ថ្ងៃចន្ទ ទី២៥​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៨-ត


អំណានព្រះគម្ពីរពេលព្រឹក៖ មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្តី​ស្លាប់។ សុភាសិត ១៦:២៥

អំណានប្រចាំថ្ងៃ ការសារភាពរបស់យូដាស

យូដាសពោរពេញទៅដោយវិប្បដិសារីនិងការអៀនខ្មាសយ៉ាងជូរចត់ ចំពោះសកម្មភាពក្បត់ក្នុងការចាប់ព្រះយេស៊ូវរបស់ខ្លួន។ ហើយនៅពេលដែលគាត់បានឃើញការធ្វើទុក្ខដែលទ្រង់បានទទួល គាត់បាន​ទទួល​បរាជ័យ។ គាត់បានស្រឡាញ់ព្រះយេស៊ូវ ប៉ុន្តែ គាត់ស្រឡាញ់ប្រាក់ជាង។ គាត់មិនបានគិតថាព្រះយេស៊ូវនឹងរងទុក្ខ ហើយត្រូវទាហានចាប់យកទៅដូច្នេះឡើយ។ គាត់បានគិតថា ព្រះយេស៊ូវនឹងសម្តែងការអស្ចារ្យហើយរំដោះអង្គទ្រង់ពីពួកគេ។ ប៉ុន្តែ នៅពេលដែលគាត់បានឃើញហ្វូងមនុស្ស ដែលពោរពេញដោយកំហឹងនៅឯបន្ទប់កាត់ក្តី កំពុងស្រេកឃ្លាន​លោហិត​របស់ទ្រង់ គាត់ដឹងខ្លួនថាគាត់មានទោស ហើយនៅពេលដែលមនុស្សជាច្រើនកំពុងចោទប្រកាន់ព្រះយេស៊ូវយ៉ាងខ្លាំងក្លា យូដាសប្រញាប់ប្រញាល់កាត់ហ្វូងមនុស្ស សារភាពថាគាត់មានបាបក្នុងការ​កំចាយឈាមដែល​គ្មាន​កំហុស។ គាត់បានប្រគល់ប្រាក់ឱ្យគេវិញ ហើយសុំឲ្យគេដោះលែង ព្រះយេស៊ូវដោយអះអាងថាទ្រង់ពិតជាគ្មានទោសទេ។

ការមួម៉ៅនិងការច្របូកច្របល់ បានធ្វើឱ្យពួកសង្គ្រាជស្ងៀមស្ងាត់តែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។ គេមិនចង់ឱ្យមនុស្សទាំងឡាយដឹងថា គេបានជួលសាវករបស់ព្រះយេស៊ូវម្នាក់ឱ្យប្រគល់ទ្រង់មកក្នុងកណ្តាប់ដៃពួកគេឡើយ។ គេបានតាមប្រមាញ់ព្រះយេស៊ូវ ដូចជាចោរ ហើយគេបាន​យក​ទ្រង់ទៅដោយសម្ងាត់ ព្រោះគេចង់លាក់រឿងនេះ។ ប៉ុន្តែ ការសារភាព ទឹកមុខស្លេកស្លាំង និងការបង្ហាញពីពិរុទ្ធភាពរបស់យូដាស បានបើក​មុខ​ពួកសង្គ្រាជ នៅចំពោះហ្វូងមនុស្ស ដោយបង្ហាញថាការចាប់ព្រះយេស៊ូវគឺជាសម្អប់របស់គេ។ នៅពេលដែលយូដាសបានអះអាងយ៉ាងខ្លាំងៗថា ព្រះយេស៊ូវគ្មានទោសនោះ ពួកសង្គ្រាជបានឆ្លើយតបថា «រឿងនេះគ្មាន​ទាក់ទងនឹងយើងទេ ជារឿងរបស់អ្នកទេតើ» ម៉ាថាយ ២៧:៤។ ពួកគេមានព្រះយេស៊ូវនៅក្នុងអំណាចរបស់គេ ហើយពួកគេបានសម្រេចចិត្តថា គេនឹង​ធ្វើគុតទ្រង់។ យូដាសពោរពេញដោយការទង្គឹះចិត្ត និងដឹងពីកំហុសចំពោះអំពើឧក្រិដ្ឋរបស់ខ្លួនហើយក៏បានចេញទៅចងកសម្លាប់ខ្លួនឯងទៅ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក​ ២៧:១-១០

ខចងចាំ៖​​ ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ឯ​ព្រះអង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះរាជបុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះរាជបុត្រា​ទ្រង់​នោះ​ផង។ រ៉ូម ៨:៣១-៣២

Powered by CAM