ថ្ងៃអង្គារ ទី១០​ ខែឧសភា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ មនុស្ស​អាក្រក់ គេ​តែង​តែ​ទទួល​សំណូក ដោយ​លួច​លាក់ ដើម្បី​នឹង​បង្ខូច​ផ្លូវ​យុត្តិធម៌។ សុភាសិត ១៧:២៣

អំណានប្រចាំថ្ងៃ របាយការណ៍របស់ទាហានរ៉ូមដែលយាមផ្នូរ

នៅពេលពពួកទេវតាបានយាងចេញពីផ្នូរត្រឡប់ទៅស្ថានសួគ៌វិញ ហើយពន្លឺនិងសិរីល្អរបស់លោកបានរលាយបាត់អស់ទៅវិញនោះ ទាហាន​រ៉ូម​ដែលយាមផ្នូរបានក្រោកឡើង ហើយបើកភ្នែកមើលជុំវិញខ្លួន។ គេមានការងឿងឆ្ងល់ជាខ្លាំងដោយដុំថ្មដែលបាំងមាត់ផ្នូរត្រូវបានប្រមៀលចេញ ហើយព្រះសពរបស់ព្រះយេស៊ូវក៏បានបាត់ដែរ។ គេក៏ប្រញាប់ធ្វើដំណើរទៅកាន់ទីក្រុង ដើម្បីជំរាបរឿងដ៏អស្ចារ្យដែលគេបានឃើញនោះ ដល់សម្តេច​សង្ឃនិងពួកមេដឹកនាំ ហើយនៅពេលដែល ពួកឃាតកទាំងនោះបានឮនូវរបាយការណ៍ដ៏គួរឱ្យរន្ធត់នោះ មុខគេឡើងស្លាំងគ្រប់ៗគ្នា។ គេបានឃើញនូវកំហុសទាំងឡាយដែលគេបានប្រព្រឹត្ត។ ពេលនោះគេបានដឹងថា ប្រសិនបើទាហានបានរាយការណ៍នោះជាការពិត នោះពួកគេនឹងត្រូវបាត់បង់។ ពួកគេស្រឡាំងកាំងមួយស្របក់ ហើយសម្លឹងមើលមុខគ្នាទៅវិញទៅមក ដោយស្ងៀមស្ងាត់ ទាំងមិនដឹងថាត្រូវធ្វើយ៉ាងណា និងនិយាយពីអ្វីឡើយ។ ប្រសិនបើគេទទួលរបាយការណ៍នេះ នោះដូចជាពួកគេថ្កោលទោស​ខ្លួន​ឯង។ ពួកគេបានបែកគ្នារៀងៗខ្លួនដើម្បីពិភាក្សាថា តើត្រូវធ្វើយ៉ាងណា។ ពួកគេបានពិចារណាថាប្រសិនបើទាហានផ្សព្វផ្សាយដំណឹងនោះដល់ពួកបណ្តាជន អ្នកដែលបានធ្វើគុតព្រះគ្រីស្ទនឹងត្រូវគេសម្លាប់ដូចជាព្រះគ្រីស្ទដែរជាមិនខាន។

គេចង់ជួលទាហានឱ្យលាក់រឿងនោះជាសម្ងាត់។ ពួកសម្តេចសង្ឃនិងពួកអ្នកដឹកនាំបានផ្តល់ប្រាក់ឱ្យទាហានជាច្រើន ដោយឲ្យនិយាយថា «ពួកសិស្សរបស់ទ្រង់បានមកលួចព្រះសពយកទៅ នៅពេលយប់​ដែល​យើង​​ដេកលក់» ម៉ាថាយ ២៨:១៣។ ហើយនៅពេលដែល​ទាហានត្រូវ​គេ​សួរថា ហេតុអ្វីបានជាគេដេកលក់នៅពេលយាមនោះ ពួកមន្ត្រីសាសន៍​យូដាបានសន្យាថា គេនឹងអង្វរចៅហ្វាយខេត្តឱ្យជួយដល់ពួកគេ។ ដោយ​សារប្រាក់ ទាហានរ៉ូមដែលជាអ្នកយាមបានលក់កិត្តិយសរបស់ខ្លួន ហើយយល់ព្រមធ្វើតាមការណែនាំរបស់សម្តេចសង្ឃ និងពួកចាស់ទុំ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក​ ២៨:១១-១៥

ខចងចាំ៖​​ តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង។ រ៉ូម ៥:៨

Powered by CAM