ថ្ងៃអង្គារ ទី១៩​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួងលោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្តី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ ដោយ​សេចក្តី​ព្រួយ​លំបាក​ជា​ច្រើន។ ធីម៉ូថេទី១ ៦:១០

អំណានប្រចាំថ្ងៃ ត្រូវបានគ្រប់គ្រងដោយការលោភលន់​

ពួកសង្ឃនិងអ្នកដឹកនាំសាសន៍យូដាស្អប់ព្រះយេស៊ូវណាស់ ប៉ុន្តែ ហ្វូងមនុស្សបានចោមរោមទ្រង់ ដើម្បីស្តាប់ព្រះបន្ទូលនៃគតិបណ្ឌិត និងមើលការដ៏មានព្រះចេស្តារបស់ទ្រង់។

ការនេះបានទាក់ទាញពួកមនុស្សចេញពីសម្តេចសង្ឃនិងពួកអ្នកដឹកនាំ ដ្បិតពួកមនុស្សបានពុះកញ្ជ្រោលដោយការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត និងបានដើរតាមព្រះយេស៊ូវ ដើម្បីស្តាប់ការបង្រៀនរបស់គ្រូដ៏អស្ចារ្យនេះ។ មានមេដឹកនាំជាច្រើនបានជឿលើទ្រង់ ប៉ុន្តែ គេមិនហ៊ានបង្ហាញសេចក្តីជំនឿរបស់គេ ដោយខ្លាចក្រែងត្រូវគេបណ្តេញចេញពីសាលាប្រជុំ (ព្រះវិហារ)។ ពួកសង្គ្រាជ និងពួកចាស់ទុំបានសម្រចិត្តថា ត្រូវតែធ្វើអ្វីម៉្យាងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សចេញពីព្រះយេស៊ូវ។ គេព្រួយបារម្ភខ្លាចក្រែងមនុស្សទាំងអស់ជឿលើទ្រង់។ គេមើលឃើញថាមិនមានសុវត្ថិភាពដល់ពួកគេឡើយ។ ពួកគេត្រូវតែបាត់បង់តួនាទី ឬត្រូវតែធ្វើគុតព្រះយេស៊ូវ។ ប៉ុន្តែក្រោយពីគេធ្វើគុតព្រះយេស៊ូវមកក៏នៅតែមានអ្នកដែលនឹកចាំពីអំណាចរបស់ទ្រង់ដដែល។ ព្រះយេស៊ូវបានប្រោសឡាសារឱ្យរស់ពីស្លាប់ឡើងវិញ។ ហើយគេបារម្ភថា ប្រសិនបើគេធ្វើគុតព្រះយេស៊ូវ ឡាសារអាចធ្វើ​បន្ទាល់​ពី​អំណាចរបស់ទ្រង់។ មនុស្សម្នាបានចោមរោមមើលឡាសារ ដែលត្រូវបាន​ប្រោសឱ្យរស់ឡើងវិញ ហើយអ្នកដឹកនាំបានសម្រេចចិត្តថានឹងសម្លាប់ឡាសារចោលដែរ ព្រមទាំងកំចាត់ការភ្ញាក់ផ្អើលនោះចេញផង។ ពេលនោះ​គេអាចបង្វែរមនុស្សមករកប្រពៃណីនិងគោលលទ្ធិ​របស់​មនុស្ស​វិញ ឱ្យគេថ្វាយតង្វាយដប់ហូតមួយពីជីរអង្កាម និងជីរនាងល័ក្ខណ៍ ហើយពួកគេនឹងមានឥទ្ធិពលទៅលើបណ្តាជនឡើងវិញ។ គេបានយល់ព្រមគ្នាថានឹងចាប់ ព្រះយេស៊ូវនៅពេលដែលទ្រង់គង់នៅតែមួយអង្គឯង ព្រោះប្រសិនបើគេចាប់ទ្រង់នៅចំពោះមុខហ្វូងមនុស្ស នៅពេលដែលមនុស្សទាំងឡាយកំពុងតែចាប់អារម្មណ៍ទៅលើទ្រង់ នោះពួកគេនឹងត្រូវហ្វូងមនុស្សគប់នឹងថ្មជាមិនខាន។

យូដាសបានដឹងអំពីវិធីដែលអាចចាប់ព្រះយេស៊ូវបាន ហើយក្បត់នឹងទ្រង់ដោយយល់ព្រមជាមួយនឹងសម្តេចសង្ឃនិងពួកនាហ្មឺនដោយសារប្រាក់តែបន្តិចបន្តួចប៉ុណ្ណោះ។ ការស្រឡាញ់ប្រាក់របស់គាត់​បានដឹកនាំគាត់​ឱ្យយល់ព្រមឃុបឃិតប្រគល់ព្រះអម្ចាស់របស់គាត់ទៅក្នុងកណ្តាប់ដៃនៃសត្រូវដ៏ជូរចត់របស់ទ្រង់។ សាតាំងបានធ្វើការយ៉ាងធំ ចំពោះមុខយូដាស ហើយនៅពាក់កណ្តាលឆាកដ៏គួរឱ្យរំភើបនៃបុណ្យរំលងចុងក្រោយបង្អស់ វាបានប្រឌិតផែនការដើម្បីចាប់ព្រះយេស៊ូវ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ដល់ពួកសាវកទាំងក្រៀមក្រំថា នៅយប់នោះ ពួកគេទាំងអស់នឹង​បោះបង់ទ្រង់។ ប៉ុន្តែ ពេត្រុសប្រកែកយ៉ាងដាច់អហង្ការថា ទោះបីជាគេទាំងអស់គ្នាបោះបង់ចោលទ្រង់ក៏ដោយក៏គាត់មិនបោះបង់ទ្រង់ដែរ។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពេត្រុសថា «សាតាំងចង់បានអ្នកហើយ ដើម្បីឱ្យវាអាចព្រោះអ្នកដូចជាគ្រាប់ពូជ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឱ្យអ្នក ដើម្បីកុំឱ្យ​ជំនឿ​អ្នក​ត្រូវដួលឡើយ ហើយនៅពេលដែលអ្នកបានដឹងខ្លួនឡើង អ្នកអាចជួយចម្រើនកម្លាំងដល់បងប្អូនអ្នកផង» លូកា ២១:៣១, ៣២។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក​ ២៦:១-២៥

ខចងចាំ៖​​ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ។ យ៉ូហាន ១:១២

Powered by CAM