ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាដេកលក់ដូច្នេះ ចូរក្រោកឡើងអធិស្ឋានចុះ ដើម្បីកុំឲ្យត្រូវសេចក្តីល្បួងឡើយ។ លូកា ២២:៤៦
អំណានប្រចាំថ្ងៃ នៅក្នុងសួនច្បារ
ខ្ញុំបានឃើញព្រះយេស៊ូវនៅក្នុងសួនច្បារជាមួយនឹងពួកសាវក។ ស្ថិតនៅក្នុងសភាពក្រៀមក្រំជាទីបំផុត ព្រះអង្គបានប្រាប់ឱ្យពួកគេចាំយាមនិងអធិស្ឋានដើម្បីកុំឱ្យត្រូវល្បួង។ ព្រះយេស៊ូវបានជ្រាបថាសេចក្តីជំនឿរបស់ពួកគេប្រុងប្រៀបជាស្រេច តែសាច់ឈាមនៅខ្សោយទេ ហេតុដូច្នេះពួកគេត្រូវការកម្លាំងទាំងអស់នេះ ដោយការប្រុងប្រៀប និងការអធិស្ឋានយ៉ាងខ្ជាប់ខ្ជួន។ ព្រះយេស៊ូវបានអធិស្ឋានទាំងយំថា «ព្រះវរបិតាអើយ បើសិនជាបាន សូមឱ្យពែងនេះរំលងពីទូលបង្គំទៅ តែសូមកុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យទ្រង់វិញ» លូកា ២២:៤២។ ព្រះរាជបុត្រារបស់ព្រះបានអធិស្ឋានដោយការឈឺចាប់ជាខ្លាំង។ តំណក់ញើសធំៗដូចជាគ្រាប់ឈាម បានហូរចេញពីព្រះភក្ត្រទ្រង់ធ្លាក់ទៅលើដី។ ទេវតាជាច្រើនអង្គបានបន្ទាបខ្លួនមកជិតកន្លែងនោះ ដើម្បីមើលទស្សនីយភាពនោះ តែមានតែទេវតាមួយអង្គប៉ុណ្ណោះ ដែលត្រូវបានត្រាស់បង្គាប់ឱ្យចម្រើនកម្លាំងដល់ព្រះរាជបុត្រានៃព្រះ នៅក្នុងការឈឺចាប់របស់ទ្រង់។ ទេវតាទាំងឡាយនៅស្ថានសួគ៌បានដោះមកុដនិងទម្លាក់ពិណចោល ហើយបានសម្លឹងមើលទៅឯព្រះយេស៊ូវ ដោយការចាប់អារម្មណ៍និងស្ងៀមស្ងាត់យ៉ាងក្រៃលែង។ គ្មានអំណរនៅស្ថានសួគ៌ឡើយ។ ពពួកទេវតាប្រាថ្នាចង់ចោមរោម ព្រះរាជបុត្រានៃព្រះ ប៉ុន្តែ មេលើពួកទេវតាទាំងនោះ ត្រាស់បង្គាប់មិនឱ្យទៅឡើយ ទុកឱ្យពួកលោកនៅសម្លឹងមើលការឈឺចាប់របស់ទ្រង់ ពពួកលោកអាចរំដោះទ្រង់បាន តែផែនការបានរៀបចំរួចជាស្រេចហើយផែនការនោះត្រូវតែបានសម្រេច។
បន្ទាប់ពីព្រះយេស៊ូវបានអធិស្ឋានមក ទ្រង់បានយាងទៅមើលពួកសាវក។ ពួកគេកំពុងដេកលក់។ ទ្រង់មិនបានទទួលការកម្សាន្តចិត្តដោយការអធិស្ឋានពីអ្នកណាឡើយ នៅក្នុងឱកាសដ៏គួរខ្លាចនោះ សូម្បីតែពួកសាវកក៏គ្មានដែរ។ ពេត្រុសដែលបានការពារទ្រង់កាលពីមុននេះបន្តិច បានដេកលក់សូន្យឈឹង។ ព្រះយេស៊ូវបានរំឭកដល់ពួកគេដោយប្រកាសជាវិជ្ជមាន រួចបានមានព្រះបន្ទូលទៅកាន់ពួកគេថា «ដូច្នេះ តើអ្នករាល់គ្នាចាំយាមជាមួយនឹងខ្ញុំតែមួយម៉ោងមិនបានទេឬអី?» ម៉ាថាយ ២៦:៤០។ ព្រះរាជបុត្រានៃព្រះអធិស្ឋានដោយការឈឺចាប់បីដង។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក ២៦:៣៦-៤៦
ខចងចាំ៖ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ។ យ៉ូហាន ១:១២