ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្សដែលប្រព្រឹត្តអាក្រក់ដែរ ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត ។ សុភាសិត ៤:១៤-១៥
អំណានប្រចាំថ្ងៃ ព្រះយេស៊ូនៅចំពោះលោកពីឡាត់
ព្រះយេស៊ូវមានការអាណិតអាសូរដល់ពួកគេជាខ្លាំង ហើយចម្លើយរបស់ទ្រង់ គ្មានអ្វីធ្វើឱ្យហ្វូងមនុស្សភ្ញាក់ផ្អើលឡើយ។ នៅចំពោះការប្រមាថនិងការចំអកនិងអំពើហិង្សាទាំងឡាយរបស់ហ្វូងមនុស្ស មិនបានធ្វើឱ្យមានការចងចិញ្ចើម ឬការបង្ហាញពីសេចក្តីខឹងសម្បានៅនឹងព្រះភក្ត្ររបស់ទ្រង់ឡើយ។ ទ្រង់មានសេចក្តីថ្លៃថ្នូរ និងស្ងប់ស្ងាត់។ ទ្រង់មានភាពគ្រប់លក្ខណ៍និងថ្លៃថ្នូរ។ ទស្សនិកជនទាំងឡាយសម្លឹងមើលទ្រង់ដោយការងឿងឆ្ងល់។ ពួកគេបានប្រៀបធៀបទ្រង់ទ្រាយគ្រប់លក្ខណ៍ ភាពម៉ឺងម៉ាត់របស់ទ្រង់និងការបង្ហាញភាពថ្លៃថ្នូរ ជាមួយនឹងអ្នកដែលបានអង្គុយជំនុំជម្រះប្រឆាំងនឹងទ្រង់ ហើយនិយាយទៅកាន់គ្នាទៅវិញទៅមកថា ទ្រង់មានសណ្ឋានដូចជាស្តេច ដែលគ្រងនគរ ប្រសើរជាងអ្នកដឹកនាំណាៗទាំងអស់។ ទ្រង់គ្មានសញ្ញាឧក្រិដ្ឋកម្មណាមួយទាល់តែសោះ។ ព្រះនេត្ររបស់ទ្រង់ស្រទន់និងមិនចុះចាញ់ ថ្ងាសរបស់ទ្រង់ធំទូលាយ។ ទឹកព្រះភក្ត្របានបង្ហាញយ៉ាងច្បាស់ដោយគោលការថ្លៃថ្នូរនិងឧត្តុង្គឧត្តម។ ភាពអត់ធ្មត់និងការអត់ទ្រាំរបស់ទ្រង់ខុសពីមនុស្សទាំងឡាយដែលមានការរន្ធត់ជាខ្លាំង។ សូម្បីតែស្តេចហេរ៉ូឌនិងលោកពីឡាត់ក៏មានការរន្ធត់ចំពោះភាពថ្លៃថ្នូររបស់ទ្រង់ដែរ។ ភាពជាព្រះរបស់ទ្រង់បានលេចឡើង។
ព្រះយេស៊ូវនៅចំពោះលោកពីឡាត់តាំងពីដំបូងមក លោកពីឡាត់ជឿថា ព្រះយេស៊ូវពិតជាមិនមែនជាមនុស្សធម្មតាទេ។ គាត់ជឿថា ព្រះអង្គពិតជាព្រះយ៉ាងប្រសើរឧត្តមមួយអង្គ ហើយទ្រង់ពិតជាគ្មានទោសចំពោះការចោទប្រកាន់ទាស់នឹងទ្រង់នោះឡើយ។ ទេវតាដែលបានឃើញព្រឹត្តិការណ៍ទាំងអស់នោះបានកត់សំគាល់នូវការកាត់ទោសរបស់ចៅហ្វាយខេត្តរ៉ូមនេះ ហើយចង់ជួយគាត់ឱ្យផុតពីការជាប់ទាក់ទងទៅនឹងសកម្មភាពដែលអនុញ្ញាតឱ្យគេយកព្រះយេស៊ូវទៅឆ្កាងដ៏គួរឲ្យភ័យខ្លាចនេះ ហើយទេវតា មួយអង្គត្រូវបានបញ្ជូនមកឯប្រពន្ធលោកពីឡាត់ ពន្យល់សប្តិនាងថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះដែលលោកពីឡាត់កំពុងកាត់ទោស ហើយថាទ្រង់ជាអ្នករងការឈឺចាប់ ដោយគ្មានកំហុសទេ។ នាងបានឱ្យដំណឹងនេះទៅលោកពីឡាត់ថា នាងបានទទួលការឈឺចាប់យ៉ាងខ្លាំង នៅក្នុងយល់សប្តិ ដោយសារព្រះយេស៊ូវ ហើយបានព្រមានដល់លោកពីឡាត់ មិនឱ្យធ្វើអ្វីដល់ព្រះយេស៊ូវដែលជាមនុស្សបរិសុទ្ធនោះឡើយ។ អ្នកនាំសារនេះបានប្រជ្រៀតកាត់ហ្វូងមនុស្សយ៉ាងណែនណាន់តាន់តាប់ ហើយបានជូនដំណឹងនោះទៅលោកពីឡាត់។ នៅពេលដែលគាត់បានអានដំណឹងនោះ គាត់ញ័ររន្ធត់ ហើយមានទឹកមុខស្លេកស្លាំង។ រំពេចនោះ គាត់បានគិតថា គាត់មិនគួរពាក់ព័ន្ធនឹងរឿងនោះទេ គាត់នឹងមិនឱ្យការទាមទារឈាមព្រះយេស៊ូវរបស់ពួកគេ មានឥទ្ធិពលមកលើគាត់ឡើយ ហើយគាត់នឹងដោះលែងទ្រង់វិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក ២៧:១១-៣១
ខចងចាំ៖ ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្តីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង។ រ៉ូម ៨:៣១-៣២