ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ។ លូកា ៦:៣៨
អំណានប្រចាំថ្ងៃ
ពេលនោះខ្ញុំត្រូវបានគេនាំទៅដល់ពេលវេលាដែលព្រះយេស៊ូវបានសោយអាហារពេលល្ងាច ក្នុងពិធីបុណ្យរំលង ជាមួយនឹងពួកសាវករបស់ទ្រង់។ សាតាំងបានបញ្ឆោតយូដាស ហើយធ្វើឱ្យគាត់គិតថាគាត់គឺជាសាវកម្នាក់ ក្នុងចំណោមសាវកដ៏ពិតរបស់ព្រះគ្រីស្ទ ប៉ុន្តែចិត្តរបស់គាត់គឺជាអ្នកលោភលន់ គាត់ធ្លាប់បានឃើញការអស្ចារ្យរបស់ព្រះយេស៊ូវ គាត់ធ្លាប់នៅជាមួយទ្រង់ នៅគ្រាដែលទ្រង់បានបំពេញការងារ ហើយបានចុះចូលជាមួយនឹងអំណាចដ៏ខ្លាំងហួសវិស័យរបស់ទ្រង់ ដែលជាភស្តុតាងបញ្ជាក់ថា ទ្រង់គឺជាព្រះមែស្ស៊ី ប៉ុន្តែយូដាសជាមនុស្សកំណាញ់និងលោភលន់ គាត់ស្រឡាញ់តែប្រាក់។ គាត់បានរអ៊ូរទាំចំពោះទឹកអប់ដ៏មានតម្លៃដែលនាងម៉ារីបានចាក់ លើព្រះយេស៊ូវ។
នាងម៉ារីបានស្រឡាញ់ព្រះអម្ចាស់របស់នាង។ ទ្រង់បានអត់ទោសបាបដល់នាងជាច្រើន ហើយបានប្រោសប្អូនប្រុសជាទីស្រឡាញ់របស់នាងឱ្យរស់ពីស្លាប់ឡើងវិញ ហើយនាងបានគិតថា គ្មានអ្វីដែលមានតម្លៃច្រើនពេក សម្រាប់នឹងថ្វាយដល់ព្រះយេស៊ូវនោះឡើយ។ ដោយបូជាទឹកអប់ដ៏ថ្លៃវិសេសថ្វាយទៅទ្រង់ នាងម៉ារីកាន់តែអាចបង្ហាញពីការដឹងគុណរបស់នាងចំពោះព្រះអង្គសង្គ្រោះ កាន់តែខ្លាំងឡើង។
ដើម្បីជាលេសនៃការលោភលន់របស់ខ្លួន យូដាសបាននិយាយថា ទឹកអប់នេះថ្លៃណាស់ គួរតែលក់យកលុយ ទៅចែកអ្នកក្រីក្រវិញ។ ដោយគាត់ជាមនុស្សអាត្មានិយម គាត់តែងតែលួចប្រើប្រាស់ឈ្មោះអ្នកក្រីក្រដែលជាការទទួលខុសត្រូវរបស់គាត់ សម្រាប់ផលប្រយោជន៍ខ្លួនគាត់ផ្ទាល់ដោយស្ងាត់កំបាំង។ យូដាសមិនបានយកចិត្តទុកដាក់ដល់ការកម្សាន្តចិត្ត និងបំណងព្រះហឫទ័យរបស់ព្រះយេស៊ូវឡើយ ហើយគាត់បានបិទបាំងការលោភលន់របស់ខ្លួន គាត់តែងតែយកអ្នកក្រីក្រមកបិទបាំងធ្វើជាលេសជានិច្ច។ សកម្មភាពនៃការសប្បុរសរបស់នាងម៉ារីគឺជាការប៉ះពាល់ យ៉ាងខ្លាំងបំផុតចំពោះគំនិតលោភលន់របស់គាត់។ ផ្លូវសម្រាប់ការល្បួងរបស់សាតាំងត្រូវបានរៀបចំរួចជាស្រេច នៅក្នុងចិត្តរបស់យូដាស ដើម្បីរង់ចាំទទួលការបោកបញ្ឆោត។
អំណានព្រះគម្ពីរពេលល្ងាច៖ យូ៉ហាន ជំពូក ១២:១-១៩
ខចងចាំ៖ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ។ យ៉ូហាន ១:១២