ថ្ងៃសៅរ៍ ទី៣០​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៩-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ចុះ​តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ អើ គេ​នឹង​ភ្លេច​បាន ប៉ុន្តែ​អញ​មិន​ដែល​ភ្លេច​ឯង​ឡើយ មើល អញ​បាន​ចារឹក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​អញ​ហើយ អស់​ទាំង​កំផែង​ឯង​នៅ​ចំពោះ​ភ្នែក​អញ​ជានិច្ច។ អេសាយ​ ៤៩:១៥-១៦

អំណានប្រចាំថ្ងៃ គេបានបោះដែកគោលទ្រង់ជាប់នឹងឈើឆ្កាង

ហ្វូងមនុស្សដ៏ធំបានដើរ​តាម​ព្រះអង្គសង្គ្រោះទៅកាន់ភ្នំកាល់វ៉ារី មនុស្សជាច្រើនបានប្រមាថ និងចំអកឱ្យទ្រង់ ប៉ុន្តែមនុស្សខ្លះទៀតបានយំសោកនិងរៀបរាប់ពីការសរសើរតម្កើងដល់ទ្រង់។ អ្នកដែលទ្រង់បានព្យាបាលពីពិការភាពនិងអ្នកដែលទ្រង់បានប្រោសឱ្យរស់ពីស្លាប់ឡើងវិញបានប្រកាសពីការអស្ចារ្យដ៏ធំរបស់ទ្រង់ ដោយសំឡេងយ៉ាងស្មោះអស់ពីចិត្ត ហើយទាមទារចង់ដឹងថាតើព្រះយេស៊ូវទ្រង់បានធ្វើអ្វីខុសបានជាគេប្រព្រឹត្តនឹងទ្រង់ដូចជាអ្នកប្រព្រឹត្តរំលងច្បាប់យ៉ាងដូច្នេះ។ ទើបតែពីរបីថ្ងៃកន្លងទៅប៉ុណ្ណោះ ដែលពួកគេបានចូលរួមដង្ហែទ្រង់ទាំងច្រៀងហូសាណា ព្រមទាំង គ្រវីធាង​ចាកដោយអំណរ នៅពេលដែលទ្រង់គង់លើខ្នងសត្វលា យាងចូលទៅក្នុង​ទីក្រុងយេរូសាឡិម។ ប៉ុន្តែ មនុស្សជាច្រើនដែលបានស្រែកសរសើរតម្កើងដល់ទ្រង់នៅពេលនោះ ឥឡូវនេះគេបានស្រែកឡើងថា «ឆ្កាងវាទៅ ឆ្កាងវាទៅ!» ទៅវិញ។

នៅពេលមកដល់កន្លែងប្រហារជីវិត អ្នកជាប់ទោសត្រូវបានគេចងភ្ជាប់នឹងឧបករណ៍ធ្វើទារុណកម្ម។ នៅពេលគេបានទាញដៃរបស់វាមកបោះដែកគោលភ្ជាប់នឹងឈើឆ្កាង ចោរទាំងពីរនាក់បានរើបំរះយ៉ាងខ្លាំង តែ្រពះយេស៊ូវទ្រង់មិនបានរើបំរះឡើយ។ មាតារបស់ព្រះយេស៊ូវបានសម្លឹងមើលដោយការព្រួយបារម្ភស្ទើរផុតដង្ហើម ទាំងសង្ឃឹមថា ទ្រង់នឹងធ្វើការអស្ចារ្យដើម្បីសង្គ្រោះព្រះអង្គ។ បន្ទាប់ពីគេបានបោះដែកគោលព្រះយេស៊ូវភ្ជាប់រួចមក គេបានលើកឈើឆ្កាង ហើយបញ្ចូលទៅក្នុងរណ្តៅដែលគេបានជីកទុក ដោយកម្លាំងយ៉ាងខ្លាំង ទាំងទាញសាច់ព្រះយេស៊ូវបណ្តាល​ឱ្យមានការឈឺ​ចាប់​ជាខ្លាំង។ គេបានធ្វើឱ្យការសុគតរបស់ទ្រង់មានភាពអាម៉ាស់ជាទីបំផុត។ គេបានឆ្កាងចោរពីរនាក់នៅសងខាងព្រះយេស៊ូវម្នាក់ម្ខាង។ គេបានចាប់ចោរ​ដោយបង្ខំ ហើយបន្ទាប់ពីវាបានរើបំរះយ៉ាងខ្លាំងមក គេបានទាញដៃរបស់វាមកបោះដែកគោលភ្ជាប់នឹងឈើឆ្កាង។ ប៉ុន្តែ ព្រះយេស៊ូវទ្រង់បានប្រគល់ដៃទៅឲ្យគេបោះដែកគោលយ៉ាងសុភាព។ ទ្រង់មិនចាំបាច់ឱ្យអ្នកណា ចាប់ទាញព្រះហស្តទ្រង់ដាក់លើឈើឆ្កាងឡើយ។ ព្រះយេស៊ូវបានអធិស្ឋានឱ្យសត្រូវរបស់ទ្រង់ថា «ព្រះវរបិតាអើយ សូមទ្រង់អត់ទោសឱ្យគេផង ដ្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីទេ» នៅពេលដែលចោរទាំងពីរកំពុងជេរប្រទេចអ្នកធ្វើបាបវា។ គេបានទតមើលព្រះហស្តរបស់ទ្រង់ទាំងគូបានលាតនៅលើឈើឆ្កាង គឺព្រះហស្តដ៏ជាទីស្រឡាញ់នោះហើយដែលធ្លាប់តែចែកចាយនូវព្រះពរ និងធ្លាប់បានឈោងទៅព្យាបាលអ្នកមានជំងឺជាច្រើនដង។ ហើយឥឡូវ​នេះ គេបានយកញញួរនិងដែកគោលមកដំទម្លុះសាច់ដ៏ទន់នេះភ្ជាប់ទៅនឹងឈើឆ្កាង ពួកសាវកបានបែរមុខចេញពីទស្សនីយភាពនោះដោយចិត្តខ្ទេចខ្ទាំ​ ដែលធ្វើឱ្យចិត្តនៃមាតារបស់ព្រះគ្រីស្ទតក់ស្លុតហួសប្រមាណ។

ព្រះយេស៊ូវទ្រង់មិនបានត្អូញត្អែរឬរអ៊ូរទាំឡើយ ព្រះភក្ត្ររបស់ទ្រង់នៅតែស្លេកស្លាំងនិងស្ងៀមស្ងាត់ដដែល ប៉ុន្តែ មានតំណក់ញើសធំៗ​នៅ​លើចិញ្ចើមរបស់ទ្រង់។ គ្មានដៃដែល​មានការណាអាណតិអាសូរ​មកជូតជល​នេត្រនៃក្តីមរណៈ ចេញពីព្រះភក្ត្រទ្រង់ ឬក៏គ្មានពាក្យសំដីដែលប្រកប​ដោយ​ក្តីមេត្តា និងក្តីស្រឡាញ់ឥតប្រែប្រួលណាមកលួងលោមព្រះអង្គឡើយ។ ទ្រង់ត្រូវគេជាន់ឈ្លីតែមួយអង្គឯង ហើយគ្មានអ្នកណាមួយយកចិត្តទុកដាក់នឹងព្រះអង្គសោះឡើយ។ នៅពេលដែលពួកទាហានកំពុងធ្វើការដ៏គួរឱ្យភ័យខ្លាចរបស់គេ ហើយទ្រង់កំពុងតែរងទ្រាំនូវការឈឺចាប់ សោកសៅជាទម្ងន់ ព្រះយេស៊ូវបានអធិស្ឋានឱ្យដល់សត្រូវរបស់ទ្រង់ «ឱព្រះវរបិតាអើយ! សូមអត់​ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ» (លូកា ២៣:៣៧)។ សេចក្តីអធិស្ឋានរបស់ព្រះយេស៊ូវឱ្យសត្រូវរបស់ទ្រង់ បានឱប​ក្រសោបដល់លោកិយទាំងមូល ដោយរាប់បញ្ចូលទាំងអ្នកមានបាបគ្រប់គ្នាផង។

អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក​ ២៣:២៦-៣៤

ខចងចាំ៖​​ ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ឯ​ព្រះអង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះរាជបុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះរាជបុត្រា​ទ្រង់​នោះ​ផង។ រ៉ូម ៨:៣១-៣២

Powered by CAM