ថ្ងៃសុក្រ ទី០៨​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្តី​សុចរិត ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌ ពី​ព្រោះ​គេ​ក៏​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ហោរា ដែល​នៅ​មុន​អ្នក​រាល់​គ្នា បែប​ដូច្នោះ​ដែរ។ ម៉ាថាយ ៥:១០-១២

អំណានប្រចាំថ្ងៃ លោកយ៉ូហានត្រូវគេកាត់ក្បាល

ស្តេចហេរ៉ូឌមានការរំជួលព្រះទ័យ នៅពេលដែលទ្រង់បានស្តាប់ទីបន្ទាល់ដ៏អស្ចារ្យ និងចំៗរបស់លោកយ៉ូហាន។ ដោយការចាប់អារម្មណ៍ជា​ខ្លាំង ព្រះអង្គបានសួរថា តើព្រះអង្គត្រូវធ្វើយ៉ាងណាដើម្បីឱ្យក្លាយជាសិស្សរបស់គាត់។ លោកយ៉ូហានបានដឹងយ៉ាងច្បាស់អំពីរឿងពិត ដែលទ្រង់ប្រុងនឹងរៀបអភិសេកជាមួយប្រពន្ធរបស់ព្រះអនុជទ្រង់ ដែលស្វាមីរបស់នាង​នៅមាន​ជីវិតរស់នៅ នៅឡើយ ហើយគាត់បានទូលដល់ស្តេចហេរ៉ូឌ ដោយស្មោះត្រង់​ថា ធ្វើដូច្នោះនោះមិនត្រឹមត្រូវតាមច្បាប់ទេ។ ស្តេចហេរ៉ូឌពុំមានបំណងលះបង់គំនិតនេះចោលឡើយ។ ទ្រង់បានរៀបអភិសេកជាមួយនឹងប្រពន្ធនៃព្រះអនុជ​របស់ព្រះអង្គ ហើយតាមរយៈឥទ្ធិពលរបស់នាងនោះ លោកយ៉ូហាន​ក៏ត្រូវគេ​ចាប់ដាក់គុក។ ប៉ុន្តែ ស្តេចហេរ៉ូឌមានបំណងនឹងដោះលែងគាត់ចេញវិញ។ នៅពេលជាប់ឃុំឃាំង លោកយ៉ូហានបានឮពីការងារដ៏មានឫទ្ធិបារមីរបស់ព្រះព្រះយេស៊ូវ តាមរយៈសិស្សរបស់គាត់។ គាត់មិនអាចស្តាប់​ព្រះបន្ទូល​ទ្រង់​បានទេ ប៉ុន្តែ ពួកសិស្សរបស់គាត់បានប្រាប់គាត់ និងកម្សាន្តចិត្តគាត់ពីអ្វីដែលពួកគេបានឮ។ មិនយូរប៉ុន្មាន លោកយ៉ូហានត្រូវបានគេកាត់ក ដោយសារតែឥទ្ធិពលនៃមហេសីរបស់ស្តេចហេរ៉ូឌ។ ខ្ញុំបានឃើញថាសិស្សដ៏តូចបំផុត ដែល​បាន​​ដើរតាមព្រះយេស៊ូវ ធ្វើទីបន្ទាល់ពីការអស្ចារ្យរបស់ទ្រង់ និងបានឮពាក្យ​ពេចន៍លួងលោមកម្សាន្តចិត្ត ដែលបានមានបន្ទូលចេញពីព្រះឱស្ឋទ្រង់ ដែល​ធំជាង​លោកយ៉ូហាន។ ហេតុនេះហើយពួកគេត្រូវបានលើកតម្កើងឡើង ហើយកាន់តែមានអំណរនៅក្នុងជីវិតរបស់ពួកគេ។

លោកយ៉ូហានបានលេចមកដោយវិញ្ញាណនិងអំណាចរបស់អេលីយ៉ា ដើម្បីប្រកាសអំពីការយាងមកលើកទី១ របស់ព្រះយេស៊ូវ។ ខ្ញុំត្រូវបានគេចង្អុលបង្ហាញនូវថ្ងៃចុងក្រោយបង្អស់ ហើយបានឃើញថា យ៉ូហានបាន​តំណាងឱ្យអ្នកដែលត្រូវចេញទៅក្នុងវិញ្ញាណ និងអំណាចរបស់អេលីយ៉ា ដើម្បីប្រកាសប្រាប់ឱ្យដឹងអំពីថ្ងៃនៃការឃោរឃៅ និងការយាងមកជាលើកទីពីររបស់ព្រះព្រះយេស៊ូវ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ជំពូក​ ៦: ១៤-២៩

ខចងចាំ៖​​ ឥឡូវ​នេះ ភ្នែក​អញ​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​អញ នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្តី ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ ។ របាក្សត្រទី២ ៧:១៥

Powered by CAM