ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេស៊ូវ ទ្រង់យាងមកមានព្រះបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ ម៉ាថាយ ជំពួក ២៨:១៨-២០
អំណានប្រចាំថ្ងៃ «កុំពាល់ខ្ញុំ»
នៅពេលដែលនាងបែរមុខចេញពីផ្នូរ នាងបានឃើញព្រះយេស៊ូវឈរនៅក្បែរនោះ តែនាងមិនស្គាល់ទ្រង់ទេ។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់នាងម៉ារាដោយស្រទន់ និងប្រាប់នាងពីបុព្វហេតុ នៃការសោកសង្រេងរបស់នាង ហើយសួរនាងថា តើនាងកំពុងរកអ្នកណា។ នាងគិតស្មានថាជាអ្នកថែសួន ក៏បានសុំអង្វរគេថា បើគេបានយកព្រះសពព្រះអម្ចាស់របស់នាងទៅតើគេបានទុកទ្រង់នៅឯណា ចូរប្រាប់នាងមកដើម្បីឱ្យនាងបានទៅយកមកវិញ។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់នាងដោយព្រះសូរសៀងនៃស្ថានសួគ៌ថា «ម៉ារាអើយ»។ នាងបានស្គាល់ច្បាស់នូវសំឡេងដ៏ជាទីស្រឡាញ់របស់នាង ហើយក៏ឆ្លើយតបភ្លាមទៅវិញថា «លោកគ្រូអើយ» ហើយនាងក៏បានទៅឱបទ្រង់ដោយសេចក្តីអំណររីករាយ តែព្រះយេស៊ូវបានថយក្រោយ ហើយមានបន្ទូលថា «កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ ចូរនាងទៅឯពួកបងប្អូនខ្ញុំ ប្រាប់ថា ខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ» យ៉ូហាន ២០:១៧។ នាងបានរត់ទៅឯពួកសាវក ដោយអំណរ ជាមួយនឹងដំណឹងល្អ។ ព្រះយេស៊ូវបានយាងទៅកាន់ស្ថានសួគ៌យ៉ាងលឿនទៅឯព្រះវរបិតានៃទ្រង់ ដើម្បីទូលទ្រង់ថា ព្រះអង្គបានទទួលការលះបង់និងបានធ្វើការងារទាំងអស់បានល្អប្រពៃដើម្បីទទួលអំណាចនៅស្ថានសួគ៌ និងនៅផែនដី ពីព្រះវរបិតាទ្រង់ហើយ។
ពពួកទេវតាដូចពពកបានហែហមព្រះរាជបុត្រានៃព្រះ និងគោះទ្វារដ៏អស់កល្បឱ្យបើកឡើងទទួលស្តេចនៃសិរីល្អយាងចូល។ ខ្ញុំបានឃើញថា នៅពេលដែលព្រះយេស៊ូវគង់ជាមួយនឹងទេវតាដ៏មានពន្លឺនៅស្ថានសួគ៌ នៅចំពោះព្រះវត្តមាននៃព្រះវរបិតាព័ទ្ធជុំវិញដោយសិរីល្អរបស់ទ្រង់ ទ្រង់មិនបានភ្លេចពួកសាវករបស់ទ្រង់នៅផែនដីឡើយ ប៉ុន្តែ ទ្រង់បានទទួលអំណាចពីព្រះវរបិតា ដើម្បីឱ្យទ្រង់យាងត្រឡប់មករកពួកគេវិញហើយប្រទានអំណាចដល់ពួកគេ។ នៅថ្ងៃដដែលនោះ ទ្រង់បានយាងត្រឡប់មកវិញ ហើយបង្ហាញអង្គទ្រង់ឱ្យពួកសាវកឃើញ។ ពេលនោះ ទ្រង់បានឱ្យពួកគេពាល់ទ្រង់ ដ្បិតទ្រង់បានយាងទៅកាន់ព្រះវរបិតាហើយ ហើយបានទាំងទទួលអំណាចពីព្រះអង្គមកផង។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូហាន ជំពូក ២០:១-២៣
ខចងចាំ៖ តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។ រ៉ូម ៥:៨