ថ្ងៃសុក្រ ទី១៥​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៦-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់​បាន​យាង​មក​គង់​នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ។ យ៉ូហាន ១:១១-១២

អំណានប្រចាំថ្ងៃ ការប្រឆាំងដែលគ្មានឥទ្ធិពល

សាតាំងនិងទេវតារបស់វាបានបិទភ្នែកពួកយូដា ហើយធ្វើឱ្យការយល់របស់គេទៅជាងងឹតងងល់ ព្រមទាំងបានបំផុសឱ្យមេលើពួកបណ្តាជន និងពួកអ្នកដឹកនាំធ្វើគុតព្រះអង្គសង្គ្រោះ។ គេបានចាត់មនុស្សឱ្យទៅនាំព្រះយេស៊ូវ ទៅឯគេ ហើយនៅពេលទៅជិតដល់កន្លែងដែលទ្រង់គង់នៅ នោះ​គេមានការអស្ចារ្យជាខ្លាំង។ ពួកគេបានឃើញព្រះយេស៊ូវបង្ហាញសេចក្តីមេត្តាករុណា និងការអាណិតអាសូរ នៅពេលដែលទ្រង់ឃើញទុក្ខព្រួយរបស់មនុស្ស។ ពួកគេបានឃើញទ្រង់កំពុងមានបន្ទូលលើកទឹកចិត្តដល់អ្នកទន់ខ្សោយនិងអ្នកមានទុក្ខវេទនា ដោយសេចក្តីស្រឡាញ់ និងភាពថ្នាក់ថ្នម។ ពួកគេក៏បានឮទ្រង់បណ្តេញអំណាចរបស់សាតាំង ដោយព្រះសូរសៀង​ដ៏​មានអំណាច ហើយដណ្តើមយកអ្នកដែលសាតាំងគ្រប់គ្រងឱ្យមានសេរីភាពមកវិញដែរ។ ពួកគេបានស្តាប់ព្រះបន្ទូលប្រកបដោយគតិបណ្ឌិតដែលចេញពីព្រះឱស្ឋទ្រង់ ហើយពួកគេបានចាប់អារម្មណ៍យ៉ាងខ្លាំង ពួកគេមិនអាចយកដៃគេទៅចាប់ព្រះយេស៊ូវឡើយ។ ពួកគេបានត្រឡប់មកកាន់ពួកសង្ឃនិងពួកអ្នកដឹកនាំវិញដោយមិនបាននាំព្រះយេស៊ូវមកជាមួយឡើយ។

នៅពេលមេដឹកនាំបានសួរគេថា «តើហេតុអ្វីបានជាអ្នករាល់គ្នាមិនបាននាំវាមក?»​ ពួកគេបានរៀបរាប់នូវអ្វីដែលគេបានឃើញអំពីការអស្ចារ្យរបស់ទ្រង់ ព្រះបន្ទូលនៃព្រះប្រាជ្ញាញ្ញាណដ៏បរិសុទ្ធ សេចក្តីស្រឡាញ់ និង​ចំណេះដឹង របស់ទ្រង់ ដែលពួកគេបានឮ ហើយគេបានបញ្ចប់ ដោយ​និយាយថា «មិនដែលមានអ្នកណានិយាយដូចមនុស្សនេះទេ»។ សម្តេច​សង្ឃ​បានចោទប្រកាន់ពួកគេថា ត្រូវបានគេបោកបញ្ឆោតដែរហើយ។ អ្នកដឹកនាំខ្លះមានការខ្មាសអៀនជាខ្លាំង ដោយទាហានមិនបានចាប់ព្រះយេស៊ូវ​មក។ សម្តេចសង្ឃបានសួរដោយអាកប្បកិរិយាម៉ឺងម៉ាត់ថាតើមានអ្នកដឹកនាំ​ណាបានជឿដល់វាឬទេ? ខ្ញុំបានឃើញថា មានចៅក្រម និងអ្នកដឹកនាំជាច្រើនបានជឿលើព្រះយេស៊ូវ ប៉ុន្តែ សាតាំងបានរារាំងពួកគេ​មិនឱ្យប្រកាស​ពីការនោះ។ ពួកគេខ្លាចការស្តីបន្ទោសរបស់មនុស្សខ្លាំងជាងខ្លាចព្រះ។

ទោះបីជាយ៉ាងនេះក៏ដោយ ក៏កលល្បិចនិងសម្អប់របស់សាតាំងមិនបានបំបែកផែនការនៃសេចក្តីសង្គ្រោះឡើយ។ ពេលវេលានៃការសម្រេចកិច្ចការដែលព្រះយេស៊ូវបានយាងមកបំពេញនោះបានមកដល់ហើយ។ សាតាំងនិងទេវតារបស់វាបានពិគ្រោះគ្នា ហើយបានសម្រេចចិត្តថា នឹងធ្វើឱ្យរាស្ត្ររបស់ព្រះអង្គផ្ទាល់ស្រែកទាមទារលោហិតរបស់ព្រះអង្គ ដោយ​អន្ទះសា និងបង្កើតរឿង ឃោរឃៅ និងប្រមាថមកលើទ្រង់។ វាសង្ឃឹមថា ព្រះយេស៊ូវនឹងតូចព្រះទ័យ ចំពោះការប្រព្រឹត្តិបែបនេះហើយលែងរក្សាការបន្ទាបព្រះកាយនិងភាពស្លូតបូតបន្តទៅទៀត។

អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក​ ៤:៣១-៤៤

ខចងចាំ៖​​ ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព។ អេសាយ ៩:៦

Powered by CAM