ថ្ងៃសុក្រ ទី២៩​ ខែមេសា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-២៩)​

ការជាប់ឆ្កាងរបស់ព្រះគ្រីស្ទ


អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្តី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាបហើយ គឺ​ដោយ​ស្នាម​ជាំ​របស់​ទ្រង់ ដែល​អ្នក​រាល់​គ្នា​បាន​ជា។ ពេត្រុសទី១ ២:២៤

អំណានប្រចាំថ្ងៃ

គេបានប្រគល់ព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះទៅឱ្យហ្វូងមនុស្សយកទៅឆ្កាង។ ពួកសាវកនិងពួកអ្នកជឿដែលនៅក្នុងតំបន់នោះបានចូលរួមជាមួយនឹងហ្វូងមនុស្សដែលដើរតាមព្រះយេស៊ូវទៅកាល់វ៉ារី។ ម្តាយរបស់ ព្រះយេស៊ូវបាននៅទីនោះដែរ ក្រោមការថែទាំពីលោកយ៉ូហានជាសិស្សដែលព្រះយេស៊ូវស្រឡាញ់ជាងគេ។ ចិត្តរបស់នាងត្រូវបានចាក់ទម្លុះដោយការឈឺចាប់ជាទម្ងន់មិនអាចថ្លែងបាន ប៉ុន្តែ ចិត្តដ៏ខ្ទេចខ្ទាំរបស់គាត់នៅតែមានសង្ឃឹមជាមួយនឹងពួកសាវកថាទិដ្ឋភាពនៃការឈឺចាប់នេះនឹងបានផ្លាស់ប្តូរទៅវិញ ហើយព្រះយេស៊ូវនឹងបញ្ចេញព្រះចេស្តារបស់ទ្រង់ ដោយ​បង្ហាញ​ឱ្យសត្រូវរបស់ទ្រង់ឃើញថាទ្រង់ជាព្រះរាជបុត្រារបស់ព្រះជាមិនខាន។ តែពេលនោះចិត្តរបស់មាតាព្រះយេស៊ូវត្រូវបានលិចចុះម្តងទៀត នៅពេលដែលគាត់នឹកឃើញនូវពាក្យដែលគេបានអនុមតិ នៅថ្ងៃនោះ។ ព្រះយេស៊ូវបានឆ្លងកាត់ក្លោងទ្វារផ្ទះលោកពីឡាត់ភ្លាម គេបានដាក់ឈើឆ្កាងដែលគេបានរៀបចំសម្រាប់បារាបាស នៅលើស្មារបស់ទ្រង់ដែលមានស្នាមជាំនិងមានឈាមហូរដាប ភ្លាមព្រមជាមួយគ្នាដែរ។ គេបានផ្ទុកឈើឆ្កាងនៅលើចោរពីរនាក់ទៀតជាគូកនរបស់បារាបាសដែលត្រូវបានកាត់ទោសប្រហារជីវិតជាមួយនឹងព្រះយេស៊ូវដែរ។ នៅពេលដែលព្រះអង្គសង្គ្រោះបានទទួលរងនូវបន្ទុកដ៏ធ្ងន់ ហើយនិងការវាយដំ ព្រះអង្គបានដួលទៅនឹងដីដោយការខ្សោះឈាម ព្រមទាំងការហេវហត់និងឈឺចាប់ផង។

​នៅពេលដែល​​​​ព្រះយេស៊ូវដឹងខ្លួនឡើងវិញ គេដាក់ឈើឆ្កាងនៅលើស្មាព្រះយេស៊ូវម្តងទៀត ហើយបង្ខំឱ្យទ្រង់យាងទៅមុខបន្ត ទ្រង់បានឈាន​ទៅមុខពីរបីជំហាន ក្រោមបន្ទុកដ៏ធ្ងន់ ទ្រង់ក៏ដួលសន្លប់ទៅនឹងដី ហើយទី​បំផុត ទ្រង់បានដឹងព្រះកាយ (ដឹងខ្លួន) ឡើងវិញ។ ពួកសង្ឃនិងពួកមេដឹកនាំគេគ្មានអាណិតអាសូរដល់ជនរងគ្រោះរបស់គេឡើយ ប៉ុន្តែ គេបានឃើញថាទ្រង់មិនអាចលីឧបករណ៍សម្រាប់ធ្វើទារុណកម្មនេះតទៅមុខទៀតបានឡើយ។ នៅពេលដែលគេកំពុងតែពិចារណាថា តើនឹងឱ្យអ្នកណាលីជំនួស ស៊ីម៉ូនជាអ្នកស្រុកគេរេនក៏បានមកដល់ពីទិសបញ្ច្រាសគ្នា ហើយមកជួប​នឹង​ហ្វូងមនុស្ស ត្រូវបានពួកសង្ឃឃើញ ហើយបង្ខំឱ្យលីឈើឆ្កាងរបស់ព្រះគ្រីស្ទ។ កូនរបស់ស៊ីម៉ូនគឺជាសាវករបស់ព្រះយេស៊ូវ តែគាត់មិនដែលបានប្រាស្រ័យទាក់ទងជាមួយនឹងទ្រង់ទេ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ជំពូក​ ១៥:២១-២៥

ខចងចាំ៖​​ ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ឯ​ព្រះអង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះរាជបុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះរាជបុត្រា​ទ្រង់​នោះ​ផង។ រ៉ូម ៨:៣១-៣២

Powered by CAM