ថ្ងៃសៅរ៍ ទី០៩​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត ដោយសារ​ព្រះនាម​ទ្រង់ ដោយ​មាន​សេចក្តី​ជំនឿ។ យ៉ូហាន​ ២០:៣១

អំណានប្រចាំថ្ងៃ សេចក្តីល្បួង

បន្ទាប់ពីការជ្រមុជទឹករបស់ព្រះយេស៊ូវនៅទន្លេយរ័ដាន់មក ព្រះវិញ្ញាណ​បាននាំទ្រង់ទៅឯទីរហោស្ថាន ដើម្បីឱ្យអារក្សល្បួង។ ព្រះវិញ្ញាណបរិសុទ្ធបានរៀបចំទ្រង់សម្រាប់ការល្បួងដ៏សាហាវនេះ។ ទ្រង់ត្រូវអារក្សល្បួង​សែសិបថ្ងៃ ហើយនៅពេលនោះ ទ្រង់មិនបានសោយអ្វីសោះឡើយ។ អ្វីៗទាំងឡាយដែលនៅជុំវិញព្រះព្រះយេស៊ូវសុទ្ធតែក្រៀមក្រំ ដែលមនុស្សម្នា​គេ​គេចវេះ។ ទ្រង់នៅជាមួយសត្វព្រៃនិងអារក្សនៅក្នុងទីស្ងាត់ដាច់ស្រយាល។ ខ្ញុំបានឃើញព្រះរាជបុត្រានៃព្រះស្លេកស្លាំងនិងស្គមស្គាំង ដោយការតម​អត់​អាហារ និងការឈឺចាប់។ ប៉ុន្តែ ទ្រង់នៅតែតម្រង់ទិសដៅដដែលហើយទ្រង់ត្រូវតែសម្រេចកិច្ចការដែលទ្រង់បានយាងមកបំពេញជានិច្ច។

សាតាំង​​បានយកចំណេញពីការឈឺចាប់របស់ព្រះរាជបុត្រានៃព្រះ ហើយបានរៀបចំដណ្តើម យកជ័យជំនះពីទ្រង់ដោយការល្បួងផ្សេងៗជាច្រើន។ ដោយសង្ឃឹមថាវាអាចយកជ័យជំនះពីទ្រង់បាន ដោយសារទ្រង់បានបន្ទាបអង្គទ្រង់មកជាមនុស្ស។ សាតាំងបានមកជាមួយនឹងសេចក្តីល្បួងថា «បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ដុំថ្មនេះឱ្យក្លាយជានំប័ុងចុះ»។ វាបានល្បួងព្រះយេស៊ូវឱ្យតម្កើងខ្លួនឯង ហើយបង្ហាញដល់វា​ថាទ្រង់​គឺជាព្រះមែស្ស៊ី ដោយប្រើអំណាចនៃព្រះ។ ព្រះយេស៊ូវបានឆ្លើយតបយ៉ាងចំៗទៅវាថា «ដ្បិតមានសេចក្តីចែងទុកមកថា មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋព្រះផងដែរ» លូកា ៤:៣, ៤។

សាតាំងបានស្វែងរកទំនាស់ជាមួយនឹងព្រះយេស៊ូវទាក់ទងទៅនឹងភាពជាព្រះរាជបុត្រានៃព្រះរបស់ទ្រង់។ វាសំដៅទៅលើភាពទន់ខ្សោយ ការឈឺ​ចាប់របស់ទ្រង់ និងបញ្ជាក់ដោយអំនួតថា វាខ្លាំងជាង​ព្រះយេស៊ូវ។ ប៉ុន្តែ ព្រះបន្ទូលថ្លែងចេញពីស្ថានសួគ៌មកថា «នេះជាកូនស្ងួនភ្ងាអញ ជាទី​ពេញ​ចិត្ត​អញណាស់» (លូកា ៣:២២) ល្មមគ្រប់គ្រាន់សម្រាប់ពង្រឹងកម្លាំង​ព្រះយេស៊ូវឱ្យទ្រាំទ្រនឹងគ្រប់ការឈឺចាប់ទាំងអស់។ ខ្ញុំបានឃើញថា នៅគ្រប់ទាំងបេសកកម្មរបស់ទ្រង់ ព្រះអង្គមិនបាន បង្ហាញឱ្យសាតាំង​ឃើញ​ថា ទ្រង់ជាព្រះអង្គសង្គ្រោះនៃលោកិយនេះឡើយ។ សាតាំងមាន​ភស្តុតាង គ្រប់គ្រាន់​អំពីឋានៈ និងអំណាចដ៏ខ្ពស់របស់ទ្រង់។ ការមិន​សុខ​ចិត្ត​របស់វា ក្នុងការទទួលស្គាល់អំណាចព្រះយេស៊ូវនេះហើយដែលបានធ្វើឱ្យវាធ្លាក់ចុះពីស្ថានសួគ៌។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក​ ៤:១-១១

ខចងចាំ៖​​ ឥឡូវ​នេះ ភ្នែក​អញ​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​អញ នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្តី ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ ។ របាក្សត្រទី២ ៧:១៥

Powered by CAM