ថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរកុំឲ្យបាបនោះមានអំណាចលើទូលបង្គំឡើយនោះទូលបង្គំនឹងបានទៀងត្រង់ ហើយនឹងបានរួចពីអំពើរំលងយ៉ាងធំផង។ ទំនុកតម្កើង ១៩:១៣
អំណានប្រចាំថ្ងៃ ការមិនទុកចិត្តមិនស្តាប់បង្គាប់និងការស្លាប់
សាសន៍ហេព្រើរបានស្ថិតនៅក្នុងអំណាចរបស់សាសន៍ភីលីស្ទី អស់រយៈពេល២០ឆ្នាំ ហើយពួកគេបានបន្ទាបខ្លួន និងកែប្រែចិត្តពីអំពើបាបរបស់ពួកគេ ដោយស្មោះអស់ពីចិត្ត ហើយសាំយូអែលបានជួយសុំអង្វរព្រះជំនួសពួកគេ ហើយព្រះក៏មានសេចក្តីមេត្តាករុណាដល់ពួកគេឡើងវិញ។ ហើយសាសន៍ភីលីស្ទីនក៏បានធ្វើសង្គ្រាមជាមួយពួកគេម្តងទៀត នោះព្រះជាម្ចាស់បានធ្វើការអស្ចារ្យដល់សាសន៍អ៊ីស្រាអែលដោយឱ្យពួកគេមានជ័យជំនះលើខ្មាំងសត្រូវរបស់គេ។
ហឹបបានស្ថិតនៅក្នុងផ្ទះរបស់អ័ប៊ីណាដាប់ រហូតដល់ដាវីឌត្រូវបានតាំងឡើងជាស្តេច។ ព្រះអង្គបានប្រមូលអស់ទាំងមនុស្សជ្រើសរើសក្នុងសាសន៍អ៊ីស្រាអែលបានចំនួន ៣ម៉ឺននាក់ ហើយបានទៅនាំយកហឹបរបស់ព្រះយេហូវ៉ាឡើងមក។ គេផ្ទុកហឹបនៃព្រះលើរទេះថ្មីដឹកចេញពីផ្ទះអ័ប៊ីណាដាប់។ អ៊ុសា ហើយនិងអំហ៊ីយូ ជាកូនប្រុសរបស់អ័ប៊ីណាដាប់ ជាអ្នកបររទេះនោះ។ ឯដាវីឌនិងពួកផ្ទះអ៊ីស្រាអែលទាំងអស់ គេលេងប្រដាប់ភ្លេងគ្រប់មុខ នៅចំពោះព្រះ។ «លុះគេបានទៅដល់លានស្រូវរបស់ណាកុន ហើយនោះអ៊ុសាគាត់លូកដៃទៅចាប់ទប់ហឹបនៃព្រះ ពីព្រោះគោកញ្ជ្រោលឡើង ដូច្នេះ ព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយព្រោះកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហឹបនៃព្រះទៅ»។ លោកអ៊ុសាបានខឹងនឹងគោ ដោយសារតែវាបានកញ្ជ្រោលឡើង ហើយវាភ្លាត់ជើងដួល។ គាត់បានបង្ហាញឱ្យឃើញច្បាប់នូវការ គ្មានទំនុកចិត្តលើព្រះ ទោះបីជាព្រះបាននាំហឹបចេញពីទឹកដីសាសន៍ភីលីស្ទីន ដែលគ្មានអ្នកណាថែរក្សានោះក៏ដោយ។ ទេវតាដែលបានយាងតាមហឹបបានវាយសម្លាប់អ៊ុសា ដោយគាត់មិនមានការអត់ធ្មត់ហើយព្រហើនដាក់ដៃរបស់គាត់លើហឹបរបស់ព្រះ។
«នៅថ្ងៃនោះដាវីឌក៏មានសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយមានបន្ទូលថា ធ្វើដូចម្តេចឱ្យហឹបនៃព្រះយេហូវ៉ាចូលមកឯអញបាន? ដូច្នេះដាវីឌបែរជាមិនបាននាំយកហឹបនៃព្រះយេហូវ៉ាចូលទៅឯទ្រង់ ក្នុងក្រុងរបស់ទ្រង់ទេ គឺទ្រង់នាំយកទៅដាក់ទុកនៅក្នុងផ្ទះរបស់អូបេដ អេដុម ជាអ្នកមកពីក្រុងកាថវិញ»។
ស្តេចដាវីឌបានជ្រាបថា ទ្រង់គឺជាមនុស្សមានបាប ហើយព្រះអង្គព្រួយបារម្ភខ្លាចក្រែងទ្រង់ក្លាយទៅជាអ្នកព្រហើន ឥតកោតក្រែង ហើយសេចក្តីក្រោធរបស់ព្រះនឹងធ្លាក់មកលើទ្រង់ ដូចជាលោកអ៊ុសាដែរ។ «ដូច្នេះហឹបរបស់ព្រះយេហូវ៉ា ក៏ស្ថិតនៅក្នុងផ្ទះរបស់អូបេដ អេដុម ពីក្រុងកាថនោះអស់៣ខែ ហើយព្រះយេហូវ៉ាក៏បានប្រទានពរដល់ អូបេដ អេដុម ព្រមទាំងគ្រួសាររបស់គាត់ទាំងអស់»។
ព្រះទ្រង់បានបង្រៀនរាស្ត្ររបស់ទ្រង់ថា ហឹបរបស់ទ្រង់គឺជាការភ័យខ្លាចនិងសេចក្តីស្លាប់ ដល់អស់អ្នកដែលបានបំពានលើក្រឹត្យវិន័យរបស់ទ្រង់ ដែលនៅក្នុងហឹបនោះ តែក៏ជាព្រះពរនិងជាកម្លាំងដល់អស់អ្នកដែលគោរពតាមក្រឹត្យវិន័យរបស់ទ្រង់ដែរ។
អំណានព្រះគម្ពីរពេលល្ងាច៖ សាំយូអែលទី២ ៦:១-១១
ខចងចាំ៖ នោះបើរាស្ត្រអញ ដែលបានហៅ តាមឈ្មោះអញ គេបន្ទាបខ្លួន ហើយអធិស្ឋានរកមុខអញ ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះអញនឹងស្តាប់ពីលើស្ថានសួគ៌ ហើយនឹងអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង។ របាក្សត្រទី២ ៧:១៤