ថ្ងៃពុធ ទី១១​ ខែឧសភា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង ហើយ​បាន​ហៅ​យើង​មក​ក្នុង​ការងារ​បរិសុទ្ធ មិន​មែន​ដោយ​ការ​ដែល​យើង​ធ្វើ​ទេ គឺ​ដោយ​ដំរិះ និង​ព្រះគុណ​នៃ​ទ្រង់​វិញ ដែល​បាន​ផ្តល់​មក​យើង​ក្នុង​ព្រះគ្រីស្ទយេស៊ូវ មុន​អស់​ទាំង​កល្ប តែ​ឥឡូវ​នេះ ទើប​នឹង​សំដែង​មក ដោយ​ដំណើរ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ទ្រង់​លេច​មក ដែល​ទ្រង់​បាន​បំផ្លាញ​សេចក្តី​ស្លាប់ ហើយ​បាន​យក​ជីវិត និង​សេចក្តី​មិន​ចេះ​ស្លាប់មក​ដាក់​នៅ​ពន្លឺ ដោយសារ​ដំណឹង​ល្អ​វិញ។ ធីម៉ូថេទី២ ១:៩-១០

អំណានប្រចាំថ្ងៃ ផលផ្លែដំបូងនៃការប្រោសលោះ

ផលផ្លែ​ដំបូង​នៃការប្រោសលោះ នៅពេលព្រះយេស៊ូវ​ត្រូវបាន​ព្យួរ​នៅលើឈើឆ្កាង ទ្រង់បានស្រែកថា «ការស្រេចហើយ» ផ្នូរបើកចេញពីគ្នា ផែនដីរញ្ជួយ ហើយមានផ្នូរជាច្រើនបានបើកឡើង។ ដ្បិតនៅពេលដែលព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយមានជ័យជំនះលើ​សេចក្តី​ស្លាប់ នៅពេលដែលព្រះអង្គបានយាងចេញពីផ្នូរ ជាអ្នកមានជោគជ័យ នៅពេលដែលផែនដីឃ្លេងឃ្លោងនិងរញ្ជួយ ហើយសិរីល្អដ៏អស្ចារ្យនៃស្ថានសួគ៌ចាំងមកលើកន្លែងដ៏ពិសិដ្ឋនោះ អ្នកសុចរិតជាច្រើន ដែលបានស្លាប់ទៅ​ហើយ ហើយបានគោរពតាមការត្រាស់ហៅរបស់ទ្រង់បានរស់ឡើងវិញ ជាទីបន្ទាល់ថា ទ្រង់មានព្រះជន្មរស់ឡើងវិញមែន។ ពួកអ្នកបរិសុទ្ធជាទីស្រឡាញ់ដែលបានរស់ឡើងវិញនោះ បានចោមរោមសរសើរតម្កើងទ្រង់។ ពួកគេជាអ្នកជ្រើសតាំងនិងជាមនុស្សបរិសុទ្ធនៅគ្រប់សម័យកាល តាំងពី​សម័យ​បង្កបង្កើតលោក រហូតដល់សម័យព្រះគ្រីស្ទ។ ហើយនៅពេលដែលពួកអ្នកដឹកនាំសាសន៍យូដាបានខំប្រឹងប្រែងលាក់បាំងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ ព្រះអម្ចាស់បានជ្រើសរើសនាំមនុស្សមួយក្រុមចេញពីផ្នូរ ដើម្បីបញ្ជាក់ថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញពិតប្រាកដមែននិងដើម្បីប្រកាសពីសិរីល្អរបស់ទ្រង់។

អ្នក​ដែលបាន​​​រស់​ឡើងវិញមានរូបរាងនិងទ្រង់ទ្រាយខុសៗគ្នា។ ខ្ញុំត្រូវ​​បាន​​​គេប្រាប់ថា អ្នកដែលរស់នៅលើផែនដីត្រូវបានផ្លាស់ប្តូរ ដោយបាត់បង់កម្លាំងនិងភាពស្រស់របស់ខ្លួន។ សាតាំងមានអំណាចធ្វើឱ្យមានជំងឺ​និងស្លាប់ ហើយនៅគ្រប់សម័យកាលឥទ្ធិពលនៃបណ្តាសារបស់វា ត្រូវបាន​គេមើលឃើញកាន់តែច្បាស់ ហើយអំណាចរបស់សាតាំងក៏បាន​ឃើញ​កាន់​តែច្បាស់ដែរ។ អ្នកដែលបានរស់នៅជំនាន់លោកណូអេនិងអ័ប្រាហាំ​មាន​ទ្រង់ទ្រាយដូចទេវតា ទាំង​សម្រស់ និងកម្លាំង។ ប៉ុន្តែ គ្រប់ជំនាន់មនុស្សកាន់តែចុះខ្សោយទៅៗ ហើយ​មានជំងឺកាន់តែច្រើនឡើង និងមានអាយុកាន់​តែ​ខ្លី។ សាតាំង​បានដឹង​អំពី​របៀបបំផ្លាញមនុស្ស និងធ្វើឱ្យពូជមនុស្សចុះទន់ខ្សោយ។

អ្នកដែលបានរស់បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវបានលេចឡើង នៅចំពោះមនុស្សជាច្រើន ដោយប្រាប់ពួកគេថាការលះបង់សម្រាប់មនុស្សបានសម្រេចហើយ ដ្បិតព្រះយេស៊ូវដែលពួកយូដាបានឆ្កាងនោះ បានមានព្រះជន្មរស់ពីសុគតឡើងវិញហើយ ដើម្បីជាភស្តុតាងពីព្រះបន្ទូលដែលទ្រង់បានប្រកាសថា «យើងត្រូវបានប្រោសឱ្យរស់ឡើងវិញជាមួយទ្រង់»។ គេបានផ្តល់ទីសំគាល់ថា ដោយសារតែអំណាចដ៏មានព្រះចេស្តារបស់ទ្រង់ ពួកគេត្រូវបានហៅចេញពីផ្នូរ។ ទោះបីជារបាយការណ៍កុហកនោះត្រូវបានឮសុសសាយក៏ដោយ ក៏រឿងនោះមិនអាចបិទបាំងដោយសាតាំងនិងទេវតារបស់វា ឬពួកសម្តេចសង្ឃបានឡើយ ដ្បិតពួកមនុស្សបរិសុទ្ធដែលទ្រង់បាននាំចេញពីផ្នូរបានផ្សព្វផ្សាយដំណឹងអស្ចារ្យដ៏មានអំណរ ឮសុសសាយ ហើយព្រះយេស៊ូវក៏បានបង្ហាញអង្គទ្រង់ដល់ពួកសាវកដែលកំពុងក្រៀមក្រំ និងមានចិត្តខ្ទេចខ្ទាំ ដោយបំបាត់ការភ័យ​ខ្លាច​របស់គេ ហើយធ្វើឱ្យគេមានអំណររីករាយឡើងវិញផងដែរ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក​ ២៧:៤៥-៥៦

ខចងចាំ៖​​ តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង។ រ៉ូម ៥:៨

Powered by CAM