ថ្ងៃសៅរ៍ ទី១៦​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៦-ត


អំណានព្រះគម្ពីរពេលព្រឹក៖ យើង​សូម​ជូន​ដំណឹង​អំពី​ព្រះបន្ទូល​ដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ​ដល់​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​បាន​ចូល​រួម​រស់​ជា​មួយ​យើង រីឯ​យើង​វិញ យើង​ក៏​រួម​រស់​ជា​មួយ​ព្រះបិតា និង​ជា​មួយ​ព្រះយេស៊ូគ្រិស្ដ* ជា​ព្រះបុត្រា​របស់​ព្រះអង្គ។ យើង​សរសេរ​សេចក្ដី​ទាំង​នេះ​មក​ជូន​បង​ប្អូន ដើម្បី​អោយ​យើង​មាន​អំណរ​ពេញ​លក្ខណៈ។ យ៉ូហានទី១ ១:៣-៤

អំណានប្រចាំថ្ងៃ ការផ្លាស់ប្រែព្រះភក្ត្រ

នៅពេលដែលសាតាំងកំពុងរៀបចំផែនការរបស់វា ព្រះយេស៊ូវបានបើកសម្តែងពីការរងទុក្ខដែលទ្រង់ត្រូវទទួលរង ប្រាប់ដល់ពួកសាវករបស់​ទ្រង់យ៉ាងប្រុងប្រយ័ត្នថាទ្រង់នឹងត្រូវគេឆ្កាង ហើយថាទ្រង់នឹងមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។ ប៉ុន្តែ ការយល់របស់គេ ហាក់បីដូចជាងងឹតឈឹង។ ពួកគេមិនអាចយល់ពីអ្វីដែលទ្រង់មានបន្ទូលប្រាប់ពួកគេឡើយ។

ខ្ញុំបានឃើញថាសេចក្តីជំនឿរបស់ពួកសាវកត្រូវបានចម្រើនកម្លាំងយ៉ាងខ្លាំង នៅគ្រាដែលព្រះយេស៊ូវផ្លាស់ប្រែព្រះភក្ត្រ ជាពេលដែល​ព្រះបានអនុញ្ញាតឱ្យគេបានឃើញសិរីល្អរបស់ព្រះគ្រីស្ទនិងបានឮព្រះសូរសៀងពីលើមេឃដែលបញ្ជាក់ពីអត្តចរិតដ៏ឧត្តមរបស់ទ្រង់។ ព្រះបានជ្រើសរើសប្រទានដល់ពួកសិស្សរបស់ព្រះយេស៊ូវនូវភស្តុតាងយ៉ាងធំដែលបញ្ជាក់ថា ទ្រង់គឺជាព្រះមែស្ស៊ីដែលព្រះបានសន្យា និងថានៅក្នុងការរងទុក្ខ និងការអស់សង្ឃឹមដ៏ជូរចត់របស់ពួកគេ នៅពេលដែលទ្រង់ត្រូវគេឆ្កាង ពួកគេនឹងមិនបាត់បង់ទំនុកចិត្តទាំងស្រុងនោះឡើយ។ នៅគ្រាមានសិរីរុងរឿង (ឬការ​ប្រែព្រះភក្ត្រ) ព្រះអម្ចាស់បានចាត់លោកម៉ូសេនិងលោកអេលីយ៉ាមកនិយាយជាមួយនឹងព្រះយេស៊ូវអំពីការរងទុក្ខនិងការសុគតរបស់ទ្រង់។ ជាជាងចាត់​ទេវតាឱ្យមកសន្ទនាជាមួយនឹងព្រះរាជបុត្រា របស់ទ្រង់ ព្រះអម្ចាស់បានចាត់មនុស្សដែលធ្លាប់មានបទពិសោធន៍ក្នុងការឈឺចាប់នៃលោកិយនេះមកវិញ។

លោកអេលីយ៉ាបានដើរជាមួយព្រះ។ ការងាររបស់គាត់មានកាឈឺចាប់និងការពុះពារជាខ្លាំង ដ្បិតតាមរយៈគាត់ ព្រះអម្ចាស់បានស្តីបន្ទោសដល់អំពើបាបរបស់សាសន៍អ៊ីស្រាអែល។ លោកអេលីយ៉ាគឺជាហោរា​របស់​ព្រះ ហើយគាត់បានផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីរក្សា​អាយុ​ជីវិតរបស់គាត់។ សាសន៍របស់គាត់តាមប្រមាញ់ដើម្បីរក​សម្លាប់​គាត់​ដូចជាសត្វព្រៃ។ ប៉ុន្តែព្រះបានលើកយកលោកអេលីយ៉ាឡើងទៅ។ ទេវតា​បាននាំយកលោកទៅកាន់ស្ថានសួគ៌ នៅក្នុងសិរីល្អនិងជោគជ័យ។

អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក​ ៩:២៨-៤៥

ខចងចាំ៖​​ ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព។ អេសាយ ៩:៦

Powered by CAM