ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់។ លូកា ១៩:១០
អំណានប្រចាំថ្ងៃ ការធូរស្បើយពីការឈឺចាប់
សាតាំងនៅតែសង្ឃឹមថា ផែនការសង្គ្រោះដ៏ឧត្តមនឹងបរាជ័យជាមិនខាន។ វាបង្កើនអំណាចទាំងប៉ុន្មានរបស់វា ដើម្បីធ្វើឱ្យចិត្តមនុស្សឈឺចាប់ និងមានអារម្មណ៍ជូរចត់ប្រឆាំងនឹងព្រះយេស៊ូវ។ វាសង្ឃឹមថាចំនួនអ្នកដែលទទួលទ្រង់ថាជាព្រះរាជបុត្រានៃព្រះ នឹងមានយ៉ាងតិច ដែលព្រះយេស៊ូវនឹងពិចារណាថា ការឈឺចាប់និងការលះបង់របស់ទ្រង់ សម្រាប់តែមនុស្សមួយក្រុមតូចប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំបានឃើញថា ប្រសិនបើមានមនុស្សតែពីរនាក់នឹងទទួលព្រះយេស៊ូវ ថាជាព្រះរាជបុត្រានៃព្រះ ហើយជឿលើទ្រង់ថាជាព្រះអង្គសង្គ្រោះដល់ព្រលឹងរបស់គេ ព្រះយេស៊ូវនៅតែបន្តផែនការនោះដដែល។
ព្រះយេស៊ូវបានចាប់ផ្តើមកិច្ចការរបស់ទ្រង់ ដោយបំបាក់អំណាចដែលសាតាំងដាក់លើមនុស្សលោក ឱ្យមានការឈឺចាប់។ ទ្រង់បានព្យាបាលអ្នកដែលឈឺចាប់ដោយសារអំណាចអាក្រក់របស់វា។ ទ្រង់ព្យាបាលអ្នកឈឺឱ្យជាឡើងវិញ ទ្រង់បានព្យាបាលអ្នកពិការនិងធ្វើឱ្យពួកគេលោតឡើង ដោយអំណរនៅក្នុងចិត្តទាំងថ្វាយសិរីល្អដល់ព្រះ។ ទ្រង់បានប្រទានពន្លឺដល់អ្នកខ្វាក់ ទ្រង់បានប្រើអំណាចរបស់ទ្រង់ ដើម្បីព្យាបាលអ្នកដែលអារក្សចងនិងជិះជាន់ ដោយអំណាចដ៏ឃោរឃៅរបស់វាអស់ពេលជាច្រើនឆ្នាំ។ ទ្រង់បានកម្សាន្តចិត្តដល់អ្នកខ្សោយ អ្នកញ័ររន្ធត់ និងអ្នកខូចចិត្ត ដោយព្រះបន្ទូលនៃព្រះគុណ។ ទ្រង់បានប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញ ហើយពួកគេបានសរសើរសិរីល្អរបស់ព្រះ ចំពោះការបញ្ចេញព្រះចេស្តាដ៏អស្ចារ្យរបស់ទ្រង់។ ទ្រង់មានព្រះហឫទ័យខ្វល់ខ្វាយយ៉ាងខ្លាំង ចំពោះអ្នកដែលជឿដល់ទ្រង់។ ហើយអ្នកខ្សោយដែលឈឺចាប់ដោយសាតាំងមានជោគជ័យលើពួកគេ ព្រះយេស៊ូវទាញគេយកចេញពីកណ្តាប់ដៃរបស់សាតាំងត្រឡប់មកវិញ ដោយព្រះចេស្តារបស់ទ្រង់ ដោយរាងកាយមាំមួននិងអំណាច ព្រមទាំងដោយភាពរីករាយយ៉ាងខ្លាំង។
ព្រះជន្មរបស់ព្រះយេស៊ូវ ពោរពេញទៅដោយសេចក្តីមេត្តាករុណា ការអាណិតអាសូរ និងសេចក្តីស្រឡាញ់។ ទ្រង់តែងតែយកព្រះទ័យទុកដាក់ស្តាប់ និងធ្វើឱ្យអ្នកដែលមករកទ្រង់បានធូរស្បើយពីទុក្ខកង្វល់របស់គេ។ ហ្វូងមនុស្សបានរក្សាទុកនូវភស្តុតាងនៃអំណាចរបស់ព្រះនៅក្នុងជីវិតរបស់ពួកគេ។ បន្ទាប់ពីការងារត្រូវបានសម្រេច មនុស្សជាច្រើនមានការអៀនខ្មាសដោយការបន្ទាបព្រះកាយនៃលោកគ្រូដ៏មានចេស្តា។ ដោយសារអ្នកដឹកនាំមិនជឿដល់ទ្រង់ ពួកបណ្តាជនក៏មិនព្រមជឿដល់ទ្រង់ដែរ។ ទ្រង់គឺជាមនុស្សទូទុក្ខ ដែលពោរពេញដោយការឈឺចាប់។ ពួកគេមិនអាចទ្រាំទ្រនឹងការគ្រប់គ្រងជីវិតរបស់ព្រះយេស៊ូវដោយការលះបង់ខ្លួនឯងនោះឡើយ។ ពួកគេចង់សប្បាយ ជាមួយនឹងកិត្តិយសដែលលោកិយផ្តល់ឱ្យ។ ប៉ុន្តែ ក៏នៅមានមនុស្សជាច្រើនបានដើរតាមព្រះរាជបុត្រា នៃព្រះ ហើយស្តាប់ការបង្រៀនរបស់ព្រះអង្គ ទទួលព្រះបន្ទូលដែលចេញពីព្រះឱស្ឋប្រកបដោយព្រះគុណរបស់ទ្រង់ដែរ។ ព្រះបន្ទូលរបស់ទ្រង់មានអត្ថន័យយ៉ាងក្រៃលែងត្រង់ៗ ដែលអ្នកទន់ខ្សោយអាចយល់បាន។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក ៥:១២-២៦
ខចងចាំ៖ ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព។ អេសាយ ៩:៦