ថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ទោះនៅផ្ទៃមេឃខាងលើ ឬនៅផែនដីខាងក្រោមក្តី ទ្រង់កាន់តាមសេចក្តីសញ្ញា និងសេចក្តីសប្បុរសដល់ពួកបាវបំរើទ្រង់ ដែលខំដើរនៅចំពោះទ្រង់អស់ពីចិត្ត។ ពង្សាវតាក្សត្រទី១ ៨:២៣
អំណានប្រចាំថ្ងៃ នៅក្នុងព្រះវិហាររបស់ស្តេចសាឡូម៉ូន
ទីបរិសុទ្ធដ៏រុងរឿងបំផុតមួយត្រូវបានសាងសង់ឡើងរួចជាស្រេច ទៅតាមគំរូដែលព្រះបានបង្ហាញដល់លោកម៉ូសេ នៅលើភ្នំ ហើយបន្ទាប់ពីនោះមកទៀតដល់ស្តេចដាវីឌ។ ទីបរិសុទ្ធដែលនៅលើផែនដីត្រូវបានធ្វើឡើង ដូចជាទីបរិសុទ្ធនៅស្ថានសួគ៌។ បន្ថែមទៅលើចេរូប៊ីននៅលើកំពូល ហើយស្តេចសាឡូម៉ូនបានធ្វើជាទេវតាធំៗពីរទៀត ឈរនៅគ្រប់ទាំងគែមនៃហឹបតំណាងឱ្យទេវតានៃស្ថានសួគ៌ដែលរក្សាច្បាប់របស់ព្រះជានិច្ច។
រោងឧបោសថនោះ មានសោភណភាពនិងភាពសម្បើមរុងរឿងអស្ចារ្យ រកថ្លែងមិនបានឡើយ។ ហឹបដ៏ពិសិដ្ឋត្រូវបានគេសែងយ៉ាងមានរបៀបរៀបរយ ដោយក្តីគោរពជាឧឡារិក ហើយបានដាក់នៅក្នុងកន្លែងយ៉ាងត្រឹមត្រូវ នៅខាងក្រោមស្លាបនៃទេវតា ចេរូប៊ីនដ៏ថ្លៃថ្នូរពីរដែលឈរនៅលើកម្រាល។
ក្រុមអ្នកចម្រៀងដ៏ពិសេស បានរួមសំឡេងគ្នា ជាមួយនឹងឧបករណ៍តន្ត្រីគ្រប់ប្រភេទ ដើម្បីច្រៀងសរសើរតម្កើងដល់ព្រះ។ ហើយនៅពេលដែលសំឡេងទាំងឡាយបានរណ្តំគ្នា ជាមួយនឹងឧបករណ៍ភ្លេងទាំងអស់បានឮខ្ទរខ្ទារពាសពេញព្រះវិហារ បានអណ្តែតត្រសែតទៅលើអាកាសពាសពេញទីក្រុងយេរូសាឡិម ពពកនៃសិរីល្អរបស់ព្រះ បានគង់នៅពេញក្នុងព្រះវិហារ ដូចជាធ្លាប់បានបំពេញរោងឧបោសថនៅគ្រាមុនមកដែរ។
«លុះពួកសង្ឃបានចេញពីទីបរិសុទ្ធមកវិញ នោះពពកក៏មកពេញក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារពុំបាន ដោយព្រោះពពកនោះដ្បិតសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារនៃព្រះអង្គហើយ»។
ស្តេចសាឡូម៉ូនបានឈរនៅលើរន្ទាដែលធ្វើពីស្ពាន់ នៅពីមុខអាសនា ហើយបានឱ្យពរដល់ប្រជារាស្ត្រ។ បន្ទាប់ មកទ្រង់បានលុតជង្គង់ចុះ ដោយលើកព្រះហស្តទាំងសងខាង ទៅលើបង្ហូរសេចក្តីអធិដ្ឋានយ៉ាងស្មោះស្ម័គ្រអស់ពីចិត្តទៅព្រះ ខណៈដែលក្រុមជំនុំទាំងអស់បានក្រាបផ្កាប់មុខដល់ដី។ បន្ទាប់ពីស្តេចសាឡូម៉ូនបានបញ្ចប់ការអធិដ្ឋានរបស់ទ្រង់មក ភ្លើងដែលជាការអស្ចារ្យរបស់ព្រះបានធ្លាក់មកពីលើមេឃហើយបានបញ្ឆេះតង្វាយយញ្ញបូជានោះទៅ។
អំណានព្រះគម្ពីរពេលល្ងាច៖ ពង្សាវតាក្សត្រទី១ ៨:១-១១
ខចងចាំ៖ ឥឡូវនេះ ភ្នែកអញនឹងនៅតែបើក ហើយត្រចៀកអញ នឹងនៅតែផ្ទៀងស្តាប់សេចក្តី ដែលគេអធិស្ឋាននៅទីនេះ ។ របាក្សត្រទី២ ៧:១៥