ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ការដែលខ្លាចចំពោះមនុស្ស នោះនាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាពិត នោះនឹងបានសុខវិញ។ សុភាសិត ២៩:២៥
អំណានប្រចាំថ្ងៃ
នៅពេលដែលទេវតាបានចាកចេញពីស្ថានសួគ៌ទាំងក្រៀមក្រំលោកបានដោះមកុដដ៏ភ្លឺចាំងរបស់លោកចេញ។ លោកមិនអាចពាក់ឡើងវិញ ឡើយ នៅពេលដែលមេបញ្ជាការលោករងការឈឺចាប់ និងត្រូវពាក់ភួង បន្លានោះ។ នៅក្នុងបន្ទប់ជំនុំជម្រះសាតាំងនិងទេវតារបស់វា រវល់យ៉ាងខ្លាំងដើម្បីបំផ្លាញចិត្តអាណិតអាសូររបស់មនុស្ស។ បរិយាកាសនៅគ្រានោះ ធ្ងន់ធ្ងរ និងពិសពុលជាខ្លាំងដោយសារឥទ្ធិពលរបស់វា។ វាបានដឹកនាំសម្តេចសង្ឃ និងពួកអ្នកដឹកនាំឱ្យធ្វើទុក្ខ និងប្រមាថដល់ព្រះយេស៊ូវដោយអាកប្បកិរិយាមួយដែលមនុស្សជាតិពិបាកនឹងទ្រាំទ្រ។ សាតាំងបានសង្ឃឹមថា ការប្រមាថ និងការឈឺចាប់បែបនេះ នឹងធ្វើឱ្យព្រះរាជបុត្រានៃព្រះហើយព្រះឱស្ឋត្អូញត្អែរនិងរអ៊ូរទាំ ឬក៏ទ្រង់អាចបញ្ចេញអំណាចជាព្រះរបស់ទ្រង់ រួចរំដោះអង្គទ្រង់ចេញពីការឈឺចាប់នៃហ្វូងមនុស្សហើយធ្វើដូច្នេះ ផែនការនៃសេចក្តីសង្គ្រោះ នឹងត្រូវបរាជ័យជាចុងក្រោយបង្អស់។
លោកពេត្រុសបានដើរតាមព្រះអម្ចាស់របស់គាត់ បន្ទាប់ពីការកាត់ទោសមក គាត់បានឃើញការដែលគេបានធ្វើទៅលើព្រះយេស៊ូវ។ ហើយនៅពេលដែលគេបានចោទថា គាត់ជាមនុស្សម្នាក់ក្នុងចំណោមសិស្សរបស់ព្រះយេស៊ូវ គាត់បានប្រកែក។ គាត់មានការភ័យខ្លាចបាត់បង់ជីវិត ហើយនៅពេលដែលគេបានចោទគាត់ថាគាត់ជាអ្នកដែលបាននៅជាមួយនឹងទ្រង់ដែរ នោះគាត់បានអះអាងថា គាត់មិនបានស្គាល់អ្នកនោះទេ។ គេបានកត់សំគាល់ឃើញថាពាក្យសំដីរបស់ពួកសាវកតែងតែទន់ភ្លន់ បរិសុទ្ធ ហើយមិនដែលស្បថស្បែឡើយ តែពេត្រុសបានប្រកែកថា គាត់មិនមែនជាសាវករបស់ព្រះយេស៊ូវបីដង ដោយពាក្យប្រមាថនិងស្បថស្បែ។ ព្រះយេស៊ូវដែលនៅមិនឆ្ងាយប៉ុន្មានពីពេត្រុសនោះ ទ្រង់បានបែរព្រះភក្ត្រទតមើលមកពេត្រុសទាំងក្រៀមក្រំ។ ពេលនោះគាត់បាននឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលមានបន្ទូល ទៅកាន់គាត់នៅបន្ទប់ខាងលើ និងការដែលគាត់បានអះអាងថា គាត់នៅតែ ស្មោះត្រង់ជាមួយព្រះយេស៊ូវរបស់គាត់ជានិច្ច ទោះបីជាមនុស្សទាំងអស់នឹងរវាតចិត្តដោយព្រោះទ្រង់ក៏ដោយ គង់តែទូលបង្គំមិនដូច្នេះទេ។ គាត់បានបោះបង់ចោលព្រះអម្ចាស់របស់គាត់ ទាំងប្រមាថនិងស្បថ ប៉ុន្តែ ការក្រឡេកមើលរបស់ព្រះយេស៊ូវបានបំបែកចិត្តពេត្រុស និងបានសង្គ្រោះគាត់ភ្លាម។ គាត់បានយំទួញយ៉ាងខ្លាំង ហើយបានលន់តួទោសពីអំពើបាបដ៏ធំរបស់គាត់ ហើយបាន កែប្រែចិត្ត រួចត្រូវបានរៀបចំដើម្បីចម្រើនកម្លាំងដល់បងប្អូនរបស់គាត់។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក ២៦:៥៧-៧៥
ខចងចាំ៖ ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ។ យ៉ូហាន ១:១២