ថ្ងៃអាទិត្យ ទី២៤​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៨-ត


អំណានព្រះគម្ពីរពេលព្រឹក៖ រីឯ​សេចក្តី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បានដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ។ ហេព្រើរ ១១:១

អំណានប្រចាំថ្ងៃ ការពិបាកយល់

ពួកសាវកមានសេចក្តី​ក្លាហាន​ឡើងវិញ ហើយបានចូលទៅជិតព្រះយេស៊ូវដើម្បីមើលការកាត់ទោសរបស់ទ្រង់។ ពួកគេរំពឹងថា ទ្រង់នឹងបញ្ចេញអំណាចជាព្រះរបស់ទ្រង់ ហើយរំដោះអង្គទ្រង់ចេញពីកណ្តាប់ដៃនៃពួកសត្រូវ និងដាក់ទណ្ឌកម្ម​ដល់ពួក​នោះ ចំពោះអំពើឃោរឃៅដែលគេបានប្រព្រឹត្តមកលើទ្រង់។ សេចក្តី​សង្ឃឹម​​របស់គេបានឡើងចុះៗ នៅពេល​ដែល​ទស្សនីយភាពផ្សេងៗ គ្នាបាន​កើត​ឡើង។ ជួនកាលគេភ័យខ្លាចនិងសង្ស័យ ក្រែងគេត្រូវបានបោកបញ្ឆោត ប៉ុន្តែ សំឡេងនៅលើភ្នំនៃសិរីរុងរឿង និង​សិរីល្អ​ដែលគេបានឃើញបាន​ចម្រើនកម្លាំងដល់គេ ថាទ្រង់ពិតជា​ព្រះ​រាជ​បុត្រានៃព្រះមែន។ ពួកគេបាននឹកឃើញនូវទិដ្ឋភាពដ៏គួរ​ឱ្យរំភើប ដែល​គេបានឃើញការអស្ចារ្យដែលព្រះយេស៊ូវធ្វើក្នុងការព្យាបាលអ្នកឈឺ បើក​ភ្នែកអ្នកខ្វាក់ឱ្យមើលឃើញ បើកត្រចៀកអ្នកថ្លង់ឱ្យស្តាប់ឮ គំរាមនិង​បណ្តេញ​អារក្សប្រោសអ្នក​ស្លាប់​ឱ្យរស់ឡើងវិញ ហើយរហូត​ដល់គំរាម​ដល់​ខ្យល់ ហើយខ្យល់​ក៏ស្តាប់​ទ្រង់​ថែមទៀត។ ពួកគេមិនអាចជឿថា ទ្រង់នឹង​សុគតឡើយ។ ពួកគេ​បានសង្ឃឹមថា ទ្រង់នឹងប្រើអំណាចរបស់ទ្រង់ ហើយដោយសារព្រះសូរសៀងដែលទ្រង់បានបង្គាប់ នឹងធ្វើឱ្យហ្វូងមនុស្សដែលស្រេកឈាមនោះ រត់គេចចេញពីទ្រង់ ដូចជាមានទាហានមួយកងដេញតាមគេដូច្នោះដែរ។ ពួកសាវកបានសង្ឃឹមថា ព្រះយេស៊ូវនឹងបញ្ចេញអំណាចរបស់ទ្រង់ បង្ហាញដល់មនុស្សទាំងឡាយថា ទ្រង់ពិតជាស្តេចនៃសាសន៍អ៊ីស្រាអែល។

អំណានព្រះគម្ពីរពេលល្ងាច៖ អេភេសូរ ជំពូក​ ៣:៨-២០

ខចងចាំ៖​​ ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ឯ​ព្រះអង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះរាជបុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះរាជបុត្រា​ទ្រង់​នោះ​ផង។ រ៉ូម ៨:៣១-៣២

Powered by CAM