សាតាំងនិងទេវតារបស់វាជំរុញអ្នកមានបាបទាំងនោះ ឱ្យធ្វើ​គុតព្រះរាជបុត្រានៃព្រះ។ មានម្តង ពួកគេបានយកដុំថ្មគប់ទ្រង់ ប៉ុន្តែ ទេវតា​បានថែរក្សាទ្រង់ហើយនាំទ្រង់ចេញពីហ្វូងមនុស្សដ៏ឃោរឃៅទៅកាន់កន្លែងសុខសាន្តមួយ។ នៅពេលដែលផែនការនៃសេចក្តីពិតបានចេញពីព្រះឱស្ឋទ្រង់ម្តងទៀត ហ្វូងមនុស្សបាន​ចាប់ទ្រង់ ហើយនាំទ្រង់យកទៅលើកំពូលភ្នំ បំរុងនឹងច្រានទម្លាក់។ ការមិនចុះសម្រុងគ្នាបានកើតឡើងនៅក្នុងចំណោមពួកគេអំពីការដែលគេបំរុងនឹងធ្វើទៅលើទ្រង់ នៅពេលនោះទេវតាបានលាក់ទ្រង់ពីភ្នែកហ្វូងមនុស្សម្តងទៀត ហើយទ្រង់បានយាងចេញពីចំណោមពួកគេទៅ។

អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក​ ៤:១៣-៣០

ខចងចាំ៖​​ ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព។ អេសាយ ៩:៦

Powered by CAM