ថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដោយបានទទួលចុងបំផុតនៃសេចក្តីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្តីសង្គ្រោះដល់ព្រលឹង។ ពេត្រុសទី១ ជំពួក ១:៨-៩
អំណានប្រចាំថ្ងៃ ថូម៉ាសជាអ្នកសង្ស័យ
ព្រះទ័យរបស់ស្តេចហេរ៉ូឌនៅតែរឹងរូសដដែល ហើយនៅពេលដែលទ្រង់បានឮថាព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញនោះ ព្រះអង្គមិនសូវជាខ្វល់ខ្វាយប៉ុន្មានទេ។ ទ្រង់បានសម្លាប់លោកយ៉ាកុប ហើយនៅពេលដែលទ្រង់ទតឃើញថាការសម្លាប់នោះបានធ្វើឱ្យពួកយូដាពេញចិត្ត ព្រះអង្គក៏បានចាប់លោកពេត្រុសដើម្បីសម្លាប់ទៀត។ ប៉ុន្តែ ព្រះមានផែនការឱ្យលោកពេត្រុសធ្វើ ហើយក៏បានចាត់ទេវតារបស់ទ្រង់ឱ្យទៅរំដោះគាត់។ ស្តេចហេរ៉ូឌបានទទួលការជំនុំជម្រះ។ ព្រះបានវាយព្រះអង្គនៅកណ្តាលហ្វូងមនុស្ស នៅពេលដែលទ្រង់កំពុងលើកដំកើងខ្លួនឯង នៅកណ្តាលពួកគេហើយទ្រង់បានសុគតយ៉ាងវេទនាជាទីបំផុត។
នៅពេលនោះ ថូម៉ាសមិនបាននៅទីនោះទេ។ គាត់មិនបានបន្ទាបខ្លួនទទួលយកការរៀបរាប់ប្រាប់របស់ពួកសាវកឡើយ ហើយគាត់បានអះអាងដោយទុកចិត្តខ្លួនឯងយ៉ាងដាច់អហង្ការថា គាត់មិនជឿឡើយ លុះត្រាតែគាត់បានដាក់ដៃគាត់ចូលទៅក្នុងស្នាមដែកគោល និងទៅលើចំហៀងទ្រង់ ដែលត្រូវគេចាក់នឹងលំពែងនោះ។ ធ្វើដូច្នេះ គាត់បានបង្ហាញថាគាត់ខ្វះការទុកចិត្តទៅលើបងប្អូនរបស់គាត់ហើយ។ ហើយប្រសិនបើមនុស្សទាំងអស់ទាមទារនូវភស្តុតាងបែបនេះ នោះនឹងគ្មានមនុស្សណាម្នាក់ទទួលព្រះយេស៊ូវ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ឡើយ នៅពេលសព្វថ្ងៃនេះ។ ប៉ុន្តែ វាគឺជាព្រះហប្ញទ័យរបស់ព្រះ មនុស្សជាច្រើនដែលមិនបានឮនិងមិនបានឃើញការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះដោយផ្ទាល់ បានទទួលជឿនូវដំណឹងពីរបាយការណ៍ របស់ពួកសាវក។
ព្រះជាម្ចាស់មិនសព្វព្រះហប្ញទ័យចំពោះអ្នកមិនជឿបែបនោះឡើយ។ ហើយនៅពេលដែលព្រះយេស៊ូវបានជួប ជាមួយនឹងពួកសាវកម្តងទៀត ថូម៉ាសក៏បាននៅជាមួយនឹងពួកគេដែរ។ នៅពេលដែលគាត់បានឃើញព្រះយេស៊ូវភ្លាម គាត់ក៏ជឿ។ ប៉ុន្តែគាត់បានប្រកាសថា គាត់នឹងមិនជឿ ឡើយ បើគ្មានភស្តុតាងដែលគាត់បានប៉ះពាល់ បន្ថែមលើការឃើញទេនោះ។ ហើយព្រះយេស៊ូវបានប្រទានភស្តុតាងដែលគាត់ចង់បាននោះ ដល់គាត់។ ថូម៉ាស់ឆ្លើយឡើងថា ឱព្រះអម្ចាស់ នៃទូលបង្គំ ឱព្រះនៃទូលបង្គំអើយ។ ប៉ុន្តែ ព្រះយេស៊ូវបានបន្ទោសដល់ថូម៉ាសចំពោះការដែលគាត់មិនបានជឿ។ ទ្រង់បានមានបន្ទូលទៅគាត់ថា «ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំ តែមានពរហើយអស់អ្នកដែលជឿតែមិនឃើញសោះ» យ៉ូហាន ២០:២៨, ២៩។
ការបរាជ័យរបស់អ្នកធ្វើគុតព្រះគ្រីស្ទនៅពេលដែលដំណឹងនេះបានឮពីទីក្រុងមួយទៅទីក្រុងមួយ ពីស្រុកមួយទៅស្រុកមួយ ពួកយូដាមានការភិតភ័យចំពោះអាយុជីវិតរបស់គេ ហើយខំបិទបាំងសម្អប់របស់គេចំពោះពួកសាវក។ សេចក្តីសង្ឃឹមតែមួយគត់របស់គេ គឺផ្សព្វផ្សាយដំណឹងមិនពិត។ ហើយអ្នកដែលយល់ថា ការកុហកនោះជារឿងពិតក៏ជឿតាម។ លោកពីឡាត់បានតក់ស្លុត នៅពេលដែលគាត់បានឮថាព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ។ គាត់មិនបានសង្ស័យលើទីបន្ទាល់ដែលគេបានប្រាប់នោះឡើយ ហើយចាប់ពីពេលនោះមក សេចក្តីសុខសាន្តបានចាកចេញពីគាត់ជារៀងរហូត។ ដោយសារតែកិត្តិយសនៃលោកិយ ដោយសារតែការភ័យខ្លាចបាត់បង់អំណាចនិងជីវិតរបស់ខ្លួនគាត់បានបញ្ជូនព្រះយេស៊ូវទៅឱ្យគេធ្វើគុត។ ឥឡូវនេះ គាត់បានដឹងយ៉ាងច្បាស់ថាគាត់មិនគ្រាន់តែមានទោស ដោយឈាមរបស់មនុស្សគ្មានទោសប៉ុណ្ណោះទេ ប៉ុន្តែគាត់មានទោសដោយសារព្រះរាជបុត្រានៃព្រះតែម្តង។ ជីវិតលោកពីឡាត់ដល់ទីបញ្ចប់ដោយវេទនា។ ការអស់សង្ឃឹមនិងការឈឺចាប់បានបំបែកសេចក្តីសង្ឃឹមនិងសេចក្តីរីករាយឱ្យរលាយសាបសូន។ គាត់មិនបានទទួលការកម្សាន្តចិត្តឡើយ ហើយគាត់បានស្លាប់យ៉ាងវេទនជាទីបំផុត។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូហាន ជំពូក ២០:២៤-៣១
ខចងចាំ៖ តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។ រ៉ូម ៥:៨