ថ្ងៃព្រហស្បតិ៍ ទី១២​ ខែឧសភា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ តែ​អ្នក​នោះ​និយាយ​ថា កុំ​ឲ្យ​ភ័យ​ឡើយ អ្នក​រាល់​គ្នា​មក​រក​ព្រះយេស៊ូវ ពី​ណាសារ៉ែត ដែល​ត្រូវ​ឆ្កាង ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ មើល នេះ​ជា​កន្លែង​ដែល​គេ​បាន​ផ្តេក​ព្រះសព​ទ្រង់។ ម៉ាកុស ជំពួក​ ១៦:៦

អំណានប្រចាំថ្ងៃ ពួកសិស្សស្រីៗនៅផ្នូរ

ពួកសិស្ស​​ស្រីៗនៅឯផ្នូរព្រលឹមស្រាងៗ ក្នុងថ្ងៃទីមួយនៃសប្តាហ៍ ពេលព្រះអាទិត្យមិនទាន់បញ្ចេញពន្លឺនៅឡើយពួកស្ត្រីៗបរិសុទ្ធបានទៅឯផ្នូរ នាំយកគ្រឿងក្រអូបជាច្រើន ដើម្បីចាក់លើព្រះសពព្រះយេស៊ូវ។ ពួកគេបានរកឃើញថាដុំថ្មដ៏ធ្ងន់ត្រូវបានប្រមៀលចេញពីមាត់ផ្នូរ ហើយព្រះសពរបស់ព្រះយេស៊ូវមិនបាននៅទីនោះទេ។ គេមានចិត្តរន្ធត់ហើយបារម្ភក្រែងពួកសត្រូវរបស់គេបានយកព្រះសពទ្រង់ទៅបាត់។ បន្ទាប់មក ពួកគេបានឃើញទេវតាពីរអង្គមានសំលៀកបំពាក់សស្គុស មុខរបស់លោកទាំងពីរមានពន្លឺភ្លឺចែងចាំង។ ទេវតានៃស្ថានសួគ៌នេះបានដឹងពីភារកិច្ចរបស់ពួកស្ត្រីទាំងនោះ ហើយលោកបានប្រាប់ពួកគេភ្លាមថា ព្រះយេស៊ូវទ្រង់មិនគង់នៅ​ទីនោះទេ ទ្រង់បានរស់ឡើងវិញហើយ ហើយពួកគេបានឃើញកន្លែងដែលបានដាក់ព្រះសព​ទ្រង់។ ពួកទេវតាបានប្រាប់ឱ្យពួកនាងទៅប្រាប់ដល់ពួកសាវករបស់ទ្រង់ថា ទ្រង់នឹងយាងទៅស្រុកកាលីឡេមុនហើយ។ ពួកស្រីៗបានប្រញាប់ត្រឡប់ទៅរកពួកសាវកដែលកំពុងតែមានទុក្ខព្រួយវិញ ដោយ​ភ័យខ្លាច និងអំណរយ៉ាងក្រៃលែង ហើយបានប្រាប់ពួកគេនូវអ្វីដែលពួកគេបានឃើញនិងបានឮ។

ពួកសាវកមិនអាចជឿថាព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញទេ ប៉ុន្តែ ពួកគេ​បានរត់យ៉ាងលឿន សំដៅទៅផ្នូរ ជាមួយពួកស្រីៗដែល​បាននាំ​ដំណឹង​នោះ​មកប្រាប់គេ។ ពួកគេមិនបានឃើញព្រះយេស៊ូវនៅកន្លែងនោះទេ ពួកគេបានឃើញសំពត់ទេសឯកដែលរុំព្រះសពទ្រង់ ប៉ុន្តែ គេមិនអាចជឿនូវដំណឹងល្អដែលថាទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញនោះឡើយ។ ពួកគេបាន​ត្រឡប់ ទៅផ្ទះវិញ ដោយមានការអស្ចារ្យនឹងអ្វីដែលពួកគេបានឃើញនិងដំណឹងដែលពួកស្រីៗបាននាំមកប្រាប់គេនោះ។

តែនាងម៉ារាបានរារង់នៅជុំវិញផ្នូរ គិតអំពីការដែលនាងបានឃើញទាំងមានកង្វល់ ដោយស្មានថានាងត្រូវគេបញ្ឆោតទេ។ នាងបាននឹក​ឃើញថាទុក្ខកង្វល់ថ្មីមួយនេះបានរង់ចាំនាងទៀតហើយ។ ទុក្ខសោករបស់នាងក៏បានកើតឡើងសារជាថ្មី ហើយនាងបានយំសោកយ៉ាងឈឺចាប់ក្រៃលែង។ នាងបានចូលទៅមើលផ្នូរម្តងទៀត ហើយបានឃើញទេវតាពីរអង្គដែល​មាន​សំលៀកបំពាក់ស។ ទេវតាមួយអង្គគង់នៅត្រង់កន្លែងដែលគេបានផ្តេកព្រះសិរព្រះយេស៊ូវ ហើយមួយអង្គទៀត គង់នៅត្រង់កន្លែងព្រះបាទនៃព្រះសពរបស់ទ្រង់។ ទេវតាបានមានបន្ទូលសួរនាងដោយស្រទន់ថា តើហេតុអ្វី​បាន​ជានាងយំ។ នាងឆ្លើយតបថា «លោកនាយអើយ គេបានយក​ព្រះអម្ចាស់របស់ខ្ញុំទៅណាបាត់ហើយ ហើយខ្ញុំមិនដឹងថាគេទុកទ្រង់នៅទីណាទេ» យ៉ូហាន ២០:១៣។

អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក​ ២៤:១-១២

ខចងចាំ៖​​ តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង។ រ៉ូម ៥:៨

Powered by CAM