ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ នោះទ្រង់មានព្រះបន្ទូលទៅគេថា ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុកមកអើយ តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី។ លូកា ២៤:២៥-២៦
អំណានប្រចាំថ្ងៃ យូដាសក្បត់ព្រះយេស៊ូវ
នៅពេលនោះ យូដាសនិងពួកទាហានបានមកដល់។ គាត់បានជួបព្រះយេស៊ូវ ហើយគោរពទ្រង់ដូចធម្មតា។ ពួកទាហានក៏បានព័ទ្ធព្រះយេស៊ូវ ប៉ុន្តែនៅទីនោះទ្រង់បានបញ្ចេញអំណាចជាព្រះរបស់ទ្រង់ ដោយមានបន្ទូលថា «តើអ្នករកអ្នកណារកខ្ញុំឬអី?»។ ពួកទាហានដួលផ្ងាទៅលើដី។ ព្រះយេស៊ូវបានធ្វើការនេះ ដើម្បីឱ្យពួកគេបានឃើញអំណាចរបស់ទ្រង់ និងជាភស្តុតាងថា ទ្រង់អាចរំដោះអង្គទ្រង់ចេញពីពួកគេបាន ប្រសិនបើទ្រង់ចង់គេច។
ពួកសាវកមានសង្ឃឹមឡើងវិញ ដោយគេបានឃើញហ្វូងទាហានដែលមានទាំងដំបង និងដាវដួលយ៉ាងរហ័សបែបនេះ។ នៅពេលដែលពួកគេក្រោកឡើង ហើយហ៊ុំព័ទ្ធព្រះរាជបុត្រានៃព្រះម្តងទៀត ពេត្រុសបានដកដាវកាត់ដាច់ស្លឹកត្រចៀកទាហានជាអ្នកបំរើរបស់សម្តេចសង្ឃម្នាក់។ ព្រះយេស៊ូវបានបង្គាប់គាត់ឱ្យទុកដាវទៅវិញ ហើយមានបន្ទូលទៅគាត់ថា «តើអ្នកស្មានថាខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាឥឡូវ ដែលទ្រង់នឹងចាត់ទេវតា១២កង មកខ្ញុំជាមួយរំពេចទេឬអី?» ម៉ាថាយ ២៦:៥៣។ ខ្ញុំបានឃើញថា នៅពេលដែលព្រះអង្គមានបន្ទូលនូវពាក្យទាំងនេះ ទឹកមុខរបស់ពួកទេវតាមានភាពរឹតតែមាំឡើង។ ពេលនោះ លោកចង់ទៅចោមរោមមេបញ្ជាការរបស់លោកនិងកំចាត់កងទ័ពឃោរឃៅនោះ។ ប៉ុន្តែ ភាពក្រៀមក្រំបានធ្លាក់មកលើទេវតាទាំងនោះម្តងទៀត នៅពេលដែលព្រះយេស៊ូវបានមានព្រះបន្ទូលបន្ថែមថា «បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសម្រេចតាមគម្ពីរដែលថាត្រូវតែកើតមានដូច្នេះ?» ម៉ាថាយ ២៦:៥៤។ ចិត្តរបស់ពួកសាវកបានស្រុតចុះទៅវិញដោយការអស់សង្ឃឹមនិងការខកចិត្តយ៉ាងជូរចត់ នៅពេលដែលព្រះយេស៊ូវប្រាប់ដល់ទាហានដែលជាសត្រូវរបស់ទ្រង់ឲ្យនាំទ្រង់ចេញទៅ។
ពួកសាវកមានការភ័យខ្លាចបាត់បង់ជីវិត គេនាំគ្នារត់ចែកផ្លូវគ្នា ហើយទុកឱ្យព្រះយេស៊ូវ នៅតែមួយអង្គឯង។ ឱ! នោះគឺជាជោគជ័យដ៏ធំរបស់សាតាំង។ ហើយគឺជាការក្រៀមក្រំនិងគួរឲ្យសោកស្តាយជាទីបំផុតដល់ទេវតារបស់ព្រះ។ ទេវតាបរិសុទ្ធជាច្រើនកង ដែលមានទេវតាខ្ពស់ៗជាមេគ្រប់គ្រងត្រូវបានចាត់ឱ្យទៅមើលទស្សនីយភាពនោះ។ លោកត្រូវកត់ត្រានូវរាល់សកម្មភាព រាល់ការប្រមាថ និងការឃោរឃៅ ដែលគេបានធ្វើមកលើព្រះរាជបុត្រានៃព្រះ និងចុះក្នុងបញ្ជីនូវរាល់ការឈឺចាប់ខាងផ្លូវចិត្តដែលព្រះយេស៊ូវបានទទួល ដ្បិតមនុស្សទាំងឡាយនឹងឃើញបញ្ជីទាំងនោះម្តងទៀតនៅក្នុងគ្រារស់ឡើងវិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក ២៦:៤៧-៥៦
ខចងចាំ៖ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ។ យ៉ូហាន ១:១២