ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្តីពិត។ យ៉ូហាន ១:១៤
អំណានប្រចាំថ្ងៃ ការផ្លាស់ប្រែព្រះភក្ត្រ
លោកម៉ូសេជាមនុស្សដ៏អស្ចារ្យមិនដែលមានអ្នកណាដូចគាត់ តាំងពីមុនមក។ ព្រះទ្រង់បានប្រទានកិត្តិយសយ៉ាងធំដល់គាត់ ដែលមានឱកាសបាននិយាយជាមួយនឹងព្រះមុខទល់នឹងមុខ ដូចជាមនុស្សនិយាយជាមួយនឹងមិត្តភក្តិ។ គាត់ត្រូវបានអនុញ្ញាតឱ្យឃើញពន្លឺយ៉ាងត្រចះត្រចង់ និងសិរីល្អដ៏រុងរឿងដែលចេញពីព្រះវរបិតា។ តាមរយៈលោកម៉ូសេ ព្រះបានរំដោះពួកអ៊ីស្រាអែលចេញពីចំណងទាសភាពនៅស្រុកអេស៊ីព្ទ។ លោកម៉ូសេគឺជាសន្ធាការី (អ្នកនាំសម្រុះសម្រួល) នៃ កូនចៅអ៊ីស្រាអែល។ គាត់តែងតែឈរនៅកណ្តាលពួកបណ្តាជននិងសេចក្តីក្រោធរបស់ព្រះ។ នៅពេលដែលសេចក្តីក្រោធរបស់ព្រះធំធេង បានបង្កឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ដោយសារការមិនជឿ ការរអ៊ូរទាំ និងអំពើបាបធ្ងន់ធ្ងររបស់គេ សេចក្តីស្រឡាញ់របស់លោកម៉ូសេចំពោះគេ ត្រូវបានសាកល្បង។ ព្រះបានស្នើថានឹងបំផ្លាញសាសន៍អ៊ីស្រាអែល ហើយបង្កើតជាតិសាសន៍ដ៏ធំមួយចេញពីលោកម៉ូសេ។ លោកម៉ូសេបានបង្ហាញសេចក្តីស្រឡាញ់របស់គាត់ដល់សាសន៍អ៊ីស្រាអែល ដោយការទទូចអង្វរអស់ពីដួងចិត្តជំនួសពួកគេ។ នៅក្នុងកង្វល់របស់គាត់ គាត់បានអធិស្ឋានទៅព្រះ សុំឱ្យព្រះអង្គបង្វែរសេចក្តីក្រោធដ៏ខ្លាំងរបស់ទ្រង់ ហើយអត់ទោសដល់សាសន៍អ៊ីស្រាអែល ឬសូមឱ្យលុបឈ្មោះរបស់គាត់ចេញពីបញ្ជីរបស់ទ្រង់វិញ។ លោកម៉ូសេបានទទួលមរណៈភាព ប៉ុន្តែ ទេវតាមីកែលបានចុះមកហើយបានប្រទានជីវិតដល់គាត់ មុននឹងគាត់បានឃើញការពុករលួយ។ សាតាំងបានទាមទារយកសពរបស់លោកម៉ូសេ ប៉ុន្តែ ទេវតាមីកែលបានប្រោសម៉ូសេឱ្យរស់ឡើងវិញ ហើយបានយកគាត់ទៅកាន់ស្ថានសួគ៌។ សាតាំងបានព្យាយាមយកសពរបស់គាត់ ហើយបានប្រមាថទាស់នឹងព្រះយ៉ាងជូរចត់ ដោយថ្កោលទោសថាទ្រង់មិនយុត្តិធម៌ទេ ក្នុងការឱ្យទេវតាយកជនរងគ្រោះចេញពីវាដូច្នេះ។ ប៉ុន្តែព្រះគ្រីស្ទ មិនបានគំរាមសត្រូវរបស់ទ្រង់ទេ ទោះបីជាអ្នកបំរើរបស់ព្រះត្រូវបានធ្លាក់ចុះដោយសារការល្បួងរបស់វាក៏ដោយ។ ទ្រង់បានប្រគល់វាទៅឯព្រះវរបិតាយ៉ាងស្លូតបូតដោយមានបន្ទូលថា «សូមឱ្យព្រះអម្ចាស់បន្ទោសឯងចុះ» យូដាស ខ៩។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសាវករបស់ទ្រង់ថា នឹងមានអ្នកឈរនៅជាមួយនឹងទ្រង់ ដែលមិនបានភ្លក្សសេចក្តីស្លាប់ឡើយ រហូតដល់គេបានឃើញនគរព្រះមកដល់ ដោយអំណាច។ នៅគ្រាមានសិរីរុងរឿង សេចក្តីសន្យានេះត្រូវបានសម្រេច។ ទឹកព្រះភក្ត្ររបស់ព្រះយេស៊ូវត្រូវបានផ្លាស់ប្រែ និងបានចែងចាំងដូចជាពន្លឺថ្ងៃ។ កាំរស្មីរបស់ទ្រង់មានពណ៌សនិងភ្លឺចែងចាំង។ លោកម៉ូសេ មានវត្តមាននៅទីនោះ និងជាតំណាងឱ្យអ្នកដែលបានលើកឱ្យមានជីវិតរស់ពីស្លាប់ឡើងវិញ នៅពេលដែលព្រះយេស៊ូវលេចឡើងជាលើកទីពីរ។ ហើយលោកអេលីយ៉ាដែលត្រូវលើកយកទៅ ដោយមិនបានឃើញសេចក្តីស្លាប់ តំណាងឱ្យអ្នកដែលនឹងត្រូវបានផ្លាស់ប្រែទៅដោយមិនពុករលួយ នៅគ្រានៃការយាងមកវិញជាលើកទីពីររបស់ព្រះគ្រីស្ទ ហើយត្រូវលើកយកទៅកាន់ស្ថានសួគ៌ដោយ មិនបានឃើញសេចក្តីស្លាប់។ ពួកសាវកបានសម្លឹងមើលដោយការភ័យខ្លាចនិងភ្ញាក់ផ្អើលនូវឧត្តមភាព ដ៏ប្រសើររបស់ព្រះយេស៊ូវ និងពពកដែលបាំងពួកលោក ហើយបានឮព្រះសូរសៀងរបស់ព្រះ នៅក្នុងព្រះចេស្តាដ៏គួរឱ្យរន្ធត់មកថា «នេះជាកូនស្ងួនភ្ងាអញ ចូរស្តាប់ទ្រង់ចុះ»។
អំណានព្រះគម្ពីរពេលល្ងាច៖ ពេត្រុសទី២ ជំពូក ១:១៦-២១
ខចងចាំ៖ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ។ យ៉ូហាន ១:១២