ថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ។។ អេសាយ ៥៣:៣
អំណានប្រចាំថ្ងៃ នៅក្នុងបន្ទប់ជំនុំជម្រះ
ហ្វូងមនុស្សបានស្រែកទាមទារលោហិតរបស់ព្រះយេស៊ូវ។ ពួកគេបានធ្វើទុក្ខដល់ទ្រង់យ៉ាងឃោរឃៅ ហើយបំពាក់អាវស្តេចពណ៌ស្វាយឱ្យទ្រង់ព្រមទាំងបំពាក់ភួងបន្លាលើព្រះសិរទ្រង់ផង។ ពួកគេបានយកដើមត្រែងដាក់លើព្រះហស្តទ្រង់ រួចថ្វាយបង្គំទ្រង់ដោយចំអក ហើយគោរពទ្រង់ ដោយពាក្យថា សូមថ្វាយបង្គំស្តេចនៃសាសន៍យូដា រួចពួកគេយកដើមត្រែងចេញពីព្រះហស្តទ្រង់ ហើយយកមកវាយព្រះសិរទ្រង់ ធ្វើឱ្យបន្លាចាក់ទម្លុះព្រះសិរទ្រង់ ហូរឈាមរហាមកាត់ព្រះភក្ត្រ និងពុកចង្កាទ្រង់។
ទេវតាទាំងឡាយទ្រាំមើលទិដ្ឋភាពបែបនេះសឹងតែមិនបាន។ ពួកលោកគួរតែរំដោះព្រះយេស៊ូវចេញពីហ្វូងមនុស្ស ប៉ុន្តែមេលើពួកទេវតាបានហាមប្រាមដល់លោក ហើយបានមានបន្ទូលថា នោះគឺជាការលោះយ៉ាងធំ ដែលត្រូវបានចេញសងជំនួសមនុស្ស ប៉ុន្តែនឹងត្រូវចប់សព្វគ្រប់ ហើយត្រូវបណ្តាលឱ្យអ្នកមានអំណាចលើសេចក្តីស្លាប់ត្រូវសុគត។ ព្រះយេស៊ូវបានជ្រាបថាទេវតាបានទតមើលទិដ្ឋភាពនៃការបន្ទាបព្រះកាយរបស់ទ្រង់។ ទេវតាដ៏ខ្សោយបំផុត អាចបណ្តាលឱ្យហ្វូងមនុស្សបាត់បង់អំណាច ហើយរំដោះព្រះយេស៊ូវបាន។ ទ្រង់បានជ្រាបថា ប្រសិនបើទ្រង់សុំអនុញ្ញាតពីព្រះវរបិតា ទេវតានឹងពិតជារំដោះទ្រង់មិនខាន។ ប៉ុន្តែ វាជាការសំខាន់ដែលព្រះយេស៊ូវត្រូវតែរងទុក្ខជាច្រើនយ៉ាង ពីមនុស្សអាក្រក់ដើម្បីសម្រេចផែនការនៃសេចក្តីសង្គ្រោះ។
នៅទីនោះព្រះយេស៊ូវបានឈរយ៉ាងស្លូតបូត និងសុភាពរាបសានៅចំពោះហ្វូងមនុស្ស ដែលមានកំហឹង នៅពេលដែលពួកគេបានផ្តល់ដល់ទ្រង់នូវការរំលោភបំពាន យ៉ាងសាហាវបំផុត។ ពួកគេបានស្តោះដាក់ព្រះភក្ត្រទ្រង់ ជាព្រះភក្ត្រដែលថ្ងៃណាមួយគេនឹងរត់ពួន ហើយគេចចេញ ជាព្រះភក្ត្រ ដែលនឹងផ្តល់ពន្លឺដល់ទីក្រុងរបស់ព្រះ ហើយនិងចាំងពន្លឺ ភ្លឺជាងព្រះអាទិត្យ ប៉ុន្តែ គេមិនឃើញមានកំហឹងណាមួយចេញទៅរកអ្នកប្រឆាំងទាំងនោះវិញឡើយ។ គេបានលើកដៃដ៏ឃោរឃៅរបស់គេឡើង ហើយវាយទ្រង់។ គេបានគ្របព្រះសិរទ្រង់ដោយអាវផាយកញ្ចាស់ មិនឱ្យទ្រង់មើលឃើញ ហើយគេទះកំភ្លៀងទ្រង់ រួចសួរថា «ចូរឯងទាយទៅមើល អ្នកណាវាយឯង»។ មានការរំជើបរំជួលយ៉ាងខ្លាំង ក្នុងចំណោមពួកទេវតា។ លោកគួរតែរំដោះទ្រង់ភ្លាម ប៉ុន្តែមេលើពួកទេវតាហាមឃាត់ពួកលោក។
អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក ២២:៦៣-៧១
ខចងចាំ៖ ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ។ យ៉ូហាន ១:១២